ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ទំនុកតម្កើង 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ ព្រះគម្ពីរខ្មែរសាកល ច្បាប់តម្រារបស់ព្រះយេហូវ៉ាទៀងត្រង់ ធ្វើឲ្យចិត្តអរសប្បាយ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាបរិសុទ្ធ ទាំងបំភ្លឺភ្នែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក អាល់គីតាប ឱវាទរបស់អុលឡោះតាអាឡាសុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់អុលឡោះតាអាឡា ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ |
ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
រីឯបញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យវិន័យ និងបទបញ្ជាដែលព្រះអង្គបានចែងទុកសម្រាប់អ្នករាល់គ្នានោះ ត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឲ្យស្ដាប់។
ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗ មកឲ្យពួកគេ។
ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ និងធ្វើតាមវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!
ស្នាព្រះហស្ដដែលព្រះអង្គធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ព្រះឱវាទរបស់ព្រះអង្គ គួរឲ្យជឿទុកចិត្តទាំងស្រុង។
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ!
ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។
ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។
ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង ។
សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ* គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត ក្នុងឡប្រាំពីរដងទៅទៀត។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ
ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច ។
ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យ របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។
នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ច្បាប់ និងក្រឹត្យវិន័យ*របស់ព្រះជាម្ចាស់»។
មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។
ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំ ពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។
យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ដូច្នេះ តើយើងគិតដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? ទេ មិនមែនទេ។ ប៉ុន្តែ ប្រសិនបើគ្មានក្រឹត្យវិន័យទេនោះ ខ្ញុំក៏មិនដឹងថា បាបជាអ្វីដែរ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។
ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត
ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន
ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមព្រះអង្គ។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។