ទំនុកតម្កើង 40:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ! ព្រះគម្ពីរខ្មែរសាកល ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ និងខ្វះខាត ព្រះអម្ចាស់នៃទូលបង្គំអើយ សូមយកចិត្តទុកដាក់នឹងទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។ អាល់គីតាប ខ្ញុំជាមនុស្សកំសត់ទុគ៌ត តែអុលឡោះតាអាឡាបានគិតគូរដល់ខ្ញុំ។ ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកកុំបង្អង់ឡើយ! |
ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។
មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
រីឯអស់អ្នកដែលចង់ឃើញ ទូលបង្គំជាមនុស្សគ្មានទោស សូមប្រទានឲ្យគេអាចស្រែកហ៊ោ ដោយអំណរសប្បាយ ហើយសូមឲ្យគេពោលហើយពោលទៀតថា «សូមលើកតម្កើងព្រះអម្ចាស់! ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើរបស់ព្រះអង្គបានជោគជ័យ!»។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះអង្គក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ពាក្យរបស់មនុស្សកម្សត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត សូមប្រោសប្រណីដល់ទូលបង្គំផង! ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត!
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។
ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។
ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា«ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។
បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
ព្រះអង្គដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! ។