ទំនុកតម្កើង 95 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង 2 ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ ចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះ 3 ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ 4 អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ 5 សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក 6 មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ 7 ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់ នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ 8 នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ 9 ជាគ្រាដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ 10 អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ ហើយក៏ថា នេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេង ឥតដែលស្គាល់ផ្លូវរបស់អញឡើយ 11 ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថា វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសំរាក របស់អញឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia