Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 54 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ នៅ​ពេល​ដែល​ជន‌ជាតិ​ស៊ីភ​មក​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។

2 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង

3 ដ្បិត​ជន​បរទេស លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូលបង្គំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ ។ - សម្រាក

4 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ ព្រះ‌អម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។

5 ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ!

6 ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស។

7 ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​បរា‌ជ័យ ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម