២ កូរិនថូស 8 - ព្រះគម្ពីរខ្មែរសាកលជំរុញឲ្យបង្ហើយការងារសប្បុរសធម៌ 1 បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន 2 គឺថា ក្នុងការពិសោធយ៉ាងខ្លាំងនៃទុក្ខវេទនា នោះអំណរដ៏សម្បូរហូរហៀរ និងភាពក្រីក្រក្រៃលែងរបស់ពួកគេ បានហូរចេញទៅជាភាពបរិបូរនៃចិត្តទូលាយរបស់ពួកគេ។ 3 ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេបានស្ម័គ្រចិត្តតាមសមត្ថភាពរបស់ខ្លួន រហូតដល់លើសពីសមត្ថភាពរបស់ខ្លួនទៅទៀត 4 ទាំងសូមយើងដោយពាក្យទទូចអង្វរយ៉ាងខ្លាំងនូវឯកសិទ្ធិរួមចំណែកក្នុងការងារបម្រើដល់វិសុទ្ធជន។ 5 ពួកគេធ្វើដូច្នេះ លើសពីការរំពឹងទុករបស់យើង គឺមុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ ហើយបន្ទាប់មកដល់យើង តាមបំណងព្រះហឫទ័យរបស់ព្រះ។ 6 ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។ 7 រីឯអ្នករាល់គ្នាវិញ សូមឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការងារសប្បុរសធម៌នេះ ដូចដែលអ្នករាល់គ្នាកំពុងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ដែរ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែងគ្រប់ជំពូក និងក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះយើង។ 8 ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។ 9 ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។ 10 ខ្ញុំសូមផ្ដល់យោបល់ក្នុងរឿងនេះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា។ តាំងពីឆ្នាំមុន អ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តទៀតផង 11 ដូច្នេះឥឡូវនេះ ចូរបង្ហើយការនេះចុះ។ ដូចដែលអ្នករាល់គ្នាមានចិត្តសង្វាតចង់ធ្វើយ៉ាងណា ចូរឲ្យបង្ហើយយ៉ាងនោះ តាមអ្វីដែលអ្នករាល់គ្នាមានចុះ។ 12 ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។ 13 នេះមិនមែនដើម្បីឲ្យអ្នកឯទៀតធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនាទេ គឺដើម្បីឲ្យស្មើគ្នាវិញ។ 14 នៅសព្វថ្ងៃនេះ ភាពបរិបូររបស់អ្នករាល់គ្នាអាចបំពេញភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីនៅថ្ងៃក្រោយ ភាពបរិបូររបស់អ្នកទាំងនោះបានបំពេញភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ធ្វើដូច្នោះទើបស្មើគ្នា។ 15 ដូចដែលមានសរសេរទុកមកថា: “អ្នកដែលប្រមូលបានច្រើន ក៏មិនសល់ អ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ”។ ការគ្រប់គ្រងការងារសប្បុរសធម៌ 16 ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលព្រះអង្គបានប្រទានសេចក្ដីខ្នះខ្នែងមកក្នុងចិត្តរបស់ទីតុស ជាសេចក្ដីខ្នះខ្នែងដូចគ្នាដែលខ្ញុំមានចំពោះអ្នករាល់គ្នា។ 17 ដ្បិតគាត់បានទទួលយកការជំរុញទឹកចិត្តរបស់យើង ក៏មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយចេញដំណើរទៅរកអ្នករាល់គ្នាដោយស្ម័គ្រចិត្ត។ 18 យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ដែរ។ បងប្អូនម្នាក់នោះត្រូវក្រុមជំនុំទាំងអស់សរសើរអំពីការប្រកាសដំណឹងល្អ។ 19 មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។ 20 យើងប្រយ័ត្នប្រយែងដូច្នេះ ដើម្បីកុំឲ្យអ្នកណារិះគន់យើងអំពីអំណោយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ 21 ដ្បិតយើងគិតគូរធ្វើត្រឹមត្រូវ មិនគ្រាន់តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមនុស្សដែរ។ 22 យើងបានចាត់បងប្អូនរបស់យើងម្នាក់ទៀតឲ្យទៅជាមួយពួកគេ។ យើងបានពិសោធគាត់ជាញឹកញាប់ក្នុងការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង ឥឡូវនេះគាត់មានចិត្តខ្នះខ្នែងកាន់តែខ្លាំងជាងមុនទៅទៀត ដោយសារគាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ 23 ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។ 24 ដូច្នេះ ចូរបង្ហាញដល់ពួកគេនៅចំពោះក្រុមជំនុំ នូវភស្តុតាងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនភាពរបស់យើងអំពីអ្នករាល់គ្នា៕ |