ទំនុកតម្កើង 70 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។ 1 ឱព្រះជាម្ចាស់អើយ សូមយាងមករំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! 2 សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់ឱន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! 3 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! 4 រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះជាម្ចាស់!» 5 ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត សូមប្រោសប្រណីដល់ទូលបង្គំផង! ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies