មហាក្សត្រិយានីស្រុកសេបាមកជួបណាពីស៊ូឡៃម៉ាន1 មហាក្សត្រិយានីស្រុកសេបា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ស្តេចស៊ូឡៃម៉ាន។ ដូច្នេះនាងក៏មកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ស្តេចស៊ូឡៃម៉ាន ដោយចោទសួរជាប្រស្នាផ្សេងៗ។ នាងមកដល់ ដោយមានអ្នកបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើន ដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ នាងចូលជួបស្តេចស៊ូឡៃម៉ាន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលនាងបានរិះគិតទុកជាមុន។ 2 ស្តេចស៊ូឡៃម៉ានឆ្លើយនឹងសំនួរទាំងប៉ុន្មានរបស់នាង គ្មានសំនួរណាមួយដែលស្តេចឆ្លើយពុំរួចនោះឡើយ។ 3 មហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ស្តេចស៊ូឡៃម៉ាន ឃើញវាំងដែលស្តេចបានសង់ 4 ឃើញម្ហូបអាហាររបស់ស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រីរបៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញគូរបានដុត ដែលស្តេចធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ 5 «ពាក្យទាំងប៉ុន្មានដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេច ពិតជាត្រឹមត្រូវមែន! 6 មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះខ្ញុំយល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំ អំពីប្រាជ្ញាដ៏ឧត្តុង្គឧត្តមរបស់ស្តេច ត្រឹមត្រូវតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ 7 ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេច ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយស្តេច ហើយឮពាក្យសំដីពោរពេញដោយប្រាជ្ញារបស់ស្តេច។ 8 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេចឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ហើយពេញចិត្តឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។ 9 មហាក្សត្រិយានីស្រុកសេបា យកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះ មកជូនស្តេចស៊ូឡៃម៉ាន ដូចមហាក្សត្រិយានីស្រុកសេបាឡើយ។ 10 ពួកអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម និងពួកអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ 11 ស្តេចស៊ូឡៃម៉ានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្តារក្រាលច្រកចូលដំណាក់របស់អុលឡោះតាអាឡា និងវាំងស្តេច ព្រមទាំងពិណ និងឃឹមសម្រាប់ក្រុមចំរៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។ 12 រីឯស្តេចស៊ូឡៃម៉ានវិញ អ្វីៗដែលមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូមស្តេចប្រគល់ឲ្យទាំងអស់។ ស្តេចស៊ូឡៃម៉ានជូនរបស់ទៅនាង លើសពីអ្វីៗដែលនាងបានយកមកជូនស្តេចទៅទៀត។ បន្ទាប់មក មហាក្សត្រិយានី និងអ្នកបម្រើវិលត្រឡប់ទៅស្រុកសេបាវិញ។ រាជ្យទ្រព្យរបស់ណាពីស៊ូឡៃម៉ាន13 ក្នុងមួយឆ្នាំៗស្តេចស៊ូឡៃម៉ានទទួលមាសទម្ងន់ម្ភៃបីតោន។ 14 លើសពីនោះមានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្តេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងពួកទេសាភិបាល នាំយកមកជូនស្តេចស៊ូឡៃម៉ាន។ 15 ស្តេចស៊ូឡៃម៉ានឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗ មានទម្ងន់ប្រាំមួយគីឡូក្រាម 16 ខែលតូចៗពីមាស ចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយស្តេចយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ 17 ស្តេចស៊ូឡៃម៉ានធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក ស្រោបមាសសុទ្ធ។ 18 បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្តើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ 19 មានរូបចម្លាក់សិង្ហដប់ពីរទៀត ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះដែរ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។ 20 រីឯពែងទាំងប៉ុន្មានរបស់ស្តេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ “ព្រៃស្រុកលីបង់” ក៏ធ្វើពីមាសសុទ្ធទាំងអស់ គេពុំធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលរបស់ស្តេចស៊ូឡៃម៉ាន ប្រាក់គ្មានតម្លៃឡើយ។ 21 ស្តេចស៊ូឡៃម៉ានមានសំពៅ សម្រាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្តងសំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។ 22 ស្តេចស៊ូឡៃម៉ានមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសពីស្តេចទាំងប៉ុន្មាននៅលើផែនដី។ 23 ស្តេចទាំងឡាយតែងតែចង់ចូលជួបស្តេចស៊ូឡៃម៉ាន ដើម្បីស្តាប់ពាក្យសំដីប្រកបដោយប្រាជ្ញាដែលអុលឡោះប្រទានមកគាត់។ 24 រៀងរាល់ឆ្នាំស្តេចទាំងនោះតែងតែនាំយកជំនូនមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។ 25 ស្តេចស៊ូឡៃម៉ានមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចំបាំង ហើយសេះ ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។ 26 ស្តេចស៊ូឡៃម៉ានត្រួតត្រាលើស្តេចទាំងអស់ ចាប់ពីទន្លេអឺប្រាត រហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប។ 27 ស្តេចបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដុះនៅតាមវាលទំនាប។ 28 គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកជូនស្តេចស៊ូឡៃម៉ាន។ ណាពីស៊ូឡៃម៉ានស្លាប់29 កិច្ចការផ្សេងទៀតរបស់ស្តេចស៊ូឡៃម៉ាន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ណាពីណាថាន» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាអ្នកទាយ» ស្តីអំពីស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្តេចស្រុកអ៊ីស្រអែល។ 30 ស្តេចស៊ូឡៃម៉ានសោយរាជ្យលើប្រជាជនអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹម អស់រយៈពេលសែសិបឆ្នាំ។ 31 កាលស្តេចស៊ូឡៃម៉ានស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ជាឪពុក។ ស្តេចរេហូបោម ជាកូនបានឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies