ធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ1 នៅថ្ងៃទីបី មានពិធីមង្គលការមួយនៅកាណាក្នុងកាលីឡេ។ ម្ដាយរបស់ព្រះយេស៊ូវនៅទីនោះ 2 ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3 នៅពេលស្រាទំពាំងបាយជូរអស់ ម្ដាយរបស់ព្រះយេស៊ូវទូលព្រះអង្គថា៖ “គេគ្មានស្រាទំពាំងបាយជូរទេ”។ 4 ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។ 5 ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។ 6 នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់។ 7 ព្រះយេស៊ូវមានបន្ទូលនឹងពួកអ្នកបម្រើថា៖“ចូរចាក់ទឹកឲ្យពេញពាងទាំងនេះចុះ”។ ពួកគេក៏ចាក់ពេញដល់មាត់ពាង។ 8 បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ឥឡូវនេះ ចូរដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ”។ ពួកគេក៏យកទៅ។ 9 នៅពេលអ្នកគ្រប់គ្រងពិធីបានភ្លក់ទឹកដែលក្លាយជាស្រាទំពាំងបាយជូរហើយ ក៏មិនដឹងថាមកពីណាដែរ (ប៉ុន្តែពួកអ្នកបម្រើដែលដួសទឹកនោះបានដឹង)។ អ្នកគ្រប់គ្រងពិធីក៏ហៅកូនកំលោះមក 10 ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។ 11 ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។ 12 បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និងពួកសិស្សរបស់ព្រះអង្គចុះទៅកាពើណិម ហើយស្នាក់នៅទីនោះមិនយូរថ្ងៃទេ។ ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ13 បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅយេរូសាឡិម។ 14 ព្រះអង្គទតឃើញពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកដូរលុយ កំពុងអង្គុយនៅក្នុងព្រះវិហារ។ 15 ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។ 16 ព្រះអង្គមានបន្ទូលនឹងពួកអ្នកលក់ព្រាបថា៖“ចូរយករបស់ទាំងនេះចេញពីទីនេះទៅ! កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយ!”។ 17 ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា:“ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។ 18 បន្ទាប់មក ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលអ្នកធ្វើការទាំងនេះ តើអ្នកបង្ហាញទីសម្គាល់អ្វីដល់យើង?”។ 19 ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។ 20 ពួកយូដានិយាយថា៖ “ព្រះវិហារនេះសាងសង់អស់សែសិបប្រាំមួយឆ្នាំ តើអ្នកនឹងលើកឡើងវិញក្នុងបីថ្ងៃឬ?”។ 21 ប៉ុន្តែព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គទេ។ 22 ដូច្នេះ នៅពេលព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកសិស្សរបស់ព្រះអង្គនឹកឃើញថា ព្រះអង្គមានបន្ទូលអំពីការនេះហើយ នោះពួកគេក៏ជឿបទគម្ពីរ និងព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូល។ 23 ពេលព្រះអង្គគង់នៅយេរូសាឡិមក្នុងអំឡុងពេលបុណ្យរំលង មានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើ។ 24 ប៉ុន្តែព្រះយេស៊ូវ ព្រះអង្គផ្ទាល់មិនផ្ទុកផ្ដាក់អង្គទ្រង់នឹងពួកគេទេ ពីព្រោះព្រះអង្គឈ្វេងយល់មនុស្សទាំងអស់ 25 ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕ |