ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ កូរិនថូស 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
២ កូរិនថូស 7

1 អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។

អំណរ និងការកែប្រែចិត្ត

2 សូម​អ្នករាល់គ្នា​បើកចិត្តទទួល​យើង​ផង​។ យើង​មិនដែល​ធ្វើខុស​ចំពោះ​អ្នកណា មិនដែល​បំផ្លាញ​អ្នកណា ហើយក៏​មិនដែល​ឆ្លៀតឱកាស​លើ​អ្នកណា​ដែរ​។

3 ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការផ្ដន្ទាទោស​ទេ ដ្បិត​ខ្ញុំ​បាន​និយាយទុកមុន​ហើយ​ថា អ្នករាល់គ្នា​នៅ​ក្នុង​ចិត្ត​របស់យើង ដើម្បី​បាន​ស្លាប់រស់ជាមួយគ្នា​។

4 ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។

5 ជាការពិត ពេល​យើង​មកដល់​ម៉ាសេដូន រូបកាយ​របស់យើង​គ្មាន​ភាពធូរស្បើយ​សោះ គឺ​យើង​រងទុក្ខ​គ្រប់បែបយ៉ាង មាន​ការប្រយុទ្ធ​នៅ​ខាងក្រៅ មាន​ការភិតភ័យ​នៅ​ខាងក្នុង​។

6 ប៉ុន្តែ​ព្រះ​ដែល​តែងតែ​កម្សាន្តចិត្ត​មនុស្ស​តូចទាប បាន​កម្សាន្តចិត្ត​យើង​ដោយ​ការមកដល់​របស់​ទីតុស

7 មិនគ្រាន់តែ​ដោយ​ការមកដល់​របស់​គាត់​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ដោយ​ការកម្សាន្តចិត្ត​ដែល​គាត់​ទទួល​ពី​អ្នករាល់គ្នា​ដែរ នៅពេល​គាត់​បាន​ប្រាប់​យើង​អំពី​ការនឹករលឹក​របស់អ្នករាល់គ្នា អំពី​ទុក្ខព្រួយ​របស់អ្នករាល់គ្នា និង​អំពី​ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​កាន់តែខ្លាំងឡើង​។

8 ទោះបីជា​ខ្ញុំ​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ដោយ​សំបុត្រ​នោះ​ក៏ដោយ ក៏​ខ្ញុំ​មិន​ស្ដាយក្រោយ​ដែរ​; ហើយ​ទោះបីជា​ខ្ញុំ​បាន​ស្ដាយក្រោយ ដោយ​ឃើញ​ថា​សំបុត្រ​នោះ​បាន​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត សូម្បីតែ​មួយរយៈ​ក៏ដោយ

9 ក៏​ឥឡូវនេះ​ខ្ញុំ​អរសប្បាយ មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​រហូតដល់​ការកែប្រែចិត្ត​វិញ​។ ដ្បិត​អ្នករាល់គ្នា​បាន​ព្រួយចិត្ត​ស្របតាម​ព្រះ ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ខាតបង់​អ្វី​ដោយសារតែ​យើង​ឡើយ​។

10 ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។

11 ដ្បិត​មើល៍! ការ​ដែល​អ្នករាល់គ្នា​ព្រួយចិត្ត​ស្របតាម​ព្រះ​ដូច្នេះ​ឯង បាន​បង្កើត​ចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និង​ការដាក់ទោស​ក្នុង​អ្នករាល់គ្នា​ដល់ម្ល៉េះ​! ក្នុង​គ្រប់ជំពូក អ្នករាល់គ្នា​បាន​បញ្ជាក់​ថា​ខ្លួនឯង​បរិសុទ្ធ​ចំពោះ​រឿង​នេះ​។

12 ដូច្នេះ ទោះបីជា​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ក៏ដោយ ក៏​មិនមែន​ដើម្បី​អ្នក​ដែល​ធ្វើខុស ឬ​ដើម្បី​អ្នក​ដែល​រងការអយុត្តិធម៌​នោះ​ទេ គឺ​ដើម្បីឲ្យ​ចិត្តខ្នះខ្នែង​របស់អ្នករាល់គ្នា​ចំពោះ​យើង ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ដល់​អ្នករាល់គ្នា​នៅចំពោះ​ព្រះ​។

13 ហេតុនេះហើយបានជា​យើង​ទទួល​ការ​កម្សាន្តចិត្ត​។ លើសពី​ការកម្សាន្តចិត្ត​នេះ យើង​បាន​អរសប្បាយ​កាន់តែខ្លាំងឡើង​ថែមទៀត ចំពោះ​អំណរ​របស់​ទីតុស ដ្បិត​អ្នក​ទាំងអស់គ្នា​ធ្វើឲ្យ​វិញ្ញាណ​របស់​គាត់​ស្រស់ស្រាយឡើងវិញ​។

14 ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។

15 រីឯ​ចិត្តស្រឡាញ់​របស់​គាត់​ចំពោះ​អ្នករាល់គ្នា​មាន​កាន់តែខ្លាំងឡើង ដោយ​គាត់​នឹកចាំ​អំពី​ការស្ដាប់បង្គាប់​របស់អ្នក​ទាំងអស់គ្នា និង​របៀបដែល​អ្នករាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្តកោតខ្លាច និង​ការញ័ររន្ធត់​។

16 ខ្ញុំ​អរសប្បាយ ដែល​ខ្ញុំ​មានទំនុកចិត្ត​លើ​អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative