Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


លោក​អេលី‌ហ៊ូវ​ពន្យល់​ពី​របៀប​ដែល​ព្រះ‌ជាម្ចាស់​ប្រៀន‌ប្រដៅ​មនុស្ស​លោក

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖

2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹង ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែង ក្នុង​នាម​ព្រះ‌ជាម្ចាស់។

3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូន ហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​សុចរិត

4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង មិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេ ខ្ញុំ​និយាយ​ជា​មួយ​លោក ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

5 ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម មិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយ ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

6 ព្រះអង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ ហើយ​ព្រះអង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យ ជន​ទុគ៌ត​ជានិច្ច។

7 ព្រះអង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេ នៅ​ស្ថិត‌ស្ថេរ ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

8 ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក

9 គឺ​មក​ពី​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់ អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត នៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរ ប្រឆាំង​នឹង​ព្រះអង្គ។

10 ព្រះអង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ព្រះអង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។

11 ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។

12 ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។

13 មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹង ពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេ នោះ​គេ​មិន​ស្រែក​អង្វរ​ព្រះអង្គ​ឡើយ។

14 គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង គេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។

15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

16 ព្រះអង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើន ហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

17 ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។

18 សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោក រហូត​ដល់​ទៅ​មាក់‌ងាយ​ព្រះអង្គ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​សំណូក​ដ៏​ច្រើន ទាក់‌ទាញ​លោក​ឲ្យ​វង្វេង​ដែរ!

19 ទ្រព្យ‌សម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក ឲ្យ​រួច​ពី​ភាព​អាសន្ន​បាន​ទេ រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។

20 កុំ​ទន្ទឹង​រង់‌ចាំ​រាត្រី​កាល ជា​ពេល​ដែល ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​វិនាស​នោះ​ឡើយ។

21 ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះ ជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។

22 ព្រះ‌ជាម្ចាស់​សម្តែង​ភាព​ឧត្តុង្គ‌ឧត្ដម តាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ តើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះអង្គ?

23 តើ​នរណា​អាច​បញ្ជា​ព្រះអង្គ​អំពី​មាគ៌ា​រស់​នៅ តើ​នរណា​អាច​ពោល​ថា: “ព្រះអង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?

24 ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើង ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ដូច​មនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។

25 មនុស្ស​លោក​ទាំង​អស់​មើល​ឃើញ ស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយ ហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។

26 ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុ របស់​ព្រះអង្គ​បាន​ដែរ។

27 ព្រះអង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នា ជា​ចំហាយ និង​ទឹក​ភ្លៀង។

28 ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព បណ្ដា‌ជន​នៅ​លើ​ផែនដី។

29 តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់ ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍?

30 ព្រះអង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះអង្គ តែ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត នៅ​បាត​សមុទ្រ។

31 ព្រះអង្គ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​ទាំង‌ឡាយ ដោយ​ប្រទាន​ទឹក​ភ្លៀង និង​ផ្ដល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។

32 ព្រះអង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ដ ហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។

33 ព្រះអង្គ​ប្រើ​ផ្គរ‌លាន់ ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្រះអង្គ ពេល​ព្រះអង្គ​យាង​ចូល​មក​ជិត នោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម