Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 105 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អម្ចាស់

1 ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា!

2 ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!

3 ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!

4 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឥត​ឈប់‌ឈរ​ឡើយ!

5 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។

6 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ

7 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8 ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ

9 ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក

10 ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ជា​មួយ​លោក​អ៊ីស្រា‌អែល។

11 គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

13 គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

14 ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ សង្កត់‌សង្កិន​គេ​ទេ ដើម្បី​ការ‌ពារ​ពួក​គេ ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

16 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ

17 ព្រះអង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។

18 គេ​ដាក់​ខ្នោះ​ជើង​លោក ហើយ​ដាក់​ច្រវាក់​ក​លោក

19 រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។

20 ស្ដេច​ស្រុក​អេស៊ីប ដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានា បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណង ដោះ​លែង​លោក។

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យ ត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំង ព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវ លើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

22 ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

24 ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

25 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះអង្គ។

26 ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​លោក​អើរ៉ុន ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។

27 លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។

28 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ​បាន​ឡើយ។

29 ព្រះអង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម ព្រះអង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។

30 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង មក​ពេញ​ក្នុង​ស្រុក គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។

31 ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។

32 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ ចុះ​មក​ជំនួស​ភ្លៀង ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។

33 ព្រះអង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ដំណាំ​របស់​គេ ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។

34 ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្ដូប និង​ក្រា ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា

35 ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។

36 បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។

37 បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។

38 ពេល​ពួក​គេ​ចាក​ចេញ​ទៅ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត ដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។

39 ព្រះអង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។

40 ពួក​គេ​សុំ​អាហារ ព្រះអង្គ​ប្រទាន​សត្វ​ក្រួច និង​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។

41 ព្រះអង្គ​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។

42 ព្រះអង្គ​នឹក​ដល់​ព្រះ‌បន្ទូល​ដ៏វិសុទ្ធ ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។

43 ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​មក​ដោយ​អំណរ​សប្បាយ ព្រះអង្គ​បាន​នាំ​ប្រជា‌ជន​ដែល​ទ្រង់ បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។

44 ព្រះអង្គ​បាន​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា មក​ចែក​ឲ្យ​ពួក​គេ ព្រម​ទាំង​ឲ្យ​ពួក​គេ​ទទួល​ភោគ‌ផល ដែល​ប្រជា‌ជាតិ​ទាំង​នោះ​បាន​ដាំ

45 ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ និង​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ។ ហាលេ‌លូយ៉ា!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម