ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 23 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 23

1 នៅពេល​អ្នក​អង្គុយ​ហូប​ជាមួយ​មេគ្រប់គ្រង ចូរ​ពិចារណាដោយយកចិត្តទុកដាក់​នូវ​អ្វីដែល​នៅចំពោះមុខ​អ្នក​។

2 ប្រសិនបើ​អ្នក​ជា​មនុស្ស​ល្មោភស៊ី នោះ​ចូរ​ភ្ជង់​កាំបិត​នៅនឹង​បំពង់ក​អ្នក​ចុះ​។

3 កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ឡើយ ដ្បិត​វា​ជា​អាហារ​នៃ​សេចក្ដីបញ្ឆោត​។

4 កុំ​ធ្វើការនឿយហត់​ដើម្បី​ក្លាយជាអ្នកមាន​ឡើយ ចូរមាន​ការយល់ដឹង​ឡើង ហើយ​ឈប់​ទៅ​!

5 កាលណា​អ្នក​ចោល​ភ្នែក​ទៅលើ​ទ្រព្យសម្បត្តិ វា​ក៏​បាត់ទៅ ដ្បិត​វា​តែងតែដុះ​ស្លាប​ហើរ​ទៅលើ​មេឃ​ដូច​ឥន្ទ្រី​។

6 កុំ​ហូប​អាហារ​របស់​មនុស្សកំណាញ់​ឡើយ ក៏​កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ដែរ

7 ដ្បិត​ដូចដែល​គេ​កត់ទុក​ក្នុង​ចិត្ត​យ៉ាងណា គេ​ក៏​និយាយ​យ៉ាងនោះដែរ ថា​៖ “អញ្ជើញ​ហូប និង​ផឹក​ចុះ” ប៉ុន្តែ​ចិត្ត​របស់គេ​មិន​នៅជាមួយ​អ្នក​ឡើយ​។

8 សូម្បីតែ​អាហារមួយម៉ាត់​ដែល​អ្នក​បាន​ហូប ក៏​អ្នក​នឹង​ក្អួតចេញ ហើយ​ខ្ជះខ្ជាយ​ពាក្យសម្ដី​ផ្អែម​របស់អ្នក​ដែរ​។

9 កុំ​និយាយ​ឲ្យ​មនុស្សល្ងង់​បាន​ឮ​ឡើយ ពីព្រោះ​គេ​នឹង​មើលងាយ​សុភនិច្ឆ័យ​នៃ​ពាក្យសម្ដី​របស់អ្នក​។

10 កុំ​បង្ខិត​ព្រំដី​ពីបុរាណ ឬ​រុករានទន្ទ្រាន​ស្រែចម្ការ​របស់​កូនកំព្រា​ឡើយ

11 ដ្បិត​ព្រះប្រោសលោះ​របស់ពួកគេ​ទ្រង់​ខ្លាំងពូកែ ព្រះអង្គ​នឹង​កាន់ក្ដី​ឲ្យ​ពួកគេ​ទាស់នឹង​អ្នក​។

12 ចូរ​ផ្ចង់ចិត្ត​អ្នក​នឹង​ការប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​របស់អ្នក​នឹង​ពាក្យ​នៃ​ចំណេះដឹង​ចុះ​។

13 កុំ​បង្ខាំងទុក​ការប្រៀនប្រដៅ​ពី​កូនក្មេង​ឡើយ ទោះបីជា​វាយ​វា​នឹង​រំពាត់​ក៏ដោយ ក៏​វា​នឹង​មិន​ស្លាប់​ទេ​។

14 ចូរ​អ្នក​វាយ​វា​នឹង​រំពាត់ នោះ​អ្នក​នឹង​សង្គ្រោះ​ព្រលឹង​របស់វា​ពី​ស្ថានមនុស្សស្លាប់​។

15 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​ចិត្ត​របស់អ្នក​មានប្រាជ្ញា ចិត្ត​របស់ខ្ញុំ​ក៏​នឹង​អរសប្បាយ​ដែរ​!

16 ដួងចិត្ត​របស់ខ្ញុំ​នឹង​លោតកញ្ឆេង នៅពេល​បបូរមាត់​របស់អ្នក​និយាយ​សេចក្ដីទៀងត្រង់​។

17 កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។

18 អ្នក​ប្រាកដជា​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។

19 កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់ ហើយ​មានប្រាជ្ញា ចូរ​នាំ​ចិត្ត​អ្នក​ទៅក្នុង​ផ្លូវត្រឹមត្រូវ​ចុះ​!

20 កុំ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួក​ប្រមឹក​ស្រា ឬ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួក​ល្មោភស៊ី​សាច់​ឡើយ

21 ដ្បិត​ពួក​ប្រមឹក និង​ពួក​ល្មោភស៊ី​នឹង​ធ្លាក់ខ្លួនក្រ ហើយ​សេចក្ដីងោកងុយ​នឹង​ស្លៀកពាក់ឲ្យ​ពួកគេ​ដោយ​សម្លៀកបំពាក់កណ្ដាច​។

22 ចូរ​ស្ដាប់តាម​ឪពុក​របស់អ្នក ដែល​ជា​អ្នក​ផ្ដល់កំណើត​ដល់​អ្នក ហើយ​កុំ​មើលងាយ​ម្ដាយ​របស់អ្នក​នៅពេល​គាត់​ចាស់​ឡើយ​។

23 ចូរ​ទិញ​សេចក្ដីពិត ប្រាជ្ញា ការប្រៀនប្រដៅ និង​ការយល់ដឹង កុំ​លក់​វា​ឡើយ​។

24 ឪពុក​របស់​មនុស្ស​សុចរិត ប្រាកដជា​ត្រេកអរយ៉ាងក្រៃលែង ហើយ​បុរសដែល​ផ្ដល់កំណើត​ដល់​មនុស្ស​មានប្រាជ្ញា មុខជាអរសប្បាយ​នឹង​កូននោះ​មិនខាន​។

25 ចូរ​ធ្វើឲ្យ​ឪពុក និង​ម្ដាយ​របស់អ្នក មានអំណរ ហើយ​ធ្វើឲ្យ​ស្ត្រីដែល​សម្រាល​អ្នក​មក បាន​ត្រេកអរ​ចុះ​។

26 កូន​របស់ខ្ញុំ​អើយ ចូរ​ប្រគល់​ចិត្ត​របស់អ្នក​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​ភ្នែក​របស់អ្នក​រក្សា​ផ្លូវ​របស់ខ្ញុំ​ចុះ​!

27 ដ្បិត​ស្រីសំផឹង​ជា​រណ្ដៅ​ដ៏ជ្រៅ ហើយ​ស្រីក្រៅ​ជា​អណ្ដូង​ដ៏ចង្អៀត​។

28 នាង​សម្ងំចាំ​ដូច​ចោរប្លន់ ហើយ​បន្ថែម​មនុស្ស​ក្បត់​នៅក្នុងចំណោម​មនុស្សប្រុស​។

29 តើ​នរណា​វេទនា​? តើ​នរណា​មាន​ទុក្ខសោក​? តើ​នរណា​មាន​ជម្លោះ​? តើ​នរណា​ត្អូញត្អែរ​? តើ​នរណា​មាន​របួស​ដោយគ្មានមូលហេតុ​? តើ​នរណា​មាន​ភ្នែក​ក្រហមងាំង​?

30 គឺជា​ពួកអ្នកដែល​នៅត្រាំត្រែង​ជាមួយ​ស្រា ជា​ពួកអ្នកដែល​ទៅ​រក​ស្រាលាយ​។

31 កុំ​មើល​ស្រាទំពាំងបាយជូរ​នៅពេល​វា​មានពណ៌ក្រហម ពេល​វា​ចាំងផ្លេកៗ​នៅក្នុង​ពែង ហើយ​ស្រក់ចុះទៅ​យ៉ាងស្រួល​នោះ​ឡើយ​។

32 នៅទីបំផុត វា​នឹង​ចឹក​ដូច​ពស់ ហើយ​អុច​ដូច​ពស់ពិស​។

33 ភ្នែក​របស់អ្នក​នឹង​ឃើញ​អ្វី​ប្លែកៗ ហើយ​ចិត្ត​របស់អ្នក​នឹង​ពោល​សេចក្ដីកំហូច​។

34 អ្នក​នឹង​បាន​ដូចជា​អ្នកដែល​ដេក​នៅកណ្ដាល​សមុទ្រ ឬ​ដូចជា​អ្នកដែល​ដេក​នៅលើ​ចុង​ដងក្ដោង​។

35 អ្នកនឹងពោលថា​៖ “គេ​បាន​វាយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អត់​ឈឺ​ទេ​! គេ​បាន​សំពង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ផង​! តើ​ខ្ញុំ​នឹង​ភ្ញាក់ឡើង​ពេលណា​? ខ្ញុំ​នឹង​ទៅរក​ស្រា​ទៀត”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative