ពិធីចាក់ប្រេងអភិសេកយេហ៊ូវជាស្តេច1 គ្រានោះ ហោរាអេលីសេហៅម្នាក់ក្នុងពួកហោរាមកប្រាប់ថា៖ «ចូរក្រវាត់ចង្កេះ យកដបប្រេងនេះកាន់នៅដៃ ទៅក្រុងរ៉ាម៉ូត-កាឡាតចុះ 2 ពេលទៅដល់ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោកឲ្យចេញពីពួកបងប្អូនលោក នាំទៅបន្ទប់ខាងក្នុង 3 រួចយកប្រេងនេះចាក់លើក្បាលលោក ដោយជម្រាបថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងបានចាក់ប្រេងតាំងអ្នកឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល" រួចហើយចូរអ្នកបើកទ្វាររត់ទៅ កុំបង្អង់ឡើយ»។ 4 ដូច្នេះ មនុស្សកំលោះ ជាអ្នកបម្រើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាត។ 5 ពេលគាត់ទៅដល់ ឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជម្រាបថា៖ «លោកមេទ័ពអើយ ខ្ញុំមានការមួយចង់ជម្រាបលោក!» រួចយេហ៊ូវសួរថា៖ «តើអ្នកណាក្នុងពួកយើងនេះ?» គាត់ឆ្លើយថា៖ «លោកមេទ័ពអើយ គឺលោកហ្នឹងហើយ»។ 6 ដូច្នេះ យេហ៊ូវ ក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោក ជម្រាបថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "យើងបានចាក់ប្រេងតាំងអ្នកជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ 7 ត្រូវប្រហារជំនួសវង្សរបស់ព្រះបាទអ័ហាប់ ជាចៅហ្វាយរបស់អ្នកទៅ ប្រយោជន៍ឲ្យយើងបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបម្រើរបស់យើង និងឈាមរបស់ពួកអ្នកបម្រើរបស់យើងទាំងអស់ដែរ។ 8 ដ្បិតជំនួរវង្សរបស់ព្រះបាទអ័ហាប់ត្រូវវិនាសទៅអស់រលីង ហើយយើងនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីព្រះបាទអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង។ 9 យើងនឹងធ្វើឲ្យជំនួរវង្សព្រះបាទអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ ។ 10 ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់មួយក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ"» រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។ 11 ពេលលោកយេហ៊ូវត្រឡប់មកជួបពួកមេទ័ពរបស់ចៅហ្វាយលោកវិញ មានម្នាក់សួរថា៖ «តើកិច្ចការទាំងអស់ល្អឬទេ? ហេតុអ្វីមនុស្សចម្កួតនេះមករកលោក?» លោកយេហ៊ូវឆ្លើយថា៖ «អស់លោកស្គាល់អ្នកនេះ និងរឿងរបស់គេហើយ»។ 12 ប៉ុន្តែ ពួកគេឆ្លើយឡើងថា៖ «មិនពិតទេ សូមប្រាប់យើងឲ្យត្រង់មក»។ លោកក៏ប្រាប់ថា៖ «អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងបានចាក់ប្រេងតាំងឯងជាស្តេចលើស្រុកអ៊ីស្រាអែលហើយ"»។ 13 ដូច្នេះ គេក៏ប្រញាប់ប្រញាល់យកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើរ រួចផ្លុំត្រែឡើងថា៖ «យេហ៊ូវជាស្តេច»។ ព្រះបាទយ៉ូរ៉ាមត្រូវគេធ្វើសុគត14 លោកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកគិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ ព្រះបាទយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន កំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី 15 តែព្រះបាទយ៉ូរ៉ាមបានវិលទៅឯយេសរាល ព្យាបាលរបួស ដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ។ យេហ៊ូវពោលថា៖ «បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ»។ 16 យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតព្រះបាទយ៉ូរ៉ាមផ្ទំប្រឈួននៅទីនោះ ហើយព្រះបាទអ័ហាស៊ីយ៉ាជាស្តេចយូដា បានយាងចុះមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។ 17 មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកអ្នកខាងព្រះបាទយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា៖ «ខ្ញុំឃើញមនុស្សមួយពួកមក»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា "តើមកដោយមេត្រីឬ?"»។ 18 ដូច្នេះ ទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេ ប្រាប់ថា៖ «ស្ដេចមានរាជឱង្ការសួរដូច្នេះថា "តើមកដោយមេត្រីឬ?"» តែព្រះបាទយេហ៊ូវតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ អ្នកចាំយាមក៏ប្រាប់ថា៖ «អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែគាត់មិនត្រឡប់មកវិញសោះ»។ 19 បន្ទាប់មក ទ្រង់ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់ប្រាប់គេថា៖ «ស្ដេចមានរាជឱង្ការសួរថា "តើមកដោយមេត្រីឬ?"» ហើយព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ 20 អ្នកចាំយាមប្រាប់ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនឃើញមកវិញសោះ មើលទៅអ្នកបរទេះដូចជាព្រះបាទយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿន»។ 21 ព្រះបាទយ៉ូរ៉ាមបង្គាប់ថា៖ «ចូររៀបចំ» គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចព្រះបាទយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថមួយរៀងអង្គ ចេញទៅជួបនឹងព្រះបាទយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល។ 22 ពេលព្រះបាទយ៉ូរ៉ាមឃើញព្រះបាទយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ?» ព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើមានមេត្រីម្ដេចបាន បើនៅមានអំពើផិតក្បត់ និងមន្តអាគមរបស់យេសិបិល ជាមាតារបស់ព្រះអង្គយ៉ាងច្រើនដូចនេះ?»។ 23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយមានរាជឱង្ការទៅអ័ហាស៊ីយ៉ាថា៖ «អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ»។ 24 ព្រះបាទយេហ៊ូវក៏យឹតធ្នូពេញកម្លាំង បាញ់ទៅត្រូវចំកណ្ដាលខ្នងព្រះបាទយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូង ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះនៅក្នុងរាជរថ។ 25 ព្រះបាទយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា៖ «ចូរលើកសពបោះចោលទៅក្នុងចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមព្រះបាទអ័ហាប់ជាបិតារបស់យ៉ូរ៉ាម ព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីនេះចំលើរូបទ្រង់ថា 26 "ប្រាកដមែន ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសគាត់។ ដូច្នេះ យើងនឹងសងឯងនៅក្នុងចម្ការនេះឯង" នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូច្នេះ ចូរលើកសពបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ»។ ព្រះបាទអ័ហាស៊ីយ៉ា ស្តេចស្រុកយូដា សោយទិវង្គត27 ពេលព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដាបានឃើញការដូច្នោះ ទ្រង់ក៏រត់ទៅតាម តែព្រះបាទយេហ៊ូវដេញតាមដោយបង្គាប់គេថា៖ «ចូរវាយសម្លាប់វានៅលើរទេះតែម្តងទៅ» ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។ 28 ពួកអ្នកបម្រើរបស់ទ្រង់ ក៏ដឹកសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូរបស់ទ្រង់ នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងក្រុងដាវីឌទៅ។ 29 ឯព្រះបាទអ័ហាស៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់។ ព្រះនាងយេសិបិលសោយទិវង្គត30 ពេលព្រះបាទយេហ៊ូវទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក 31 កាលព្រះបាទយេហ៊ូវកំពុងចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា៖ «តើមានសន្តិភាពទេ ស៊ីមរី ជាអ្នកសម្លាប់ចៅហ្វាយខ្លួនអើយ?» 32 លោកក៏ងើបមើលទៅបង្អួចសួរថា៖ «តើអ្នកណានៅខាងយើង? តើអ្នកណាខ្លះ?» ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក។ 33 ដូច្នេះ លោកបង្គាប់គេថា៖ «ចូរបោះនាងចុះមក» ដូច្នេះ គេក៏បោះទម្លាក់យេសិបិលចុះមក ហើយឈាមក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង និងសេះ រួចលោកឲ្យសេះជាន់ឈ្លី។ 34 បន្ទាប់មក លោកបានចូលទៅបរិភោគភោជនាហារ រួចហើយក៏បង្គាប់ថា៖ «ចូរទៅមើលស្ត្រីដែលត្រូវបណ្ដាសានោះ ហើយកប់នាងទៅ ដ្បិតនាងជាបុត្រស្តេចដែរ»។ 35 ប៉ុន្តែ ពេលគេក៏ទៅបញ្ចុះសពនាង គេឃើញតែលលាដ៏ក្បាល ប្រអប់ជើង និងបាតដៃប៉ុណ្ណោះ។ 36 ពេលគេត្រឡប់មកវិញ ជម្រាបដល់លោក ហើយលោកមានប្រសាសន៍ថា៖ «នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូល ដោយសារលោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបម្រើរបស់ទ្រង់ថា "ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល 37 ហើយសពរបស់យេសិបិលនឹងក្លាយជាជីនៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ"»។ |
© 2016 United Bible Societies
Bible Society in Cambodia