ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 14 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 14

សម្តេច​យ៉ូណា‌ថាន​មាន​ជ័យ​ជំនះ​លើ​ពួក​ភីលី‌ស្ទីន

1 ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្តេច​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​សម្តេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ យ៉ូណា‌ថាន​មិន​បាន​ជំរាប​ឪពុក​ទេ។

2 ស្តេច​សូល​នៅ​ជាយ​ភូមិ​គីបៀរ ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។

3 រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ ដើម្បី​ទូរអា​សួរ​អុលឡោះ​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ីទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកាបុដ ជា​កូន​របស់​លោក​ភីនេហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​អ៊ីមុាំ​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្តេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។

4 ច្រក​ភ្នំ​ដែល​សម្តេច​យ៉ូណា‌ថាន​បំរុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលី‌ស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ​មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។

5 ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​កេបា។

6 សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។

7 សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្តេច​ចុះ! កុំ​បង្អង់​ឡើយ ខ្ញុំ​ដើរ​តាម​ក្រោយ​សម្តេច​ជា‌និច្ច»។

8 សម្តេច​យ៉ូណា‌ថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។

9 បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ ហើយ​ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។

10 ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សំគាល់​ឲ្យ​យើង​ដឹង​ថា អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង​ហើយ»។

11 អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលី‌ស្ទីន​ឃើញ។ ពួក​ភីលី‌ស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។

12 ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្តេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​គាត់​ថា៖ «ឡើង​តាម​ខ្ញុំ អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ»។

13 សម្តេច​យ៉ូណា‌ថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្តេច​យ៉ូណា‌ថាន​វាយ​ផ្តួល​ពួក​ភីលី‌ស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។

14 នៅ​គ្រា​ដំបូង​សម្តេច​យ៉ូណា‌ថាន និង​សេនា​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។

15 ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលី‌ស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។

16 ពួក​អ្នក​យាម​ល្បាត​របស់​ស្តេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលី‌ស្ទីន​រត់​បែក​ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស​ទី​ដែរ។

17 ស្តេច​សូល​បាន​បញ្ជា ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច។

18 ស្តេច​សូល​បញ្ជា​ទៅ​លោក​អហ៊ីយ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​អុលឡោះ​មក!»។ នៅ​គ្រា​នោះ​ហិប​របស់​អុលឡោះស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល។

19 ពេល​ស្តេច​សូល​កំពុង​តែ​បញ្ជា​ទៅ​កាន់​អ៊ីមុាំ ការ​ច្របូក​ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលី‌ស្ទីន។ ស្តេច​សូល​ក៏​ប្រាប់​អ៊ីមុាំ​ថា៖ «ចូរ​ដក​ដៃ​មក​វិញ»។

20 ស្តេច​សូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទី‌លាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូក​ច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។

21 មាន​ពួក​ហេប្រឺ​មួយ​ចំនួន ដែល​ពី​មុន​នៅ​បម្រើ​ពួក​ភីលី‌ស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រ‌អែល ដែល​នៅ​ជា​មួយ​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន។

22 ទាហាន​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រា‌អ៊ីម​ដឹង​ថា ពួក​ភីលី‌ស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។

23 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេត‌អាវេន។

ទាហាន​អ៊ីស្រ‌អែល​ជួយ​សម្តេច​យ៉ូណា‌ថាន​ឲ្យ​រួច​ជីវិត

24 នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រ‌អែល​ត្រូវ​វេទនា ព្រោះ​ស្តេច​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តា‌សា​មិន​ខាន»។ ហេតុ​នេះ​ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។

25 ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។

26 ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។

27 សម្តេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា ឪពុក​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្តេច​ក៏​យក​ដំបង​ដែល​គាត់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្តេច​មាន​ទឹក​មុខ​ស្រស់​បស់។

28 ពេល​នោះ ទាហាន​ម្នាក់​ប្រាប់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ឪពុក​របស់​សម្តេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្តា‌សា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ​ហត់​ទាំង​អស់​គ្នា»។

29 សម្តេច​យ៉ូណា‌ថាន​ពោល​ថា៖ «ឪពុក​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់​បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។

30 ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលី‌ស្ទីន ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។

31 នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលី‌ស្ទីន​ចាប់​តាំង​ពី​មីក‌ម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ​ហត់​យ៉ាង​ខ្លាំង

32 ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជ័យ​ភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ​មក​អារ​ក សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម។

33 មាន​គេ​ជម្រាប​ស្តេច​សូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹងអុលឡោះ‌តាអាឡា ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ស្តេច​សូល​បាន​បញ្ជា​ថា៖ «អ្នក​រាល់​គ្នា​ក្បត់អុលឡោះ‌តាអាឡា​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ មក​ឲ្យ​ខ្ញុំ​ភ្លាម»។

34 បន្ទាប់​មក ស្តេច​បញ្ជា​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​យក​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​អារ​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ​រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​អារ​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។

35 ស្តេច​សូល​បាន​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា គឺ​ជា​អាសនៈ​ដំបូង​បង្អស់ ដែល​ស្តេច​សង់​ជូន​ទ្រង់។

36 ស្តេច​សូល​បាន​បញ្ជា​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ​រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​សម្រេច​តាម​តម្រិះ​របស់​ស្តេច​ចុះ»។ ប៉ុន្តែ អ៊ីមុាំ​និយាយ​ថា៖ «យើង​គួរ​តែ​ទូរអា​សួរ​អុលឡោះ​សិន»។

37 ស្តេច​សូល​ទូរអា​សួរ​អុលឡោះ​ថា៖ «តើ​ខ្ញុំ​អាច​ដេញ​តាម​ពួក​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អុលឡោះ​ពុំ​មាន​បន្ទូល​ឆ្លើយ​តប​ឡើយ។

38 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ម៉ត់‌ចត់​មើល តើ​ថ្ងៃ​នេះ​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?។

39 ខ្ញុំ​សុំ​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ហើយ​ជា​ម្ចាស់‌សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណា‌ថាន​ជា​កូន​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល​គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។

40 ស្តេច​សូល​មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណា‌ថាន ជា​កូន​ខ្ញុំ និង​ខ្ញុំ​ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ប្រាប់​ថា៖ «សូម​សម្រេច​តាម​តម្រិះ​របស់​ស្តេច​ចុះ»។

41 ស្តេច​សូល​សូមអុលឡោះ‌តាអាឡា​ថា៖ «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្តេច​យ៉ូណា‌ថាន និង​ស្តេច​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។

42 ស្តេច​សូល​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​កូន​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្តេច​យ៉ូណា‌ថាន។

43 ស្តេច​សូល​សួរ​ទៅ​កាន់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​ឪពុក​មើល៍ តើ​កូន​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ប្រាប់​ឪពុក តាម​ដំណើរ​រឿង ជា​ហូរ​ហែ​ថា៖ «ខ្ញុំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ខ្ញុំ​កាន់។ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

44 ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «យ៉ូណា‌ថាន​អើយ​កូន​ត្រូវ​តែ​ស្លាប់! បើ​មិន​ដូច្នោះ​ទេ សូម​អុលឡោះ​ដាក់​ទោស​ឪពុក​យ៉ាង​ធ្ងន់​ទៅ!»។

45 ពួក​ទាហាន​ជម្រាប​ស្តេច​សូល​ថា៖ «សម្តេច​យ៉ូណា‌ថាន​មិន​ត្រូវ​ស្លាប់​ឡើយ! ដ្បិត​សម្តេច​ទេ​តើ​ដែល​ដណ្តើម​បាន​ជ័យ​ជំនះ​ដ៏​ធំ​ធេង​នេះ ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សម្តេច​ឡើយ ដ្បិត​អុលឡោះ​បាន​ជួយ​សម្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្តេច​យ៉ូណា‌ថាន​ឲ្យ​រួច​ពី​ស្លាប់។

46 បន្ទាប់​មក ស្តេច​សូល​ឈប់​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។

ជ័យ​ជំនះ​របស់​ស្តេច​សូល និង​រាជ​វង្ស

47 ក្រោយ​ពេល​ដែល​ស្តេច​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រ‌អែល​ហើយ គាត់​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្តេច​នៅ​សូបា និង​ជន‌ជាតិ​ភីលី‌ស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្តេច​តែងតែ​ទទួល​ជ័យ​ជំនះ​លើ​ពួក​គេ​ជា‌និច្ច។

48 ស្តេច​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់​អាច បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ាឡេក ហើយ​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន​ពាន​ស្រុក​គេ។

49 បុត្រា​របស់​ស្តេច​សូល មាន យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ស្តេច​សូល គឺ​ម្រ៉ាប​ជា​បុត្រី​ច្បង និង​មិកាល់​ជា​បុត្រី​ពៅ។

50 ភរិយា​របស់​ស្តេច​សូល​ឈ្មោះ​អហ៊ីណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ីម៉ាស់។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ស្តេច​សូល។

51 លោក​គីស​ជា​ឪពុក​របស់​ស្តេច​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ី‌នើរ អ្នក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។

52 ក្នុង​មួយ​ជីវិត ស្តេច​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ជា​មួយ​នឹង​ពួក​ភីលី‌ស្ទីន។ ហេតុ​នេះ​ហើយ បាន​ជា​ស្តេច​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​ទឹក​ចិត្ត​អង់​អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​គាត់។

© 2014 United Bible Societies, UK.

United Bible Societies