Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ប្រាជ្ញា​ការពារ​មនុស្ស​ពី​អំពើ​អាក្រក់

1 កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ

2 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។

3 ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។

4 ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។

5 ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។

6 មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។

7 ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។

8 ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។

9 ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។

10 ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។

11 ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន

12 មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិល‌ខូច

13 ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់ ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។

14 ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។

15 អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរ មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។

16 ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែម របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន

17 គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។

18 អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ រមែង​បណ្ដាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់ និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។

19 ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។

20 ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ និង​យក​តម្រាប់​តាម​មនុស្ស​សុចរិត

21 ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​មនុស្ស​ឥត​កំហុស នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

22 រីឯ​មនុស្ស​ពាល​វិញ ព្រះ‌ជាម្ចាស់​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម