ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 45 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 45

1 ព្រះយេហូវ៉ា​មានបន្ទូល​ទៅកាន់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ស៊ីរូស​ជា​អ្នកដែល​ព្រះអង្គ​កាន់​ដៃស្ដាំ​របស់ទ្រង់ ដើម្បី​បង្ក្រាប​ប្រជាជាតិ​នានា​នៅមុខ​ទ្រង់ ហើយ​បន្ធូរ​ខ្សែក្រវាត់​របស់​ពួក​ស្ដេច ដើម្បី​បើក​ទ្វារ​នៅមុខ​ទ្រង់ ហើយ​ទ្វារក្រុង​នឹង​មិន​បិទ​ឡើយ​—— ព្រះអង្គ​មានបន្ទូល​ទៅកាន់​ទ្រង់​ដូច្នេះ​ថា​៖

2 “យើង​នឹង​ទៅ​ខាងមុខ​អ្នក ហើយ​ធ្វើឲ្យ​ទីរដិបរដុប​បាន​រាបស្មើ​; យើង​នឹង​បំបាក់​ទ្វារ​លង្ហិន ហើយ​កាត់​រនុក​ដែក​ចោល​។

3 យើង​នឹង​ឲ្យ​ទ្រព្យសម្បត្តិ​ដែលនៅ​ទីងងឹត និង​កំណប់​ដែលនៅ​ទីស្ងាត់កំបាំង​ដល់​អ្នក ដើម្បីឲ្យ​អ្នក​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ហៅ​អ្នក​ចំ​ឈ្មោះ​។

4 ដោយយល់ដល់​យ៉ាកុប​អ្នកបម្រើ​របស់យើង និង​អ៊ីស្រាអែល​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​នឹង​ហៅ​អ្នក​ចំ​ឈ្មោះ​។ យើង​នឹង​ឲ្យនាម​មួយ​ដល់​អ្នក ទោះបីជា​អ្នក​មិន​ស្គាល់​យើង​ក៏ដោយ​។

5 យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។ យើង​នឹង​ក្រវាត់​អ្នក ទោះបីជា​អ្នក​មិន​ស្គាល់​យើង​ក៏ដោយ

6 ដើម្បីឲ្យ​មនុស្សទាំងអស់​បាន​ដឹង ពី​តំបន់ថ្ងៃរះ​រហូតដល់​តំបន់ថ្ងៃលិច​ថា គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។

7 យើង​បាន​សូន​ពន្លឺ​ឡើង ហើយ​និម្មិតបង្កើត​ភាពងងឹត​; យើង​បាន​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត ហើយ​និម្មិតបង្កើត​មហន្តរាយ​។ គឺ​យើង​ជា​យេហូវ៉ា បាន​ធ្វើ​គ្រប់​ការទាំងនេះ​។

8 ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។

9 វេទនា​ហើយ​! អ្នកដែល​តតាំង​នឹង​អ្នកដែល​បាន​សូន​ខ្លួន​ឡើង​! គេគ្រាន់តែជា​ភាជនៈដី​មួយ​ក្នុងចំណោម​ភាជនៈដី​ទាំងអស់​នៅលើ​ផែនដី​ប៉ុណ្ណោះ​។ តើ​ដីឥដ្ឋ​និយាយ​នឹង​អ្នកដែល​សូន​ខ្លួន​ថា​៖ “ឯង​កំពុង​ធ្វើ​អ្វី​? ម្ដេចក៏​សមិទ្ធផល​របស់ឯង​គ្មាន​ដៃចាប់​ដូច្នេះ​?” ឬ​?

10 វេទនា​ហើយ​! អ្នកដែល​និយាយ​នឹង​ឪពុក​ថា​៖ “ពុក​បាន​បង្កើត​អ្វី​?” ឬ​និយាយ​នឹង​ម្ដាយ​ថា​៖ “ម៉ែ​បាន​សម្រាល​អ្វី​?”។

11 ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ជា​អ្នកដែល​សូន​ពួកគេ​ឡើង មានបន្ទូល​ដូច្នេះ​ថា​៖ “ចូរ​សួរ​យើង​អំពី​ការដែល​នឹង​មកដល់ ហើយ​បង្គាប់​យើង​ទាក់ទងនឹង​កូនចៅ​របស់យើង និង​កិច្ចការ​នៃ​ដៃ​របស់យើង​ចុះ​។

12 គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។

13 យើង​បាន​ដាស់​ស៊ីរូស​ឡើង​ដោយ​សេចក្ដីសុចរិត ព្រមទាំង​តម្រង់​គ្រប់ទាំង​ផ្លូវ​របស់គាត់​។ គាត់​នឹង​សង់​ទីក្រុង​របស់យើង​ឡើងវិញ ហើយ​ដោះលែង​ជនជម្លៀស​របស់យើង មិនមែន​ដើម្បី​ប្រាក់ចំណូល​ទេ ក៏​មិនមែន​ដើម្បី​រង្វាន់​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ហើយ​។

ព្រះយេហូវ៉ាជាព្រះសង្គ្រោះតែមួយអង្គគត់

14 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផលពីការនឿយហត់​របស់​អេហ្ស៊ីប និង​កម្រៃ​របស់​អេត្យូពី ព្រមទាំង​ជនជាតិសាបា​ជា​មនុស្ស​មាន​មាឌធំ នឹង​ឆ្លងមក​ឯ​អ្នក ក៏​នឹង​ទៅជា​របស់​អ្នក​។ ពួកគេ​នឹង​ទៅតាម​អ្នក ពួកគេ​នឹង​ឆ្លងមក​ទាំង​ជាប់​ច្រវាក់ ហើយ​ក្រាបចុះ​នៅចំពោះ​អ្នក ទាំង​សារភាព​ដល់​អ្នក​ថា​: ‘ព្រះ​គង់នៅ​ក្នុង​អ្នក​ជាប្រាកដ​! គ្មានអ្នកណា​ទៀត​ឡើយ​! គ្មាន​ព្រះ​ណាឡើយ​!’”។

15 ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!

16 អស់ទាំង​ជាងធ្វើ​រូបបដិមាករ​នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស ពួកគេ​នឹង​ចេញទៅ​ទាំង​ទទួលការអាប់យស​ជាមួយគ្នា​។

17 រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។

18 ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។

19 យើង​មិន​បាន​និយាយ​ក្នុង​ទីលាក់កំបាំង ក្នុង​កន្លែង​មួយ​នៅ​ទឹកដី​នៃ​សេចក្ដីងងឹត​ឡើយ​។ យើង​មិន​បាន​និយាយ​នឹង​ពូជពង្ស​របស់​យ៉ាកុប​ថា​: ‘ចូរ​ស្វែងរក​យើង​ជា​ឥតប្រយោជន៍’ នោះ​ទេ​។ យើង​ជា​យេហូវ៉ា យើង​និយាយ​សេចក្ដីសុចរិត យើង​ប្រកាស​សេចក្ដីទៀងត្រង់​។

20 ចូរ​ផ្ដុំគ្នា ហើយ​មក​ចុះ​! ជនភៀសខ្លួន​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ចូលមកជិត​ជាមួយគ្នា​! ពួកអ្នកដែល​សែង​រូបឆ្លាក់​ឈើ​របស់ខ្លួន ហើយ​អធិស្ឋាន​ទៅ​ព្រះ​ដែល​សង្គ្រោះ​មិនបាន ពួកគេ​មិន​ដឹង​អ្វីសោះ​។

21 ចូរ​ចូលមកជិត ហើយ​ប្រកាស​ចុះ​! មែនហើយ ចូរ​ប្រឹក្សា​គ្នា​ចុះ​! តើ​នរណា​បាន​តំណាល​ការនេះ​ឲ្យស្ដាប់​តាំងពីបុរាណមក​? តើ​នរណា​បាន​ប្រកាស​ការនេះ​តាំងពីដើមមក​? តើ​មិនមែន​យើង​ជា​យេហូវ៉ា​ទេ​ឬ​? គ្មាន​ព្រះ​ណា​ទៀត​ក្រៅពី​យើង​ឡើយ ដែលជា​ព្រះ​ដ៏សុចរិតយុត្តិធម៌ និង​ជា​ព្រះសង្គ្រោះ​; ក្រៅពី​យើង គ្មានអ្នកណាឡើយ​។

22 អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។

23 យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។

24 គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។

25 អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative