ណាពីទតសង្គ្រោះប្រជាជននៅក្រុងកៃឡា1 ថ្ងៃមួយ មានមនុស្សម្នាក់មកជម្រាបទតថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។ 2 ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។ 3 ប៉ុន្តែ អស់អ្នកដែលនៅជាមួយទត ជម្រាបគាត់ថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទំរាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។ 4 ទតទូរអាសួរអុលឡោះតាអាឡាជាថ្មី ទ្រង់មានបន្ទូលមកគាត់វិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីន មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ 5 ទត និងអ្នកដែលនៅជាមួយគាត់ចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្តើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ទតរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។ 6 កាលលោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកភៀសខ្លួនមកជ្រកជាមួយទតនៅក្រុងកៃឡា គាត់បាននាំអាវអេផូដមកជាមួយផង។ 7 មានគេមកជម្រាបស្តេចសូលថា ទតបានទៅដល់ក្រុងកៃឡា។ ស្តេចសូលក៏និយាយថា៖ «អុលឡោះប្រគល់វាមកក្នុងកណ្តាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក។ 8 ស្តេចសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់ទត និងបក្សពួកនៅក្រុងកៃឡា។ 9 ទតជ្រាបអំពីគម្រោងការអាក្រក់ដែលស្តេចសូលគ្រោងទុក ដើម្បីប្រឆាំងនឹងគាត់ គាត់ក៏សុំឲ្យអ៊ីមុាំអបៀថើរយកអាវអេផូដមក ដើម្បីទូរអាសួរអុលឡោះ។ 10 ទតទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ខ្ញុំឮថា ស្តេចសូលបំរុងនឹងមកក្រុងកៃឡា ដើម្បីកំទេចក្រុងនេះ ព្រោះតែខ្ញុំ។ 11 តើអ្នកក្រុងកៃឡានឹងប្រគល់ខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចសូលឬទេ? តើស្តេចនឹងមកវាយក្រុងនេះ ដូចគេប្រាប់ខ្ញុំនោះមែនឬទេ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង!»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ស្តេចសូលនឹងមកមែន»។ 12 ទតសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ខ្ញុំ ព្រមទាំងអស់អ្នកដែលនៅជាមួយខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចសូលឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ 13 ពេលនោះទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេជម្រាបស្តេចសូលថា ទតបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះស្តេចក៏លែងដេញតាមទត។ ណាពីទតនៅវាលរហោស្ថានស៊ីភ14 ទតទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ស្តេចសូលតាមរកទតជានិច្ច តែអុលឡោះមិនប្រគល់ទត ទៅក្នុងកណ្តាប់ដៃរបស់ស្តេចឡើយ។ 15 ទតដឹងថា ស្តេចសូលតែងលើកទ័ពស្វែងរកសម្លាប់គាត់ ដូច្នេះ គាត់ស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។ 16 ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូលបានទៅជួបទតនៅហូរ៉េសា ដើម្បីលើកទឹកចិត្តគាត់ឲ្យពឹងផ្អែកលើអុលឡោះ 17 ដោយពោលថា៖ «កុំខ្លាចអ្វីឡើយ! ស្តេចសូល ជាឪពុកខ្ញុំ មិនអាចធ្វើអ្វីប្អូនបានទេ ដ្បិតប្អូននឹងសោយរាជ្យលើជនជាតិអ៊ីស្រអែល រីឯខ្ញុំវិញ ខ្ញុំគ្រាន់តែជាអ្នកបន្ទាប់ពីប្អូនប៉ុណ្ណោះ។ ស្តេចសូលជាឪពុកខ្ញុំ ក៏ជ្រាបការនេះដែរ»។ 18 អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះអុលឡោះតាអាឡា។ បន្ទាប់មក សម្តេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯទតស្នាក់នៅហូរ៉េសាដដែល។ 19 អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅជួបស្តេចសូលនៅគីបៀរ ហើយជម្រាបថា៖ «ទតពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។ 20 សូមជម្រាបស្តេច បើសិនជាស្តេចពេញចិត្តទៅ សូមទៅចុះ យើងខ្ញុំចាប់គាត់ជូនស្តេច»។ 21 ស្តេចសូលនិយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាជួយឈឺឆ្អាលខ្ញុំ។ 22 ឥឡូវនេះ សូមមេត្តាទៅពិនិត្យមើលម្តងទៀត ហើយយកការណ៍ឲ្យបានច្បាស់ថា វាពួននៅកន្លែងណា នរណាបានឃើញវា។ មានគេប្រាប់យើងថា វានេះឆ្លាតណាស់។ 23 ចូរទៅពិនិត្យឲ្យបានច្បាស់ ហើយស៊ើបអំពីកន្លែងទាំងប៉ុន្មានដែលវាធ្លាប់ពួន រួចត្រឡប់មករកយើងវិញ ដោយនាំពត៌មានច្បាស់លាស់មកផង នោះយើងនឹងទៅជាមួយអ្នករាល់គ្នា។ ប្រសិនបើវានៅក្នុងស្រុកមែននោះ យើងនឹងរកវាគ្រប់ទីកន្លែងក្នុងទឹកដីយូដា រហូតទាល់តែបានឃើញ»។ 24 ពួកគេក៏ចេញទៅមុនស្តេចសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ ទត និងអស់អ្នកដែលនៅជាមួយគាត់ ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។ 25 ស្តេចសូលព្រមទាំងពលទាហាន ចេញទៅតាមរកទត។ មានគេប្រាប់ដំណឹងនេះដល់ទត គាត់ក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលស្តេចសូលជ្រាបហើយ គាត់តាមរកទតនៅវាលរហោស្ថាននោះ។ 26 ស្តេចសូលដើរតាមជំរាលភ្នំម្ខាង រីឯទត និងពួកគាត់ដើរតាមជំរាលភ្នំម្ខាងទៀត។ គាត់ប្រញាប់ប្រញាល់រត់គេចពីស្តេចសូល ប៉ុន្តែ ស្តេចសូល និងពលទាហានបានព័ទ្ធ ហើយបំរុងនឹងចាប់ខ្លួនពួកគាត់។ 27 ពេលនោះស្រាប់តែមានអ្នកនាំសារម្នាក់ មកជម្រាបស្តេចសូលថា៖ «សូមស្តេចទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។ 28 ស្តេចសូលក៏ឈប់ដេញតាមទត ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា»។ 29 ទតចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។។ |
© 2014 United Bible Societies, UK.
United Bible Societies