ការកាត់ស្បែកជាសញ្ញានៃសម្ពន្ធមេត្រី1 លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ 2 យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ហើយបង្កើនចំនួនអ្នកឡើងយ៉ាងច្រើនក្រៃលែង”។ 3 អាប់រ៉ាមក៏ក្រាបមុខដល់ដី នោះព្រះមានបន្ទូលនឹងគាត់ទៀតថា៖ 4 “ចំពោះយើង មើល៍! នេះជាសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក គឺអ្នកនឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន! 5 ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។ 6 យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។ 7 យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។ 8 យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។ 9 ព្រះមានបន្ទូលនឹងអ័ប្រាហាំទៀតថា៖ “រីឯអ្នកវិញ អ្នកត្រូវរក្សាសម្ពន្ធមេត្រីរបស់យើង គឺអ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក រហូតដល់គ្រប់ជំនាន់របស់ពួកគេផង។ 10 នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។ 11 អ្នករាល់គ្នាត្រូវកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់អ្នករាល់គ្នា ហើយវានឹងក្លាយជាសញ្ញានៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។ 12 ក្មេងប្រុសដែលមានអាយុប្រាំបីថ្ងៃក្នុងចំណោមអ្នករាល់គ្នា ត្រូវតែទទួលពិធីកាត់ស្បែក គឺគ្រប់ទាំងមនុស្សប្រុសគ្រប់ជំនាន់របស់អ្នករាល់គ្នា ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេសណាក៏ដោយដែលមិនមែនជាពូជពង្សរបស់អ្នក។ 13 ទោះបីជាអ្នកដែលកើតក្នុងផ្ទះរបស់អ្នក ឬអ្នកដែលទិញដោយប្រាក់ក៏ដោយ ក៏ត្រូវតែទទួលពិធីកាត់ស្បែកជាដាច់ខាត។ ធ្វើដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងជាប់ក្នុងរូបសាច់របស់អ្នករាល់គ្នា ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។ 14 រីឯមនុស្សប្រុសដែលមិនទទួលពិធីកាត់ស្បែក ជាអ្នកដែលមិនបានកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ខ្លួន អ្នកនោះនឹងត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន ពីព្រោះគេបានផ្ដាច់សម្ពន្ធមេត្រីរបស់យើង”។ 15 ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។ 16 យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយនៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។ 17 អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។ 18 រួចអ័ប្រាហាំទូលព្រះថា៖ “ឱបើអ៊ីសម៉ាអែលអាចរស់នៅចំពោះព្រះអង្គទៅអេះ!”។ 19 ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។ 20 ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។ 21 ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ៊ីសាកដែលសារ៉ានឹងបង្កើតឲ្យអ្នក នាពេលនេះនៅឆ្នាំក្រោយ”។ 22 នៅពេលមានបន្ទូលនឹងគាត់ចប់ហើយ ព្រះក៏យាងឡើងទៅចេញពីអ័ប្រាហាំ។ 23 រួចអ័ប្រាហាំយកអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលកើតក្នុងផ្ទះរបស់គាត់មក ព្រមទាំងអស់អ្នកដែលទិញដោយប្រាក់ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នកផ្ទះរបស់អ័ប្រាហាំ ហើយកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ពួកគេនៅថ្ងៃដដែលនោះ ដូចដែលព្រះបានមានបន្ទូលនឹងគាត់។ 24 អ័ប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ ពេលគាត់កាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់គាត់ 25 រីឯអ៊ីសម៉ាអែលកូនប្រុសរបស់គាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់គាត់។ 26 នៅថ្ងៃដដែលនោះ អ័ប្រាហាំ និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ បានទទួលពិធីកាត់ស្បែក។ 27 មនុស្សប្រុសទាំងអស់ក្នុងផ្ទះរបស់គាត់ ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេស ក៏បានទទួលពិធីកាត់ស្បែកជាមួយគាត់ដែរ៕ |