Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 22 - អាល់គីតាប


ណាពី​ទត​រៀប‌ចំ​កង‌ទ័ព

1 ទត​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​គាត់។

2 ម៉្យាង​ទៀត​អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​គាត់ មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​ទត​ក៏​ឡើង​ធ្វើ​ជា​មេ។

3 បន្ទាប់​មក​ទត​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់។ គាត់​ជម្រាប​ស្តេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក‌ម្តាយ​របស់​ខ្ញុំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ស្តេច រហូត​ដល់​ពេល​ដែល​ខ្ញុំ​ដឹង​ថា អុលឡោះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ខ្ញុំ»។

4 ទត​បាន​នាំ​ឪពុក‌ម្តាយ​ចូល​ជួប​ស្តេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្តេច ក្នុង​អំឡុង​ពេល​ដែល​ទត​លាក់​ខ្លួន។

5 ថ្ងៃ​មួយ​កាដ​មក​ជម្រាប​ទត​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ទត​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហា‌រេក។


ស្តេច​សូល​សម្លាប់​រង្គាល​ពួក​អ៊ីមុាំ​នៅ​ភូមិ​ណូប

6 ស្តេច​សូល​ជ្រាប​ថា មាន​គេ​ឃើញ​ទត និង​បក្ស​ពួក។ ពេល​នោះ ស្តេច​កំពុង​នៅ​ភូមិ​គីបៀរ ក្រោម​ម្លប់​ម៉ៃ‌សាក់​នៅ​លើ​ភ្នំ ស្តេច​កាន់​លំពែង​មួយ ហើយ​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំ‌វិញ។

7 ស្តេច​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​ពុន‌យ៉ាមីន​អើយ! ចូរ​ស្តាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្តល់​ដី​ស្រែ និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច ឬ​ទេ?

8 អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា កូន​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ​ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា កូន​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។

9 លោក​ដូអេក ជន‌ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​អ្នក​បម្រើ​របស់​ស្តេច​សូល ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​បាន​ឃើញ​កូន​របស់​លោក​អ៊ីសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប។

10 លោក​អហ៊ី‌ម៉ាឡេក​បាន​សួរអុលឡោះ‌តាអាឡា តាម​សំណូម​ពរ​របស់​ទត។ គាត់​បាន​ផ្តល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលីយ៉ាត ជា​ជន‌ជាតិ​ភីលី‌ស្ទីន​ទៅ​គាត់​ផង»។

11 ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់ និង​ក្រុម​អ៊ីមុាំ នៅ​ភូមិ​ណូប​ឲ្យ​មក។ ពួក​គេ​ក៏​មក​ជួប​ស្តេច​ទាំង​អស់​គ្នា។

12 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្តាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ អ៊ីមុាំ​ឆ្លើយ​ថា៖ «បាទ លោក​ម្ចាស់»។

13 ស្តេច​បាន​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្តល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូរអា​សួរ​អុលឡោះតាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។

14 លោក​អហ៊ី‌ម៉ាឡេក​ឆ្លើយ​ស្តេច​ថា៖ «ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ស្តេច តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​ទត? គាត់​ជា​កូន​ប្រសា​របស់​ស្តេច ជា​មេ‌ទ័ព​នៃ​កង​រក្សា​ស្តេច និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់‌ខ្ពស់​ក្នុង​វាំង​ផង។

15 ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ខ្ញុំ​ទូរអា​សួរ​អុលឡោះ​ជូន​គាត់។ ខ្ញុំ​គ្មាន​គំនិត​ក្បត់​ស្តេច​សោះ! សូម​ស្តេច​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ខ្ញុំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ពុំ​បាន​ដឹង​រឿង​រ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្តី»។

16 ស្តេច​មាន​ប្រសាសន៍​ថា៖ «អហ៊ី‌ម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក​ត្រូវ​តែ​ស្លាប់!»។

17 ស្តេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំ‌វិញ​ស្តេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ទត​ដែរ គឺ​ពួក​គេ​ដឹង​ថា ទត​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ អ្នក​បម្រើ​របស់​ស្តេច​សូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​ឡើយ។

18 ស្តេច​បាន​បញ្ជា​ទៅ​កាន់​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​អ៊ីមុាំ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​អ៊ីមុាំ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស​ឯក​អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។

19 បន្ទាប់​មក​ស្តេច​សូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​អ៊ីមុាំ។

20 ប៉ុន្តែ លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន ទៅ​ជ្រក​កោន​ជា​មួយ​ទត។

21 លោក​អបៀ‌ថើរ​ជម្រាប​ទត​ថា ស្តេច​សូល​បាន​សម្លាប់​រង្គាល​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា។

22 ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀរ‌ថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន‌ជាតិ​អេដុម​នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ជម្រាប​ស្តេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។

23 ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ​លោក​នឹង​បាន​សេចក្តី​សុខ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម