Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេម៉ុស 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេច ស្រុក​អេដុម​ឲ្យ​ទៅ​ជា​ផេះ។

2 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​កេរី‌យ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សម្រែក​ជ្រួល‌ច្របល់ សម្រែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។

3 យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេ ព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​យូដា

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​យូដា​បាន ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល ក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។

5 ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​យេរូ‌សាឡឹម​ផង»។


ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អ៊ីស្រា‌អែល

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។

7 ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង។

8 នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេ ពួក​គេ​ដេក​លើ​សម្លៀក‌បំពាក់​ដែល​អ្នក​ក្រ យក​មក​បញ្ចាំ។ ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យ ទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។

9 រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។

10 យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។

11 យើង​បាន​ធ្វើ​ឲ្យ​ពួក​ព្យាការី​ងើប​ឡើង ពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ឲ្យ​ពួក​ណាសា‌រីត*​ងើប​ឡើង ពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នា តើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រា‌អែល? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត* អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​ឲ្យ ថ្លែង​ពាក្យ​ក្នុង​នាម​យើង

13 ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នា ឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្រោម​កង់។

14 អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំង អ្នក​ចម្បាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។

15 អ្នក​ពូកែ​បាញ់​ធ្នូ​មិន​អាច​តទល់​បាន អ្នក​ពូកែ​រត់​ក៏​រត់​មិន​រួច អ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។

16 នៅ​ថ្ងៃ​នោះ អ្នក​ចម្បាំង​ដ៏​ក្លា‌ហាន​ជាង​គេ នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម