គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
អេសាយ 35:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះ មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។ ព្រះគម្ពីរខ្មែរសាកល គ្មានសត្វតោនៅទីនោះ ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។ មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ អាល់គីតាប គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលអុលឡោះបានលោះ មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។ |
គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ! ហើយដឹកនាំពួកគេ ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ នាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់ ដ៏វិសុទ្ធរបស់ព្រះអង្គ។
យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន ឲ្យមានសេរីភាព ហើយសេចក្ដីសុចរិតក៏នឹងរំដោះ ប្រជាជនដែលកែប្រែចិត្តគំនិត ឲ្យមានសេរីភាពដែរ។
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប: ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហ គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ ឲ្យរួចបានឡើយ។
ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ព្រះអង្គបានលោះ ដើរឆ្លងកាត់។
ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ! ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង! ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ ចូរយកដុំថ្មចេញ ហើយលើកទង់សញ្ញាមួយឲ្យ ប្រជាជនទាំងឡាយឃើញ!
គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។
យើងបានគ្រោងទុកថា នឹងដាក់ទោសពួកគេនៅថ្ងៃនេះ ឆ្នាំកំណត់ដែលយើងត្រូវលោះ ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។ កូនចៅយ៉ាកុបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេ យើងនឹងកម្ចាត់សត្វសាហាវចេញឲ្យអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខសាន្តក្នុងវាលរហោស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។
ដើមឈើនៅតាមចម្ការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកម្ចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។
ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា: “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។