ដានីយ៉ែល 11:30 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនាវាចម្បាំងនៃគីទីមនឹងមកទាស់នឹងទ្រង់ នោះទ្រង់នឹងបាក់ទឹកចិត្ត ហើយត្រឡប់ទៅវិញ។ ពេលនោះ ទ្រង់នឹងខ្ញាល់នឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយចាត់វិធានការ។ នៅពេលត្រឡប់ទៅវិញ ទ្រង់នឹងយកចិត្តទុកដាក់នឹងពួកអ្នកដែលបោះបង់ចោលសម្ពន្ធមេត្រីដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមាននាវាពីស្រុកគីទីមមកទាស់នឹងស្ដេច ធ្វើឲ្យស្ដេចធ្លាក់ចិត្ត ហើយដកថយ ស្ដេចនឹងក្រេវក្រោធជាខ្លាំង រួចសម្ដែងកំហឹងទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ស្ដេចនឹងត្រឡប់មកវិញ ហើយរួមគំនិតជាមួយអស់អ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម នឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ អាល់គីតាប គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខឹងជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ |
នេះជាទំនាយស្ដីអំពីទីរ៉ុស: សំពៅតើស៊ីសអើយ ចូរទ្រហោយំ! ដ្បិតទីរ៉ុសត្រូវបានបំផ្លាញ រហូតដល់លែងមានផ្ទះ លែងមានកំពង់ផែ។ ការនេះត្រូវបានបើកសម្ដែងដល់គេពីដែនដីគីទីម។
ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។
ស្ដេចនៃទិសខាងជើងនឹងត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ ជាមួយទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែព្រះទ័យរបស់ទ្រង់ប្រឆាំងនឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយទ្រង់នឹងចាត់វិធានការ រួចត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ។
“លុះដល់ពេលកំណត់ ទ្រង់នឹងត្រឡប់មកវិញ ហើយឈ្លានពានស្រុកខាងត្បូង ប៉ុន្តែលើកក្រោយនេះ មិនដូចលើកមុនទេ។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
ពេលនោះ មនុស្សជាច្រើននឹងត្រូវបានធ្វើឲ្យជំពប់ដួល ពួកគេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក;
ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។