ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាស្តា 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាស្តា 6

1 មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ ហើយ​វា​សង្កត់​លើ​មនុស្សជាតិ​យ៉ាងធ្ងន់

2 គឺ​មាន​ម្នាក់​ដែល​ព្រះ​ប្រទាន​ភាពស្ដុកស្ដម្ភ ទ្រព្យធន និង​ភាពរុងរឿង​ដល់​គេ រហូតដល់​គេ​មិន​ខ្វះ​អ្វី​ទាំងអស់​ដែល​ចិត្ត​របស់ខ្លួន​ប្រាថ្នាចង់បាន ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ​បាន​ឡើយ គឺ​អ្នកដទៃ​បាន​ហូប​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និងជា​មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ដែរ​!

3 ប្រសិនបើ​មាន​មនុស្ស​ម្នាក់​បង្កើត​កូន​មួយរយ​នាក់ ហើយ​រស់នៅ​ច្រើន​ឆ្នាំ រហូតដល់​ថ្ងៃអាយុ​របស់គាត់​មាន​ច្រើន ប៉ុន្តែ​ចិត្ត​គាត់​មិន​ស្កប់ស្កល់​នឹង​ភាពមានពរ ហើយ​គ្មានអ្នកណា​បញ្ចុះសព​គាត់ នោះ​ខ្ញុំ​សូម​និយាយថា​៖ “កូនរលូត​ប្រសើរ​ជាង​អ្នកនោះ​ទៅទៀត​!”។

4 ដ្បិត​វា​មក​ក្នុង​ភាពឥតន័យ ហើយ​ទៅវិញ​ក្នុង​ភាពងងឹត រីឯ​ឈ្មោះ​របស់វា​ក៏​ត្រូវបាន​គ្របបាំង​ដោយ​ភាពងងឹត​;

5 ទោះបីជា​វា​មិនដែល​ឃើញ​ពន្លឺថ្ងៃ ហើយ​មិន​ដឹង​អ្វី​ក៏ដោយ ក៏​វា​មាន​ភាពស្ងប់ស្ងៀម​ជាង​អ្នកនោះ​ដែរ​។

6 ថ្វីត្បិតតែ​អ្នកនោះ​មានជីវិតរស់​មួយពាន់​ឆ្នាំ​ពីរដង​ក៏ដោយ ប៉ុន្តែ​រក​មិន​ឃើញ​ការសប្បាយរីករាយ តើ​ទាំងអស់គ្នា​មិន​ទៅ​កន្លែង​តែមួយ​ទេ​ឬ​?

7 អស់ទាំង​ការនឿយហត់​របស់​មនុស្ស គឺ​សម្រាប់​មាត់​របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារ​ក៏​មិនចេះ​ឆ្អែត​ដែរ​។

8 ដូច្នេះ តើ​មនុស្ស​មានប្រាជ្ញា មាន​អ្វី​ពិសេស​ជាង​មនុស្សល្ងង់​? ការដែល​មនុស្ស​ទ័លក្រ​ស្គាល់​របៀបរស់នៅ នៅចំពោះ​មនុស្ស​រស់ តើ​ជា​អ្វី​ដល់​ខ្លួន​?

9 អ្វីដែល​ភ្នែក​មើលឃើញ ប្រសើរ​ជាង​ចិត្ត​ដែល​ស្រមើស្រមៃ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!

10 អ្វីៗ​ដែល​មាននៅ ត្រូវបាន​ដាក់ឈ្មោះ​តាំងពីយូរមកហើយ​; មនុស្ស​ជា​អ្វី​ក៏​ត្រូវបាន​ស្គាល់​ហើយ ហើយ​គេ​មិនអាច​ឈ្លោះប្រកែក​ជាមួយ​អ្នកដែល​ខ្លាំង​ជាង​ខ្លួន​បានឡើយ​។

11 មាន​ពាក្យសម្ដី​ច្រើន សេចក្ដីឥតន័យ​ក៏​ច្រើន​ដែរ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​?

12 តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative