ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាស្តា 9 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាស្តា 9

ជីវិតមនុស្សជាការឥតន័យ

1 ដោយហេតុនេះ ខ្ញុំ​បាន​ដាក់​ការទាំងអស់​នេះ​ក្នុង​ចិត្ត ទាំង​ពិនិត្យពិច័យ​ការទាំងអស់​នេះ ក៏ឃើញ​ថា មនុស្ស​សុចរិត និង​មនុស្ស​មានប្រាជ្ញា ព្រមទាំង​កិច្ចការ​របស់ពួកគេ នៅក្នុង​ព្រះហស្ត​របស់​ព្រះ​។ មនុស្ស​មិន​ដឹង​អ្វី​ទាំងអស់​ដែល​នឹងកើតឡើងដល់​ខ្លួន​ឡើយ មិនថា​សេចក្ដីស្រឡាញ់ មិនថា​សម្អប់​។

2 អ្វីៗ​ទាំងអស់​ដូចគ្នា​ដល់​មនុស្ស​ទាំងអស់ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​បរិសុទ្ធ និង​មនុស្ស​សៅហ្មង មនុស្សដែល​ថ្វាយយញ្ញបូជា និង​មនុស្ស​ដែល​មិន​ថ្វាយយញ្ញបូជា​។ ដូចដែល​មនុស្ស​ល្អ​ជា​យ៉ាងណា មនុស្សបាប​ក៏​ជា​យ៉ាងនោះ ហើយ​ដូចដែល​មនុស្សដែល​ស្បថ​ជា​យ៉ាងណា មនុស្សដែល​ខ្លាច​សម្បថ​ក៏ជាយ៉ាងនោះដែរ​។

3 នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។

4 ជាការពិត អ្នកណា​ដែល​រួម​ជាមួយ​មនុស្សរស់​ទាំងអស់ អ្នកនោះ​មាន​សង្ឃឹម ដ្បិត​ឆ្កែ​រស់​ប្រសើរ​ជាង​តោ​ងាប់​;

5 ដ្បិត​មនុស្ស​រស់​ដឹង​ថា​ពួកគេ​នឹង​ស្លាប់ រីឯ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ហើយ​គ្មាន​រង្វាន់​ដល់​ពួកគេ​ទៀត​ដែរ ពីព្រោះ​ការនឹកចាំ​អំពី​ពួកគេ​ត្រូវបាន​ភ្លេច​ហើយ​។

6 សេចក្ដីស្រឡាញ់ សម្អប់ និង​សេចក្ដីច្រណែន​របស់ពួកគេ​បាន​វិនាស​តាំងពីយូរមកហើយ​; គ្មាន​ចំណែក​ដល់​ពួកគេ​ទៀត​ជារៀងរហូត ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​។

7 ដូច្នេះ ចូរ​ទៅ​ចុះ​! ហូប​អាហារ​របស់អ្នក​ដោយ​អំណរ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​របស់អ្នក​ដោយ​ចិត្ត​រីករាយ ដ្បិត​ព្រះ​បាន​យល់ស្រប​នឹង​កិច្ចការ​របស់អ្នក​ហើយ​។

8 ត្រូវឲ្យ​សម្លៀកបំពាក់​របស់អ្នក​នៅ​ស​គ្រប់ពេលវេលា ហើយ​កុំឲ្យ​ខ្វះ​ប្រេងអូលីវ​នៅលើ​ក្បាល​របស់អ្នក​ឡើយ​។

9 ចូរ​សប្បាយរីករាយ​នឹង​ជីវិតរស់នៅ​ជាមួយ​ប្រពន្ធ​ដែល​អ្នក​ស្រឡាញ់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​ដ៏ឥតន័យ​របស់អ្នក​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​នៅក្រោម​ថ្ងៃ គឺ​អស់ទាំង​ថ្ងៃ​ដ៏ឥតន័យ​របស់អ្នក​។ ជាការពិត នេះ​ជា​ចំណែក​របស់អ្នក​នៅក្នុង​ជីវិត និង​នៅក្នុង​ការនឿយហត់​របស់អ្នក ដែល​អ្នក​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​។

10 អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។

ប្រាជ្ញាប្រសើរជាងកម្លាំង

11 ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។

12 ជាការពិត មនុស្ស​មិន​ដឹង​ពេល​របស់ខ្លួន​ឡើយ​។ ដូចដែល​ត្រី​ជាប់​ក្នុង​សំណាញ់​ដ៏សាហាវ ឬ​ដូចដែល​បក្សាបក្សី​ជាប់​ក្នុង​អង្គប់​យ៉ាងណា មនុស្សលោក​ក៏​ជាប់អន្ទាក់​ក្នុង​គ្រានៃមហន្តរាយ​យ៉ាងនោះដែរ នៅពេល​វា​ធ្លាក់​មកលើ​ពួកគេ​ក្នុងមួយរំពេច​។

13 ខ្ញុំ​បាន​ឃើញ​ប្រាជ្ញា​យ៉ាងនេះ​ទៀត​នៅក្រោម​ថ្ងៃ ហើយ​វា​អស្ចារ្យ​ដល់​ខ្ញុំ

14 គឺ​មាន​ទីក្រុង​តូច​មួយ​ដែល​មាន​ប្រជាជន​តិច ក៏​មាន​ស្ដេច​ដ៏ធំ​មក​ឯ​ទីក្រុងនោះ ហើយ​ឡោមព័ទ្ធ​វា ព្រមទាំង​សង់​របាំង​ដ៏ធំ​ទាស់នឹង​វា​។

15 នៅ​ទីក្រុងនោះ មាន​បុរស​ក្រីក្រ​ម្នាក់​ដែល​មានប្រាជ្ញា គាត់​ក៏​រំដោះ​ទីក្រុង​នោះ​ដោយ​ប្រាជ្ញា​របស់គាត់​; យ៉ាងណាមិញ គ្មាន​អ្នកណា​នឹកចាំ​អំពី​បុរស​ក្រីក្រ​នោះ​ឡើយ​។

16 នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។

17 ការដែល​ស្ដាប់​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​និយាយ​ដោយ​ស្ងប់ស្ងាត់ ប្រសើរជាង​ស្ដាប់​សម្រែក​របស់​មេគ្រប់គ្រង​ក្នុងចំណោម​មនុស្សល្ងង់​។

18 ប្រាជ្ញា​ប្រសើរ​ជាង​អាវុធ​ចម្បាំង ប៉ុន្តែ​មនុស្សបាប​តែម្នាក់ បំផ្លាញ​ការល្អ​ជាច្រើន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative