ការរស់ឡើងវិញជាស្នូលនៃដំណឹងល្អ1 បងប្អូនអើយ ឥឡូវនេះខ្ញុំចង់បញ្ជាក់ដល់អ្នករាល់គ្នាអំពីដំណឹងល្អដែលខ្ញុំបានផ្សព្វផ្សាយដល់អ្នករាល់គ្នា គឺដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ព្រមទាំងឈរមាំតាមរយៈដំណឹងល្អនោះ។ 2 ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវព្រះបន្ទូលដែលខ្ញុំបានផ្សព្វផ្សាយដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងបានសង្គ្រោះដោយសារតែដំណឹងល្អនោះ លើកលែងតែអ្នករាល់គ្នាបានជឿដោយគ្មានហេតុផល។ 3 ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ 4 ហើយត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ស្របតាមព្រះគម្ពីរ 5 ព្រមទាំងលេចមកដល់កេផាស ហើយបន្ទាប់មកបានលេចមកដល់សាវ័កទាំងដប់ពីរនាក់ 6 ក្រោយមក ព្រះអង្គបានលេចមកដល់បងប្អូនជាងប្រាំរយនាក់ក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនទាំងនោះ ភាគច្រើននៅរស់រហូតមកដល់ពេលនេះ ប៉ុន្តែក៏មានអ្នកខ្លះដេកលក់ទៅហើយ; 7 ក្រោយមកទៀត ព្រះអង្គបានលេចមកដល់យ៉ាកុប រួចលេចមកដល់សាវ័កទាំងអស់ដែរ 8 នៅទីបំផុត ព្រះអង្គបានលេចមកដល់ខ្ញុំ ដែលដូចជាកូនកើតមិនគ្រប់ខែនេះដែរ។ 9 ជាការពិត ខ្ញុំជាអ្នកតូចជាងគេក្នុងចំណោមពួកសាវ័ក ហើយមិនស័ក្ដិសមនឹងត្រូវគេហៅថាសាវ័កទេ ពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។ 10 ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។ 11 ដូច្នេះ ទោះបីជាខ្ញុំក្ដី អ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អយ៉ាងដូច្នោះ ហើយអ្នករាល់គ្នាក៏បានជឿយ៉ាងដូច្នោះដែរ។ ការរស់ឡើងវិញជាស្នូលនៃជំនឿ12 ប្រសិនបើព្រះគ្រីស្ទត្រូវគេប្រកាសថា ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ម្ដេចក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយថាគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់ដូច្នេះ? 13 ប្រសិនបើគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់មែន ព្រះគ្រីស្ទក៏មិនត្រូវបានលើកឲ្យរស់ឡើងវិញដែរ។ 14 ហើយប្រសិនបើព្រះគ្រីស្ទមិនត្រូវបានលើកឲ្យរស់ឡើងវិញ នោះការប្រកាសរបស់យើងក៏ឥតប្រយោជន៍ ហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ។ 15 មិនត្រឹមតែប៉ុណ្ណោះទេ យើងនឹងត្រូវគេចាត់ទុកថាជាសាក្សីភូតភរអំពីព្រះ ដ្បិតប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ ព្រះអង្គក៏មិនបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរ ប៉ុន្តែយើងបានធ្វើបន្ទាល់អំពីព្រះថាព្រះអង្គបានលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញ។ 16 ពោលគឺ ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ ព្រះគ្រីស្ទក៏មិនត្រូវបានលើកឲ្យរស់ឡើងវិញដែរ។ 17 ហើយប្រសិនបើព្រះគ្រីស្ទមិនត្រូវបានលើកឲ្យរស់ឡើងវិញ ជំនឿរបស់អ្នករាល់គ្នាក៏ឥតខ្លឹមសារ ថែមទាំងអ្នករាល់គ្នាក៏នៅតែស្ថិតនៅក្នុងបាបរបស់អ្នករាល់គ្នាដដែល; 18 ដូច្នេះ អ្នកដែលដេកលក់ក្នុងព្រះគ្រីស្ទ ក៏វិនាសហើយដែរ។ 19 ប្រសិនបើយើងយកព្រះគ្រីស្ទជាទីសង្ឃឹមបានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងគួរឲ្យអាណិតជាងគេក្នុងចំណោមមនុស្សទាំងអស់។ ការរស់ឡើងវិញជាការធានាដល់យើង20 ប៉ុន្តែឥឡូវនេះ ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ជាផលដំបូងនៃអ្នកដែលបានដេកលក់។ 21 ដ្បិតដោយសារសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ ការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ចូលមកតាមរយៈមនុស្សម្នាក់ដែរ។ 22 ជាការពិត ដូចដែលមនុស្សទាំងអស់ស្លាប់ក្នុងអ័ដាមយ៉ាងណា មនុស្សទាំងអស់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ 23 ប៉ុន្តែម្នាក់ៗនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាមលំដាប់រៀងៗខ្លួន គឺព្រះគ្រីស្ទជាផលដំបូង បន្ទាប់មកគឺមនុស្សរបស់ព្រះគ្រីស្ទ នៅពេលព្រះអង្គយាងមកវិញ 24 បន្ទាប់មកទៀត ជាទីបញ្ចប់។ ពេលនោះ ព្រះអង្គប្រគល់អាណាចក្រដល់ព្រះដែលជាព្រះបិតា ក្រោយពីបំផ្លាញអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច និងឫទ្ធិអំណាច 25 ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។ 26 ខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញ គឺសេចក្ដីស្លាប់ 27 ដ្បិត “ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ”។ ក៏ប៉ុន្តែនៅពេលមានចែងថា “អ្វីៗទាំងអស់” ត្រូវបានធ្វើឲ្យចុះចូល នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះគ្រីស្ទនោះឡើយ។ 28 កាលណាអ្វីៗទាំងអស់ត្រូវបានធ្វើឲ្យចុះចូលនៅក្រោមព្រះអង្គហើយ នោះព្រះបុត្រាផ្ទាល់នឹងចុះចូលនៅក្រោមព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះបានធ្វើជាអ្វីៗទាំងអស់លើគ្រប់ការទាំងអស់។ អំណាចនៃការរស់ឡើងវិញ29 បើមិនដូច្នោះទេ តើពួកដែលទទួលពិធីជ្រមុជទឹកជំនួសមនុស្សស្លាប់ នឹងធ្វើដូចម្ដេច? ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញទេ ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកជំនួសមនុស្សស្លាប់ដូច្នេះ? 30 រីឯយើងវិញ ហេតុអ្វីបានជាយើងស្ថិតក្នុងភាពគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? 31 បងប្អូនអើយ ខ្ញុំសូមបញ្ជាក់ដោយនូវមោទនភាពចំពោះអ្នករាល់គ្នាដែលខ្ញុំមានក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងថា ខ្ញុំស្លាប់ជារៀងរាល់ថ្ងៃ! 32 ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា ប្រសិនបើខ្ញុំបានប្រយុទ្ធនឹងសត្វសាហាវនៅអេភេសូរ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ នោះ“ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។ 33 កុំចាញ់បោកឡើយ! “មិត្តអាក្រក់ធ្វើឲ្យខូចចរិតល្អ”។ 34 ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ រូបកាយដែលរស់ឡើងវិញ35 ប៉ុន្តែនឹងមានអ្នកខ្លះសួរថា៖ “តើមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច? តើពួកគេនឹងមកដោយរូបកាយបែបណា?”។ 36 មនុស្សល្ងីល្ងើអើយ! អ្វីដែលអ្នកព្រោះ មិនទទួលជីវិតទេ លុះត្រាតែវាងាប់ 37 ហើយអ្វីដែលអ្នកបានព្រោះនោះ មិនមែនជារូបរាងដែលត្រូវដុះឡើងនោះទេ គឺជាគ្រាប់ទទេប៉ុណ្ណោះ ដូចជាគ្រាប់ស្រូវសាលី ឬគ្រាប់អ្វីផ្សេងទៀត។ 38 ប៉ុន្តែព្រះប្រទានឲ្យវាមានរូបរាងតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់នីមួយៗមានរូបរាងរបស់វាផ្ទាល់។ 39 គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ មនុស្សមានសាច់ម្យ៉ាង សត្វមានសាច់ម្យ៉ាង បក្សាបក្សីមានសាច់ម្យ៉ាង ហើយត្រីក៏មានសាច់ម្យ៉ាងដែរ។ 40 មានរូបកាយនៃស្ថានសួគ៌ និងរូបកាយនៃផែនដី ប៉ុន្តែសិរីរុងរឿងនៃស្ថានសួគ៌គឺម្យ៉ាង ហើយសិរីរុងរឿងនៃផែនដីក៏ម្យ៉ាងដែរ។ 41 រស្មីព្រះអាទិត្យគឺម្យ៉ាង រស្មីព្រះចន្ទក៏ម្យ៉ាង រស្មីផ្កាយក៏ម្យ៉ាង ហើយសូម្បីតែរស្មីផ្កាយមួយ ក៏ខុសពីផ្កាយមួយទៀតដែរ។ 42 ការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នោះដែរ គឺត្រូវបានសាបព្រោះក្នុងភាពដែលតែងតែសាបសូន្យ ប៉ុន្តែត្រូវបានលើកឡើងវិញក្នុងភាពដែលមិនចេះសាបសូន្យ; 43 ត្រូវបានសាបព្រោះក្នុងភាពអាប់យស ប៉ុន្តែត្រូវបានលើកឡើងវិញក្នុងសិរីរុងរឿង; ត្រូវបានសាបព្រោះក្នុងភាពខ្សោយ ប៉ុន្តែត្រូវបានលើកឡើងវិញទាំងប្រកបដោយអំណាច; 44 ត្រូវបានសាបព្រោះជារូបកាយខាងសាច់ឈាម ប៉ុន្តែត្រូវបានលើកឡើងវិញជារូបកាយខាងវិញ្ញាណ។ ប្រសិនបើមានរូបកាយខាងសាច់ឈាម ក៏មានរូបកាយខាងវិញ្ញាណដែរ។ 45 មានសរសេរទុកមកដូច្នេះដែរថា: “អ័ដាមមនុស្សដំបូងបានជាអ្នកមានជីវិត” រីឯអ័ដាមចុងក្រោយ បានជាវិញ្ញាណផ្ដល់ជីវិត។ 46 យ៉ាងណាមិញ មិនមែនរូបកាយខាងវិញ្ញាណទេ ដែលមកមុន គឺរូបកាយខាងសាច់ឈាមវិញ; លុះក្រោយមក ទើបមានរូបកាយខាងវិញ្ញាណ។ 47 មនុស្សទីមួយមកពីផែនដី គឺជារបស់ធូលីដី; មនុស្សទីពីរមកពីស្ថានសួគ៌។ 48 ដូចដែលមនុស្សម្នាក់នៃធូលីដីជាយ៉ាងណា អស់អ្នកនៃធូលីដីក៏ជាយ៉ាងនោះដែរ; ដូចដែលមនុស្សម្នាក់នៃស្ថានសួគ៌ជាយ៉ាងណា អស់អ្នកនៃស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។ 49 ដូចដែលយើងមានលក្ខណៈមនុស្សម្នាក់នៃធូលីដីយ៉ាងណា យើងក៏នឹងមានលក្ខណៈមនុស្សម្នាក់នៃស្ថានសួគ៌យ៉ាងនោះដែរ។ ការរស់ឡើងវិញដ៏មានជ័យជម្នះ50 បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា សាច់និងឈាម មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ ហើយអ្វីដែលតែងតែសាបសូន្យ ក៏មិនអាចទទួលអ្វីដែលមិនចេះសាបសូន្យជាមរតកបានដែរ។ 51 មើល៍! ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នករាល់គ្នា គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ គឺយើងទាំងអស់គ្នានឹងត្រូវបានផ្លាស់ប្រែវិញ 52 ក្នុងមួយរំពេច ក្នុងមួយប៉ប្រិចភ្នែក ដោយសំឡេងត្រែចុងក្រោយ។ ពិតមែនហើយ នឹងមានសំឡេងត្រែផ្លុំឡើង ហើយមនុស្សស្លាប់នឹងត្រូវបានលើកឲ្យរស់ឡើងវិញជាអមតៈ រីឯយើងក៏នឹងត្រូវបានផ្លាស់ប្រែ; 53 ដ្បិតភាពដែលរមែងតែងតែសាបសូន្យនេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះ ត្រូវតែបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់។ 54 កាលណាភាពដែលរមែងតែងតែសាបសូន្យនេះ បំពាក់ខ្លួនដោយភាពដែលមិនចេះសាបសូន្យ ហើយភាពដែលរមែងតែងតែស្លាប់នេះបំពាក់ខ្លួនដោយភាពដែលមិនចេះស្លាប់ ពេលនោះសេចក្ដីដែលមានសរសេរទុកមកនឹងបានសម្រេច ដែលថា: “សេចក្ដីស្លាប់ត្រូវជ័យជម្នះលេបបាត់ហើយ!” ។ 55 “សេចក្ដីស្លាប់អើយ! តើជ័យជម្នះ របស់ឯងនៅឯណា? សេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា? ”។ 56 ទ្រនិចនៃសេចក្ដីស្លាប់ គឺបាប ហើយអំណាចរបស់បាប គឺក្រឹត្យវិន័យ។ 57 ប៉ុន្តែសូមអរព្រះគុណដល់ព្រះ ដែលព្រះអង្គបានប្រទានជ័យជម្នះដល់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង! 58 បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕ |