ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 2:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ព្រះអង្គ​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា​ណាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា "តើ​យើង​បាន​រំខាន​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា "អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ" ឬ​ថា "តើ​សេចក្ដី​យុត្តិ‌ធម៌របស់​ព្រះ​នៅ​ឯ​ណា?"»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​ឲ្យ​ទ្រង់​នឿយ‌ហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ម្ចាស់​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។

សូមមើលជំពូក



ម៉ាឡាគី 2:17
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌ តើ​ព្រះអង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ? តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?


សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!


ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។


ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ បើ​ព្រះអង្គ​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ?


មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។


យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។


អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។


ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។


ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។


អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។


ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។


បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​សុចរិត​ពន់​ពេក​ណាស់ ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ ជា​មួយ​ព្រះអង្គ​បាន​ទេ។ ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ របស់​ព្រះអង្គ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើន ក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?


ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​បាន​បែរ​ខ្នង​ដាក់​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក យើង​បំផ្លាញ​អ្នក​ឲ្យ​វិនាស យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។


ពួក​គេ​ពោល​មក​ទូលបង្គំ​ថា: “តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណា ចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”


ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។


ដោយ​នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​នាង​នៅ​ពី​ក្មេង ហើយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ធ្វើ​ឲ្យ​យើង​ខឹង នោះ​យើង​នឹង​ដាក់​ទោស​នាង​តាម​អំពើ​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ថែម​ពី​លើ​អំពើ​ដ៏​ថោក​ទាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


អ្នក​រាល់​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធា‌ចារ្យ​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។


ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នា ឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្រោម​កង់។


នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះ រុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះ‌អម្ចាស់ មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។


អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ ដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។ នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។


តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!


ព្រះអង្គ​ជា​ថ្ម‌ដា ហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។


កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។