ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ទំនុកតម្កើង 119:21 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានស្ដីបន្ទោសមនុស្សក្អេងក្អាងដែលត្រូវបណ្ដាសា គឺមនុស្សដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបន្ទោសមនុស្សព្រហើន ជាពួកអ្នកដែលត្រូវបណ្ដាសា ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ ដែលត្រូវបណ្តាសាហើយ ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ អាល់គីតាប ទ្រង់គំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ទ្រង់។ |
ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីច្បាប់តម្រារបស់ព្រះអង្គឡើយ។
ព្រះអង្គមើលងាយអស់អ្នកដែលវង្វេងចេញពីបទបញ្ញត្តិរបស់ព្រះអង្គ ដ្បិតការបោកបញ្ឆោតរបស់ពួកគេ គឺឥតប្រយោជន៍។
សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។
ថ្វីត្បិតតែព្រះយេហូវ៉ាទ្រង់ខ្ពស់បំផុតក៏ដោយ ប៉ុន្តែព្រះអង្គទតមើលមនុស្សតូចទាប; រីឯមនុស្សដែលលើកខ្លួនឡើង ព្រះអង្គទ្រង់ស្គាល់គេពីចម្ងាយ។
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
តើនរណាបានប្រគល់យ៉ាកុបឲ្យទៅជាជ័យភណ្ឌ ហើយប្រគល់អ៊ីស្រាអែលទៅពួកអ្នករឹបជាន់? តើមិនមែនព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ ក៏មិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ?
ដូច្នេះ យើងបានបន្ទាបបន្ថោកពួកមេដឹកនាំនៃទីវិសុទ្ធ ហើយបានប្រគល់យ៉ាកុបទៅការញែកចេញបំផ្លាញ ក៏បានប្រគល់អ៊ីស្រាអែលទៅការត្មះតិះដៀល”៕
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ព្រះគ្រីស្ទបានប្រោសលោះយើងពីបណ្ដាសានៃក្រឹត្យវិន័យ ដោយព្រះអង្គត្រូវបណ្ដាសាជំនួសយើង ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលត្រូវបានព្យួរនៅលើឈើ ត្រូវបណ្ដាសាហើយ”។
យ៉ាងណាមិញ ព្រះអង្គបានប្រទានព្រះគុណដ៏ធំជាង ដូច្នេះមានចែងថា: “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។