ហាកាយ 1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពេលត្រូវសង់ព្រះវិហារឡើងវិញ 1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ: 2 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ 3 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយដូចតទៅ៖ 4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ 5 ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! 6 អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។ 7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! 8 ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ 10 ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។ 11 យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។ 12 ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ 13 លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 14 ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ 15 នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies