ស្ដេចយេហូយ៉ាគីមដុតក្រាំងរបស់ណាពីយេរេមា1 នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម បុត្ររបស់ស្តេចយ៉ូសៀស ស្ដេចស្រុកយូដា អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមាដូចតទៅ៖ 2 «ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នកស្ដីអំពីប្រជាជាតិអ៊ីស្រអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្ដេចយ៉ូសៀស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។ 3 ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យបានរួចពីបាប»។ 4 យេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលមកគាត់។ 5 បន្ទាប់មក យេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅដំណាក់របស់អុលឡោះតាអាឡានៅពេលនេះបានឡើយ។ 6 នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅម៉ាស្ជិទ ហើយអានបន្ទូលរបស់អុលឡោះតាអាឡា ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ 7 ពួកគេប្រហែលជានាំគ្នាទូរអាអង្វរអុលឡោះតាអាឡា ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតទ្រង់ខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។ 8 លោកបារូក ជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មាន ដែលណាពីយេរេមាបង្គាប់ គឺគាត់ទៅម៉ាស្ជិទ ហើយអានបន្ទូលរបស់អុលឡោះតាអាឡាដែលមានសរសេរទុកនៅក្នុងក្រាំង។ 9 ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលស្តេចយេហូយ៉ាគីម បុត្ររបស់ស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសឲ្យប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ ចំពោះអុលឡោះតាអាឡា។ 10 លោកបារូកអានសេចក្ដីដែលយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងម៉ាស្ជិទ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនស្តេច បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃដំណាក់របស់អុលឡោះតាអាឡា។ 11 កាលលោកមីកា ជាកូនរបស់លោកកេម៉ារា និងជាចៅរបស់លោកសាផាន ឮបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា ដែលមានសរសេរក្នុងក្រាំងនោះ 12 គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនស្តេច។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនស្តេច លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថាន ជាកូនរបស់លោកអកបោរ លោកកេម៉ារា ជាកូនរបស់លោកសាផាន និងលោកសេដេគា ជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។ 13 លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។ 14 ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។ 15 ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកគេស្ដាប់។ 16 ពេលឮបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅជម្រាបស្តេចឲ្យបានជ្រាប»។ 17 ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។ 18 លោកបារូកតបថា៖ «យេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។ 19 ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយយេរេមាក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។ 20 បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនស្តេច រួចនាំគ្នាទៅជួបស្តេច ហើយជម្រាបគាត់អំពីបន្ទូលទាំងនោះ។ 21 ស្តេចចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនស្តេច ហើយអានឲ្យស្តេច និងមន្ត្រីទាំងអស់ដែលឈរអមស្តេចស្ដាប់។ 22 ពេលនោះ ស្តេចនៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។ 23 ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។ 24 ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។ 25 លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរស្តេច សូមកុំឲ្យដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។ 26 ស្តេចបង្គាប់ទៅសម្ដេចយេរ៉ាមែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល ឲ្យទៅចាប់ណាពីយេរេមា និងលោកបារូកជាស្មៀន តែអុលឡោះតាអាឡាបានលាក់អ្នកទាំងពីរ។ 27 ក្រោយពេលស្តេចដុតក្រាំង ដែលយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ 28 «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។ 29 បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកំទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ 30 ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យេហូយ៉ាគីម ស្នងរាជ្យស្ដេចទតទេ។ សាកសពរបស់យេហូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។ 31 យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។ 32 យេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ យេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ គាត់បន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies