ប្រជាជនអ៊ីស្រាអែលមិនបានកាន់កាប់ទឹកដីកាណានទាំងស្រុងឡើយ1 ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?» 2 ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវឲ្យពួកយូដាឡើងទៅ មើល៍ យើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់គេហើយ»។ 3 ពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា «សូមឡើងទៅជាមួយយើងខ្ញុំ ទៅឯទឹកដីដែលជាចំណែករបស់យើងខ្ញុំ ដើម្បីច្បាំងនឹងសាសន៍កាណាន។ បន្ទាប់មក យើងខ្ញុំនឹងទៅឯទឹកដីដែលជាចំណែករបស់បងប្អូន ជាមួយបងប្អូនដែរ»។ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ។ 4 បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។ 5 គេបានឃើញអ័ដូនី-បេសេកនៅក្រុងបេសេក រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង។ 6 ឯអ័ដូនី-បេសេកបានរត់ចេញ តែគេដេញតាម ហើយក៏ចាប់បាន រួចកាត់មេដៃ និងមេជើងរបស់លោក។ 7 អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។ 8 ពេលនោះ ប្រជាជនយូដាច្បាំងនឹងក្រុងយេរូសាឡិម ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយដុតទីក្រុងនោះចោល។ 9 ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។ 10 ពួកយូដាច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុន (រីឯក្រុងហេប្រុននោះកាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេសម្លាប់ពួកសេសាយ ពួកអ័ហ៊ីម៉ាន និងពួកតាលម៉ាយដែរ។ 11 ពីទីនោះ គេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)។ 12 គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ »។ 13 ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនលោកកាលែប បានទៅវាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសាឲ្យទៅធ្វើជាប្រពន្ធរបស់គាត់។ 14 កាលនាងបានទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្តីឲ្យសូមដីពីឪពុក។ កាលលោតចុះពីលើខ្នងលាដែលនាងជិះ លោកកាលែបសួរថា៖ «តើកូនមានការអ្វី?» 15 នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។ 16 ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។ 17 ពួកយូដាចេញទៅជាមួយពួកស៊ីម្មានជាបងប្អូន ហើយគេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ។ ដូច្នេះ គេក៏ហៅទីក្រុងនោះថា ហោម៉ា ។ 18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងទឹកដីដែលនៅជុំវិញ និងអាសកាឡូន ព្រមទាំងទឹកដីដែលនៅជុំវិញ និងអេក្រុន ព្រមទាំងទឹកដីដែលនៅជុំវិញ។ 19 ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។ 20 គេក៏ឲ្យក្រុងហេប្រុនដល់លោកកាលែប ដូចលោកម៉ូសេបានបង្គាប់មក ហើយលោកក៏បណ្តេញពួកកូនអ័ណាក់ទាំងបីនាក់ចេញ ពីក្រុងនោះ។ 21 រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។ 22 ពូជពង្សរបស់លោកយ៉ូសែប ក៏ឡើងទៅទាស់នឹងក្រុងបេត-អែល ហើយព្រះយេហូវ៉ាគង់ជាមួយពួកគេ។ 23 ពួកគេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែល (រីឯទីក្រុងនោះពីដើមហៅថា «លូស»)។ 24 ពេលពួកឈ្លបឃើញបុរសម្នាក់ចេញពីទីក្រុងមក គេក៏សួរថា៖ «សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង យើងនឹងប្រោសប្រណីដល់អ្នក»។ 25 បុរសនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងបុរសនោះ ព្រមទាំងគ្រួសាររបស់គាត់ទាំងមូលឲ្យចាកចេញដោយសុខសាន្ត។ 26 បុរសនោះក៏ទៅសង់ទីក្រុងមួយនៅស្រុកសាសន៍ហេត រួចដាក់ឈ្មោះក្រុងនោះថា «លូស»។ ឈ្មោះនោះក៏នៅរហូតដល់សព្វថ្ងៃ។ 27 ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ 28 កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។ 29 ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។ 30 ពួកសាប់យូឡូនក៏មិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញដែរ គឺពួកសាសន៍កាណានរស់នៅក្នុងចំណោមពួកគេ ហើយត្រូវបង្ខំឲ្យធ្វើការជាទម្ងន់។ 31 ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ 32 គឺពួកអេស៊ើររស់នៅក្នុងចំណោមសាសន៍កាណាន ដែលនៅស្រុកនោះ ដ្បិតគេមិនបានបណ្តេញសាសន៍ទាំងនោះចេញទេ។ 33 ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។ 34 ពួកសាសន៍អាម៉ូរីបានជម្រុញពួកកូនចៅដាន់ឲ្យទៅរស់នៅស្រុកភ្នំ គឺមិនព្រមបើកឲ្យពួកគេចុះមករស់នៅវាលច្រកភ្នំឡើយ។ 35 ពួកសាសន៍អាម៉ូរីបានតាំងចិត្តរស់នៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងដៃត្រួតត្រាលើពួកគេ នោះគេក៏បង្ខំឲ្យធ្វើការជាទម្ងន់។ 36 ព្រំដែនរបស់សាសន៍អាម៉ូរីលាតសន្ធឹងចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺចាប់ពីថ្មដាឡើងទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia