អេសាយ 23 - ព្រះគម្ពីរខ្មែរសាកលទំនាយទាស់នឹងទីរ៉ុស 1 នេះជាទំនាយស្ដីអំពីទីរ៉ុស: សំពៅតើស៊ីសអើយ ចូរទ្រហោយំ! ដ្បិតទីរ៉ុសត្រូវបានបំផ្លាញ រហូតដល់លែងមានផ្ទះ លែងមានកំពង់ផែ។ ការនេះត្រូវបានបើកសម្ដែងដល់គេពីដែនដីគីទីម។ 2 ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរស្ងៀមចុះ! ពួកឈ្មួញនៃស៊ីដូនដែលឆ្លងសមុទ្រ បានចម្អែតនាងហើយ។ 3 ចំណូលរបស់នាងនៅលើទឹកដ៏ច្រើន គឺភោគផលពីស៊ីហោរ ជាចម្រូតនៃទន្លេនីល។ ទីរ៉ុសជាកន្លែងជួញដូរដល់ប្រជាជាតិនានា។ 4 ស៊ីដូនអើយ ចូរអាម៉ាស់មុខចុះ! ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានពោលថា៖ “យើងមិនបានឈឺពោះឆ្លងទន្លេ ហើយមិនបានសម្រាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬបីបាច់ថែរក្សាស្រីក្រមុំដែរ”។ 5 កាលណាដំណឹងនេះទៅដល់អេហ្ស៊ីប គេនឹងឈឺចាប់ដោយសារតែដំណឹងអំពីទីរ៉ុស។ 6 ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ! ចូរឆ្លងទៅតើស៊ីសទៅ! 7 តើនេះជាទីក្រុងរីករាយរបស់អ្នករាល់គ្នា ដែលមានប្រភពដើមតាំងពីគ្រាបុរាណមក ដែលជើងរបស់នាងបាននាំនាងទៅរស់នៅស្រុកឆ្ងាយឬ? 8 តើនរណាបានគ្រោងការនេះទាស់នឹងទីរ៉ុស ជាទីក្រុងដែលធ្លាប់បំពាក់មកុដឲ្យគេ ដែលពួកឈ្មួញរបស់នាងជាមេដឹកនាំ ដែលពួកអ្នកជំនួញរបស់នាងជាអ្នកមានយសស័ក្ដិនៅលើផែនដី? 9 គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលគ្រោងការនេះ ដើម្បីបន្ទាបបន្ថោកអំនួតរបស់អស់ទាំងភាពរុងរឿង ដើម្បីបន្ទាបបន្ថោកអស់ទាំងអ្នកមានយសស័ក្ដិនៅលើផែនដី។ 10 កូនស្រីតើស៊ីសអើយ ចូរឆ្លងទឹកដីរបស់នាងដូចជាទន្លេនីលចុះ គ្មានការឃាត់ឃាំងនាងទៀតឡើយ។ 11 ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។ ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។ 12 ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។ 13 មើល៍! ទឹកដីរបស់ជនជាតិខាល់ដេ! ប្រជាជននៃទឹកដីនោះលែងមានទៀតហើយ។ ជនជាតិអាស្ស៊ីរីបានកំណត់ទឹកដីនោះសម្រាប់សត្វព្រៃនៅទីរហោស្ថាន; ពួកគេបានដំឡើងប៉មរបស់ខ្លួន ហើយកម្ទេចបន្ទាយរបស់ទឹកដីនោះ ព្រមទាំងធ្វើឲ្យទឹកដីនោះទៅជាទីបាក់បែកផង។ 14 សំពៅតើស៊ីសអើយ ចូរទ្រហោយំ! ដ្បិតបន្ទាយរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញហើយ។ 15 នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖ 16 “ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង ហើយដេញឲ្យពីរោះចុះ ព្រមទាំងច្រៀងចម្រៀងច្រើនបទ ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។ 17 លុះផុតចិតសិបឆ្នាំ ព្រះយេហូវ៉ានឹងប្រោសប្រណីដល់ទីរ៉ុស នោះនាងនឹងត្រឡប់ទៅរកប្រាក់ឈ្នួលរបស់ខ្លួនវិញ ហើយធ្វើជំនួញជាមួយអស់ទាំងអាណាចក្រនៃពិភពលោក នៅលើផ្ទៃផែនដី។ 18 កម្រៃរបស់នាង និងប្រាក់ឈ្នួលរបស់នាង នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ា។ គេនឹងមិនសន្សំទុក ក៏មិនប្រមូលទុកទៀតទេ ដ្បិតកម្រៃរបស់នាងនឹងបានសម្រាប់អ្នកដែលរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានហូបឆ្អែត និងបានសម្រាប់សម្លៀកបំពាក់យ៉ាងល្អ៕ |