Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 19 - អាល់គីតាប


ស្តេច​ហេ‌សេគា​សួរ​យោបល់​ណាពី​អេសាយ

1 កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ គាត់​ហែក​អាវ​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

2 ស្តេច​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​អ៊ីមុាំ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ណាពី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស។

3 ពួក​គេ​ជម្រាប​គាត់​ដូច​ត​ទៅ៖ «ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្តាយ​គ្មាន​កម្លាំង​បង្កើត​វា​មក​ទេ។

4 ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​ចាត់​មេ‌ទ័ព ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។

5 មន្ត្រី​របស់​ស្តេច​ហេ‌សេគា​ក៏​នាំ​គ្នា​ទៅ​ជួប​អេសាយ

6 ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ី‌រី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។

7 បន្តិច​ទៀត ស្តេច​ស្រុក​អាស្ស៊ី‌រី​នឹង​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​សម្លាប់ ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។


ការ​គំរាម​កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្តេច​សាន​ហេរីប

8 មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្តេច​ស្រុក​អាស្ស៊ី‌រី​វិញ ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីប‌ណា។

9 ពេល​នោះ ស្តេច​ស្រុក​អាស្ស៊ី‌រី​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ស្តេច​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ី‌រី

10 ស្តេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្តោយ​ឲ្យ​ព្រះ​របស់​ស្តេច គឺ​ព្រះ​ដែល​ស្តេច​ទុក​ចិត្ត បញ្ឆោត​ស្តេច ដោយ​អះ‌អាង​ថា “ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ទេ”។

11 ស្តេច​ជ្រាប​ស្រាប់​ហើយ​ថា ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​ជំនាន់​មុនៗ​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ជូន​ផ្តាច់​ដល់​ព្រះ​របស់​យើង។ ចុះ​ស្តេច​វិញ តើ​ស្តេច​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12 ពេល​ពួក​អយ្យ‌កោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។

13 រីឯ​ស្តេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។


ពាក្យ​ទូរអា‌អង្វរ​របស់​ស្តេច​ហេ‌សេគា

14 ស្តេច​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​គាត់​ឡើង​ទៅ​ម៉ាស្ជិទ​យក​លិខិត​នោះ​ទៅ​បង្ហាញអុលឡោះ‌តាអាឡា។

15 ស្តេច​ហេ‌សេគា​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប​អើយ! មាន​តែ​ទ្រង់​មួយ​គត់ ដែល​ជា​ម្ចាស់​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

16 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​ខ្ញុំ​ផង! សូម​ទ្រង់​ស្តាប់​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ស្តេច​សាន‌ហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ទ្រង់​ដ៏​នៅ​អស់‌កល្ប!

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ស្តេច​ស្រុក​អាស្ស៊ី‌រី​ពិត​ជា​បាន​កំទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ

18 ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

19 ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេរីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ពិត​ជា​ម្ចាស់!»។


ណាពី​អេសាយ​នាំ​ពាក្យ​មក​ថ្លែង​ប្រាប់​ស្តេច

20 ពេល​នោះ​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូរអា‌អង្វរ​យើង​ស្តី​អំពី​សាន‌ហេរីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី​ហើយ”។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្តេច​នោះ​ថា: សាន‌ហេរីប​អើយ ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹម​គ្រវី​ក្បាល ចំអក​ឲ្យ​អ្នក។

22 តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្តែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល!

23 អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក ឲ្យ​មក​ជេរអុលឡោះ‌តាអាឡា ហើយ​អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើន អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

24 អញ​បាន​ជីក​អណ្តូង ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។

25 សាន‌ហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា យើង​បាន​គ្រោង​ទុក និង​រៀប‌ចំ​ព្រឹត្តិ‌ការណ៍ ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ! ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេច ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

26 អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​ត‌ទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការ និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។

27 ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់! ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ឬ​ចូល ពេល​អ្នក​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ

28 ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។

29 ចំពោះ​អ្នក​វិញ ហេ‌សេគា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ​អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

30 អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ប្ញស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

31 ដោយ​បំណង​ស្រឡាញ់​ដ៏​លើស‌លប់​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​សេស‌សល់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។

32 ចំពោះ​ស្តេច​អាស្ស៊ី‌រី​វិញ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ស្តេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។

33 ស្តេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​ក្នុង​ក្រុង​នេះ​ឡើយ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា

34 យើង​នឹង​ការ‌ពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង​ដែរ»។


ជន‌ជាតិ​អាស្ស៊ី‌រី​ដក​ទ័ព​ថយ​ស្តេច​សាន‌ហេរីប​ស្លាប់

35 នៅ​យប់​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ី‌រី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។

36 ស្តេច​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​នៅ​ក្រុង​នីនីវេ​វិញ។

37 ថ្ងៃ​មួយ​ពេល​ស្តេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុក​នៅ​ក្នុង​វិហារ នោះ​កូន​បង្កើត​ពីរ​នាក់​របស់​ស្តេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ កូន​ម្នាក់​ទៀត នាម​អេសារ-ហាដោន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម