២ របាក្សត្រ 8 - អាល់គីតាបស្នាដៃផ្សេងៗទៀតរបស់ណាពីស៊ូឡៃម៉ាន 1 ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។ 2 គាត់សង់ក្រុងទាំងប៉ុន្មានដែលស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានជូននោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រអែលទៅរស់នៅ។ 3 ស្តេចស៊ូឡៃម៉ានលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ 4 គាត់ក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។ 5 គាត់បានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូន ខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។ 6 គាត់ក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មានដែលគាត់ទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ ដែលគាត់ពេញចិត្ត នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលគាត់គ្រប់គ្រង។ 7 ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រអែលទេ។ 8 កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ឲ្យធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។ 9 ស្តេចស៊ូឡៃម៉ានពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រអែលធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចំបាំង និងកងពលសេះ។ 10 ស្តេចស៊ូឡៃម៉ានបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ 11 ស្តេចស៊ូឡៃម៉ានបាននាំបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលគាត់បានសង់ជូននាង ដ្បិតស្តេចមានគំនិតថា៖ «ប្រពន្ធរបស់យើងពុំអាចនៅក្នុងដំណាក់របស់ទត ជាស្តេចនៃជនជាតិអ៊ីស្រអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡាជាកន្លែងដ៏វិសុទ្ធ»។ 12 គ្រានោះស្តេចស៊ូឡៃម៉ានបានធ្វើគូរបានដុតចំពោះអុលឡោះតាអាឡា នៅលើអាសនៈដែលគាត់សង់នៅមុខទីសក្ការៈ 13 គឺជំនូនប្រចាំថ្ងៃ ជំនូនសម្រាប់ថ្ងៃឈប់សម្រាក ជំនូនសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងជំនូនសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យជំរំ ស្របតាមបទបញ្ជាដែលម៉ូសាបានចែងទុក។ 14 ស្តេចស៊ូឡៃម៉ានបានតែងតាំងអ៊ីមុាំជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចស្តេចទត ជាឪពុកបានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរអុលឡោះតាអាឡា និងជួយក្រុមអ៊ីមុាំ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលស្តេចទត ជាជំនិតរបស់អុលឡោះបានបង្គាប់ទុក។ 15 គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្តេចបានចែងទុក ស្តីពីក្រុមអ៊ីមុាំ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្តីអំពីទ្រព្យសម្បត្តិរបស់ដំណាក់ឡើយ។ 16 ស្តេចស៊ូឡៃម៉ានបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា រហូតដល់ថ្ងៃបង្ហើយ គឺការសង់ដំណាក់របស់អុលឡោះតាអាឡាបានចប់សព្វគ្រប់។ 17 គ្រានោះស្តេចស៊ូឡៃម៉ានបានទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។ 18 ស្តេចហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកជូនស្តេចស៊ូឡៃម៉ាន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ស្តេចស៊ូឡៃម៉ាន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកជូនស្តេចស៊ូឡៃម៉ាន។ |
© 2014 United Bible Societies, UK.
United Bible Societies