សុភាសិត 22 - ព្រះគម្ពីរខ្មែរសាកល1 គួរជ្រើសរើសកេរ្តិ៍ឈ្មោះជាជាងទ្រព្យសម្បត្តិជាច្រើន ហើយការរាប់អានប្រសើរជាងប្រាក់ និងមាសទៅទៀត។ 2 អ្នកមាន និងអ្នកក្រមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាព្រះសូនបង្កើតរបស់ពួកគេទាំងពីរ។ 3 មនុស្សឆ្លាតវៃឃើញមហន្តរាយ ក៏លាក់ខ្លួន រីឯមនុស្សខ្វះចំណេះដឹងដើរចូលទៅ ហើយទទួលទោស។ 4 រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។ 5 មានបន្លា និងអន្ទាក់នៅក្នុងផ្លូវរបស់មនុស្សវៀចវេរ អ្នកដែលការពារព្រលឹងរបស់ខ្លួន នឹងចេញឆ្ងាយពីផ្លូវនោះ។ 6 ចូរបង្ហាត់កូនក្មេងក្នុងផ្លូវដែលវាត្រូវដើរ នោះកាលណាវាចាស់ទៅ វានឹងមិនបែរចេញពីផ្លូវនោះឡើយ។ 7 អ្នកមានគ្រប់គ្រងលើអ្នកក្រ ហើយអ្នកដែលខ្ចីគេ ជាទាសករដល់អ្នកដែលឲ្យខ្ចី។ 8 អ្នកដែលសាបព្រោះសេចក្ដីទុច្ចរិត នឹងច្រូតបានសេចក្ដីអន្តរាយ ហើយដំបងនៃសេចក្ដីក្ដៅក្រហាយរបស់អ្នកនោះ នឹងសាបសូន្យទៅ។ 9 អ្នកដែលមានភ្នែកសប្បុរសនឹងមានពរ ពីព្រោះគាត់ចែកអាហាររបស់ខ្លួនឲ្យអ្នកក្រខ្សត់។ 10 ចូរបណ្ដេញមនុស្សចំអកឡកឡឺយចេញ នោះទំនាស់នឹងចេញទៅ ហើយការប្រកែកគ្នា និងសេចក្ដីអាម៉ាស់ក៏លែងមានដែរ។ 11 អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ និងបបូរមាត់អនុគ្រោះ អ្នកនោះមានស្ដេចជាមិត្តភក្ដិរបស់ខ្លួន។ 12 ព្រះនេត្ររបស់ព្រះយេហូវ៉ាថែរក្សាចំណេះដឹង ប៉ុន្តែព្រះអង្គបំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់។ 13 មនុស្សខ្ជិលច្រអូសពោលថា៖ “មានតោនៅខាងក្រៅ ខ្ញុំមុខជាត្រូវវាសម្លាប់នៅកណ្ដាលផ្លូវមិនខាន!”។ 14 មាត់របស់ស្ត្រីផិតក្បត់ជារណ្ដៅដ៏ជ្រៅ អ្នកដែលត្រូវព្រះយេហូវ៉ាទ្រង់ព្រះពិរោធ នឹងធ្លាក់ទៅក្នុងរណ្ដៅនោះ។ 15 សេចក្ដីល្ងីល្ងើមានចងភ្ជាប់នៅក្នុងចិត្តកូនក្មេង ប៉ុន្តែរំពាត់នៃការប្រៀនប្រដៅនឹងបណ្ដេញវាឲ្យចេញឆ្ងាយពីកូនក្មេង។ 16 អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។ ពាក្យរបស់មនុស្សមានប្រាជ្ញា 17 ចូរផ្ទៀងត្រចៀករបស់អ្នក ស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញា ហើយផ្ចង់ចិត្តអ្នក នឹងចំណេះដឹងរបស់ខ្ញុំចុះ។ 18 ប្រសិនបើអ្នកបានរក្សាសេចក្ដីទាំងនោះនៅក្នុងខ្លួនអ្នក ហើយប្រសិនបើសេចក្ដីទាំងនោះបានរួចរាល់ជានិច្ចនៅលើបបូរមាត់អ្នក នោះប្រពៃហើយ។ 19 ខ្ញុំបានបង្រៀនអ្នកនៅថ្ងៃនេះ គឺអ្នកហ្នឹងឯង ដើម្បីឲ្យអ្នកមានការទុកចិត្តលើព្រះយេហូវ៉ា។ 20 តើខ្ញុំមិនបានសរសេរពាក្យទំនៀមសាមសិបអំពីឱវាទ និងចំណេះដឹងសម្រាប់អ្នកទេឬ? 21 ពាក្យទំនៀមទាំងនោះ គឺដើម្បីឲ្យអ្នកបានស្គាល់ភាពប្រាកដប្រជារបស់ពាក្យនៃសេចក្ដីពិត និងដើម្បីឲ្យអ្នកបានផ្ដល់ចម្លើយនៃសេចក្ដីពិតដល់ពួកអ្នកដែលចាត់អ្នកឲ្យមក។ 22 កុំប្លន់អ្នកក្រខ្សត់ដោយសារគេក្រខ្សត់នោះឡើយ ក៏កុំជាន់ឈ្លីមនុស្សទ័លក្រនៅទ្វារក្រុងដែរ 23 ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។ 24 កុំសេពគប់ជាមួយមនុស្សចំណូលកំហឹងឡើយ ក៏កុំដើរចុះឡើងជាមួយមនុស្សឆាប់ខឹងដែរ 25 ក្រែងលោអ្នកបានរៀនតាមផ្លូវរបស់គេ ហើយធ្វើឲ្យព្រលឹងរបស់ខ្លួនជាប់អន្ទាក់។ 26 កុំធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលចាប់ដៃសន្យា ឬធ្វើជាម្នាក់ក្នុងចំណោមពួកអ្នកដែលធានាបំណុលឡើយ។ 27 ប្រសិនបើអ្នកគ្មានអ្វីសងទេ ចុះឲ្យគេដកយកគ្រែពីក្រោមអ្នកធ្វើអី? 28 កុំបង្ខិតព្រំដីពីបុរាណដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។ 29 តើអ្នកបានឃើញមនុស្សដែលស្ទាត់ជំនាញក្នុងការងាររបស់ខ្លួនទេ? គេនឹងឈរនៅចំពោះព្រះភក្ត្រស្ដេច គឺមិនឈរនៅចំពោះមុខមនុស្សតូចទាបឡើយ៕ |