ទំនុកតម្កើង 20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។ 1 សូមឲ្យព្រះយេហូវ៉ាមានបន្ទូលឆ្លើយដល់ ព្រះករុណា នៅថ្ងៃមានចលាចល សូមឲ្យព្រះនាមនៃព្រះរបស់យ៉ាកុប បានតាំងទ្រង់ឡើងនៅលើទីខ្ពស់ 2 ព្រមទាំងចាត់សេចក្ដីជំនួយពីទីបរិសុទ្ធមកជួយទ្រង់ ហើយចំរើនកំឡាំងទ្រង់ពីក្រុងស៊ីយ៉ូនមក 3 ទាំងនឹកចាំពីបណ្តាដង្វាយរបស់ទ្រង់ ហើយទទួលយញ្ញបូជារបស់ទ្រង់ផង។ –បង្អង់ 4 ៙ សូមឲ្យព្រះបានប្រោសដល់ទ្រង់តាមបំណងព្រះទ័យ ហើយធ្វើសំរេចតាមគ្រប់ទាំងគំនិតរបស់ព្រះករុណា 5 យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះ ហើយនឹងលើកទង់ជ័យឡើង ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ សូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំង សេចក្ដីសំណូមរបស់ព្រះករុណាផង។ 6 ៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយ សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់នឹងមានបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់ ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ 7 អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ 8 ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះ តែយើងខ្ញុំបានក្រោកឈរត្រង់ឡើង 9 ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផង សូមឲ្យមហាក្សត្របានមានបន្ទូលឆ្លើយ ក្នុងកាលដែល យើងខ្ញុំអំពាវនាវរកទ្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia