អេសាយ 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។ អាល់គីតាប នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។ |
យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះ ហើយនឹងលើកទង់ជ័យឡើង ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ សូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំង សេចក្ដីសំណូមរបស់ព្រះករុណាផង។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច នឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ ហើយនឹងរីករាយសប្បាយជាខ្លាំង ចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ
ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។
ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដី សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំទ្រង់ សូមទ្រង់ការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ
ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង
ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្ដីអំណរ នឹងបទចំរៀងផង គេនឹងលើកសេចក្ដីសរសើរពីលំអនៃព្រៃល្បាណូនផ្ទេរទៅឲ្យដល់សមុទ្រខ្សាច់វិញ ព្រមទាំងសេចក្ដីរុងរឿងនៃភ្នំកើមែល នឹងវាលសារ៉ុនផង គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា។
ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ។
ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ ព្រះនៃអ្នករាល់គ្នា
ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលព្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ នឹងមានសេចក្ដីអំណរ នឹងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ នឹងសំឡេងពីរំពីរោះផង។
ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ
ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ
ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានសេចក្ដីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់
មួយសោតទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ឯការដែលសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនធុញទ្រាន់ដល់ខ្ញុំទេ តែជាការមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ
ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនិងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ
ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ
មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។
ព្រះអង្គ ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានបន្ទូលថា អើ អញមកជាឆាប់។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។