ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 20 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 20

ស្តេច​ហេ‌សេគា​មាន​ជំងឺ ហើយ​អុលឡោះ​ប្រោស​ស្តេច​ឲ្យ​ជា

1 នៅ​គ្រា​នោះ ស្តេច​ហេ‌សេគា មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​ជួប​ស្តេច​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម​ស្តេច​ផ្តែ‌ផ្តាំ​រាជ​វង្សានុ‌វង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ស្តេច​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ស្តេច​ជិត​ស្លាប់​ហើយ»។

2 ស្តេច​ហេ‌សេគា​បែរ​មុខ​ទៅ​រក​ជញ្ជាំង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖

3 «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។

4 ពេល​នោះ​ណាពី​អេសាយ មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ដូច​ត​ទៅ៖

5 «ចូរ​វិល​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យ‌កោ​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់អុលឡោះ‌តាអាឡា។

6 យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​យើង”»។

7 ណាពី​អេសាយ​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ស្តេច​ហេ‌សេគា​នឹង​បាន​រស់​រាន​មិន​ខាន»។

8 ពេល​នោះ​ស្តេច​ហេ‌សេគា សួរ​ណាពី​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​ឲ្យ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះ‌ស្បើយ ហើយ​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ទី​បី?»។

9 ណាពី​អេសាយ​ជម្រាប​ស្តេច​ថា៖ «នេះ​ជា​ទី​សំគាល់​ដែលអុលឡោះ‌តាអាឡាប្រទាន​មក​ស្តេច ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​របស់​ទ្រង់។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។

10 ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ​ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ​សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។

11 ពេល​នោះ ណាពី​អេសាយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។

ស្តេច​ហេ‌សេគា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន

12 នៅ​គ្រា​ដដែល​នោះ​ស្តេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-បាឡា‌ដាន​ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​សារ និង​ទ្រព្យ​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្តេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​មាន​ជំងឺ។

13 ស្តេច​ហេ‌សេគា​ទទួល​រាជ​ទូត​ស្រុក​បាប៊ី‌ឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្តេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ស្តេច​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ​ទូត​របស់​ស្តេច​បាប៊ី‌ឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។

14 បន្ទាប់​មក ណាពី​អេសាយ​ចូល​មក​ជួប​ស្តេច​ហេ‌សេគា​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ជម្រាប​ស្តេច​ដូច​ម្តេច​ខ្លះ?»។ ស្តេច​ហេ‌សេគា​ប្រាប់​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ដើម្បី​មក​ជួប​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។

15 ណាពី​អេសាយ​សួរ​ស្តេច​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​បរម​រាជ​វាំង?»។ ស្តេច​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

16 ពេល​នោះ ណាពី​អេសាយ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «សូម​ស្តេច​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច​ត​ទៅ:

17 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្តេច និង​ភោគ​សម្បត្តិ​ដែល​អយ្យ‌កោ​របស់​ស្តេច​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

18 គេ​ក៏​នាំ​រាជ​វង្សានុ‌វង្ស​របស់​ស្តេច​យក​ទៅ​ធ្វើ​ជា​មហា​តលឹក នៅ​ក្នុង​វាំង​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។

19 ស្តេច​ហេ‌សេគា​បាន​តប​ទៅ​ណាពី​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ស្តេច​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។

20 កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេ‌សេគា និង​វីរភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

21 កាល​ស្តេច​ហេ‌សេគា​ស្លាប់ ស្តេច​ម៉ាណា‌សេ ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies