វិវរណៈ 5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ក្រាំងដែលមានបិទត្រាប្រាំពីរ និងកូនចៀមរបស់ព្រះជាម្ចាស់ 1 បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ 2 បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ 3 ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះឡើយ។ 4 ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះទេ។ 5 ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សិង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។ 6 បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀម នោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា*រួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់ឲ្យយាងទៅពាសពេញលើផែនដី។ 7 កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក។ 8 កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាសពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន*របស់ប្រជាជនដ៏វិសុទ្ធ*។ 9 គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា: “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ 10 ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ* បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ 11 ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា*យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ត 12 នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ 13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។ 14 បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies