ផលពិបាកនៃភាពល្ងង់1 រុយងាប់ធ្វើឲ្យប្រេងរបស់អ្នកធ្វើទឹកអប់ភាយក្លិនស្អុយ; ភាពល្ងង់តែបន្តិចក៏ធ្ងន់ជាងប្រាជ្ញា និងកិត្តិយសដែរ។ 2 ចិត្តរបស់មនុស្សមានប្រាជ្ញាឆ្ពោះទៅស្ដាំ រីឯចិត្តរបស់មនុស្សល្ងង់ឆ្ពោះទៅឆ្វេង។ 3 សូម្បីតែនៅពេលមនុស្សល្ងង់ដើរតាមផ្លូវ ក៏គេខ្វះវិចារណញ្ញាណដែរ ហើយបង្ហាញដល់គ្រប់គ្នាថា ខ្លួនឯងជាមនុស្សល្ងង់។ 4 ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។ 5 មានការអាក្រក់មួយដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសអចេតនាដែលចេញមកពីមេគ្រប់គ្រង គឺ: 6 មានមនុស្សឆោតល្ងង់ត្រូវបានតាំងឡើងក្នុងកន្លែងខ្ពង់ខ្ពស់នានា រីឯពួកអ្នកមានអង្គុយនៅកន្លែងតូចទាបវិញ។ 7 ខ្ញុំបានឃើញបាវបម្រើនៅលើសេះ រីឯពួកមេដឹកនាំដើរនៅលើដីដូចបាវបម្រើវិញ។ 8 អ្នកដែលជីករណ្ដៅនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ; អ្នកដែលរំលំរបងថ្ម នឹងត្រូវពស់ចឹក។ 9 អ្នកដែលគាស់ថ្មនឹងត្រូវរបួសដោយថ្ម; អ្នកដែលពុះអុសនឹងមានគ្រោះថ្នាក់ដោយអុស។ 10 ប្រសិនបើផ្លែពូថៅរឹល ហើយគេមិនបានសំលៀងមុខទេ នោះត្រូវប្រើកម្លាំងច្រើន; រីឯប្រាជ្ញានាំមកនូវប្រយោជន៍។ 11 ប្រសិនបើពស់ចឹកមុនសូត្រមន្តអាគម នោះគ្មានប្រយោជន៍ដល់គ្រូចាប់ពស់ឡើយ។ 12 ពាក្យសម្ដីពីមាត់របស់មនុស្សមានប្រាជ្ញា ប្រកបដោយសេចក្ដីសន្ដោស រីឯបបូរមាត់របស់មនុស្សល្ងង់ បំផ្លាញខ្លួនឯងវិញ—— 13 ការចាប់ផ្ដើមនៃពាក្យសម្ដីពីមាត់របស់គេជាភាពល្ងង់ ហើយចុងបញ្ចប់នៃវាចារបស់គេជាភាពចម្កួតដ៏អាក្រក់។ 14 មនុស្សល្ងង់បង្កើនពាក្យសម្ដី។ គ្មានមនុស្សណាដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងក្រោយពីគេបាន? 15 ការនឿយហត់របស់មនុស្សល្ងង់ធ្វើឲ្យខ្លួនគេអស់កម្លាំង ពីព្រោះគេមិនដឹងថាទៅដល់ទីក្រុងយ៉ាងណាទេ។ 16 វេទនាដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនក្មេង ហើយពួកមេដឹកនាំរបស់អ្នកស៊ីផឹកនៅពេលព្រឹក! 17 មានពរដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនអភិជន ហើយពួកមេដឹកនាំរបស់អ្នកហូបតាមពេលដើម្បីមានកម្លាំង គឺមិនមែនដើម្បីស្រវឹងឡើយ! 18 ដោយសារតែភាពខ្ជិលច្រអូស ផ្ទោងដំបូលបាក់ចុះ ហើយដោយសារតែភាពខ្ជីខ្ជានៃដៃ ផ្ទះក៏លេចធ្លុះ។ 19 គេតែងតែរៀបចំជប់លៀងសម្រាប់ការសើចសប្បាយ ហើយស្រាទំពាំងបាយជូរធ្វើឲ្យជីវិតសប្បាយ ប៉ុន្តែប្រាក់ឆ្លើយតបនឹងអ្វីៗទាំងអស់។ 20 កុំប្រទេចផ្ដាសាស្ដេច ទោះបីជានៅក្នុងគំនិតរបស់អ្នកក៏ដោយ ហើយកុំប្រទេចផ្ដាសាអ្នកមាន នៅក្នុងបន្ទប់ដេករបស់អ្នកដែរ ដ្បិតបក្សាបក្សីនៅលើអាកាសអាចនាំសំឡេងទៅ ហើយសត្វស្លាបអាចប្រាប់ពាក្យនោះផង៕ |