អេសាយ 11:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ អាល់គីតាប ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ អុលឡោះតាអាឡាយ៉ាងនោះដែរ។ |
សូមលើកតម្កើងព្រះនាមដ៏រុងរឿង របស់ព្រះអង្គរហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលព្រះអង្គព្យាបាលគេ ឲ្យជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។
ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់ នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក ហើយការគោរពកោតខ្លាចព្រះអម្ចាស់ ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះ មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។
ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់លោកយ៉ាកុបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង យើងធ្វើឲ្យគេរីករាយនៅក្នុង ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន យើងនឹងទទួលតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក ថ្វាយនៅលើអាសនៈរបស់យើង។ ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
ពេលនោះ ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់ និងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងឲ្យមនុស្សគិតតែអំពីយើង ហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។ យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយនឹងពោលថា: “អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមព្រះអម្ចាស់ប្រទានពរអ្នក!”
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេ យើងនឹងកម្ចាត់សត្វសាហាវចេញឲ្យអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខសាន្តក្នុងវាលរហោស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។
លោកវាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើតត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេកហើយជ្រៅផង។
ស្ដេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។
ចំពោះលោកវិញ លោកដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។
នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដីក៏មានសុទ្ធតែមនុស្សស្គាល់ សិរីរុងរឿងរបស់ព្រះអម្ចាស់យ៉ាងនោះដែរ។
ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ លើផែនដីទាំងមូល។ នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ ព្រះអម្ចាស់តែមួយព្រះអង្គគត់ គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះឡើយ ហើយអ្នកប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហក ក៏ពុំអាចចូលដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។