Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 5 - ព្រះគម្ពីរខ្មែរសាកល


ប្រយ័ត្នប្រយែងពេលនៅក្នុងព្រះវត្តមានរបស់ព្រះ

1 ចូរ​ប្រយ័ត្នប្រយែង​ជំហាន​របស់អ្នក នៅពេល​អ្នក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ​; ការដែល​ចូលទៅជិត​ដើម្បី​ស្ដាប់ ប្រសើរជាង​ការដែល​មនុស្សល្ងង់​ថ្វាយ​យញ្ញបូជា ដ្បិត​ពួកគេ​មិន​ដឹង​ថា​ខ្លួនឯងកំពុង​ធ្វើ​អាក្រក់​ទេ​។

2 កុំឲ្យ​មាត់​របស់អ្នក​ប្រញាប់​ឡើយ ក៏​កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​នឹង​ពោលពាក្យ​នៅចំពោះ​ព្រះ​ដែរ ដ្បិត​ព្រះ​គង់នៅ​ស្ថានសួគ៌ រីឯ​អ្នក​នៅ​ផែនដី​វិញ ដូច្នេះ​ត្រូវឲ្យ​ពាក្យសម្ដី​របស់អ្នក​មាន​តិច​។

3 ជាការពិត ការយល់សប្តិ​មក​ពី​មាន​កិច្ចការ​ច្រើន ហើយ​សំឡេង​របស់​មនុស្សល្ងង់​មក​ពី​មាន​ពាក្យសម្ដី​ច្រើន​។

4 កាលណា​អ្នក​បន់​បំណន់​ដល់​ព្រះ កុំ​បង្អង់​នឹង​លាបំណន់​ឡើយ ដ្បិត​ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​មនុស្សល្ងង់​ទេ​។ ចូរ​លាបំណន់​ចំពោះ​អ្វីដែល​អ្នក​បាន​បន់​ចុះ​។

5 ការដែល​មិន​បន់ ប្រសើរ​ជាង​បន់ ហើយ​មិន​លាបំណន់​។

6 កុំ​ឲ្យ​មាត់​របស់អ្នក ធ្វើឲ្យ​រូបកាយ​របស់អ្នក​ប្រព្រឹត្តបាប​ឡើយ ក៏​កុំ​ពោល​នៅចំពោះ​អ្នកនាំសារ​ថា នេះ​ជា​ការយល់ច្រឡំ​ដែរ​។ ម្ដេចក៏​ត្រូវឲ្យ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​សំឡេង​របស់អ្នក ហើយ​បំផ្លាញ​កិច្ចការ​នៃ​ដៃ​របស់អ្នក​ដូច្នេះ​?

7 ដ្បិត​ការយល់សប្តិ​ច្រើន នាំមកនូវ​សេចក្ដីឥតន័យ និង​ពាក្យសម្ដី​ជាច្រើន​; គឺ​ព្រះ​ទេតើ ដែល​អ្នក​ត្រូវ​កោតខ្លាច​។


ភាពពិតនៃទ្រព្យសម្បត្តិ

8 ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។

9 យ៉ាងណាមិញ ភោគផល​ពី​ដី គឺសម្រាប់​ទាំងអស់គ្នា សូម្បីតែ​ស្ដេច​ក៏​ត្រូវបាន​បម្រើ​ពី​ស្រែចម្ការ​ដែរ​។

10 អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ មិន​ស្កប់ចិត្ត​នឹង​ប្រាក់​ឡើយ ហើយ​អ្នកណា​ដែល​ស្រឡាញ់​ភាពស្ដុកស្ដម្ភ ក៏​មិន​ស្កប់ចិត្ត​នឹង​ចំណូល​ដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!

11 កាលណា​ទ្រព្យសម្បត្តិ​ចម្រើនឡើង អ្នកដែល​ស៊ី​ទ្រព្យសម្បត្តិទាំងនោះ​ក៏​កើនឡើង​ដែរ ដូច្នេះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ពួក​ម្ចាស់​ទ្រព្យសម្បត្តិ ក្រៅពី​មើល​ដោយ​ភ្នែក​របស់ខ្លួន​?

12 ដំណេក​របស់​អ្នក​ធ្វើការនឿយហត់​គឺ​លក់ស្រួល ទោះបីជា​គេ​ហូប​តិច ឬ​ច្រើន​ក៏ដោយ ប៉ុន្តែ​ភាពបរិបូរ​របស់​អ្នកមាន មិន​ឲ្យ​គេ​ដេកលក់​ឡើយ​។

13 ខ្ញុំ​បាន​ឃើញ​ថា​មាន​ការអាក្រក់​មួយ​គួរឲ្យឈឺចិត្ត​នៅក្រោម​ថ្ងៃ គឺ​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់​សន្សំ នាំ​អន្តរាយ​ដល់​ខ្លួន

14 ហើយ​ទ្រព្យសម្បត្តិ​នោះ​ក៏​បាត់បង់​ទៅ ដោយសារតែ​ជំនួញ​បរាជ័យ​; ដូច្នេះ នៅពេល​គាត់​បង្កើត​បាន​កូនប្រុស ក៏​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ដែរ​។

15 ដូចដែល​គេ​ចេញមក​ពី​ផ្ទៃ​ម្ដាយ គឺ​ដូចដែល​គេ​បាន​មក​ទាំង​ខ្លួនទទេ​យ៉ាងណា គេ​នឹង​ត្រឡប់​ទៅ​វិញ​យ៉ាងនោះដែរ​; សូម្បីតែ​អ្វី​ពី​ការនឿយហត់​របស់ខ្លួន ក៏​គេ​យក​ទៅ​ក្នុង​ដៃ​របស់ខ្លួន​មិនបានឡើយ​។

16 នេះ​ក៏​ជា​ការអាក្រក់​គួរឲ្យឈឺចិត្ត​ដែរ គឺ​ដូចដែល​គេ​បាន​មក​យ៉ាងណា គេ​នឹង​ទៅវិញ​យ៉ាងនោះដែរ​; ការដែល​គេ​ប្រឹងប្រែងធ្វើការ​សម្រាប់​ខ្យល់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​គេ​?

17 លើសពីនេះទៅទៀត អស់ទាំង​ថ្ងៃ​របស់គេ គេ​ហូប​ក្នុង​ភាពងងឹត ហើយ​មានទុក្ខព្រួយ​ជាច្រើន ព្រមទាំង​មាន​ជំងឺ និង​កំហឹង​ផង​។

18 មើល៍! អ្វីដែល​ខ្ញុំ​បាន​ឃើញ​ថា​ល្អ និង​សម​នោះ គឺ​ហូប និង​ផឹក ហើយ​រកឃើញ​ការសប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​ខ្លួន​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ខ្លួន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្លួន ដ្បិត​នេះ​ជា​ចំណែក​របស់ខ្លួន​។

19 ម្យ៉ាងទៀត ចំពោះ​មនុស្ស​ទាំងអស់​ដែល​ព្រះ​បាន​ប្រទាន​ភាពស្ដុកស្ដម្ភ និង​ទ្រព្យធន​ដល់​គេ ព្រមទាំង​ឲ្យ​គេ​អាច​ហូប​ពី​របស់ទាំងនោះ និង​ទទួល​ចំណែក​របស់គេ​បាន ហើយ​សប្បាយ​ក្នុង​ការនឿយហត់​របស់ខ្លួន​ផង​——​នេះ​ក៏ជា​អំណោយទាន​របស់​ព្រះ​ដែរ​។

20 ជាការពិត គេ​មិន​នឹកចាំ​ច្រើន​អំពី​ថ្ងៃនៃជីវិត​របស់ខ្លួន​ឡើយ ពីព្រោះ​ព្រះ​ទ្រង់​បំពេញ​ចិត្ត​របស់គេ​ដោយ​អំណរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម