សុំព្រះឲ្យរំដោះពីមនុស្សអាក្រក់បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីមនុស្សអាក្រក់ សូមការពារទូលបង្គំពីមនុស្សហិង្សាផង! 2 ពួកគេគិតគូរការអាក្រក់នៅក្នុងចិត្ត; រៀងរាល់ថ្ងៃ ពួកគេបង្កសង្គ្រាម។ 3 ពួកគេសំលៀងអណ្ដាតរបស់ខ្លួនឲ្យដូចអណ្ដាតពស់; បបូរមាត់របស់ពួកគេបង្កប់ដោយពិសពស់វែក។ សេឡា 4 ព្រះយេហូវ៉ាអើយ សូមរក្សាទូលបង្គំពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ផង; សូមការពារទូលបង្គំពីមនុស្សហិង្សាដែលគិតគូរនឹងផ្ដួលជើងរបស់ទូលបង្គំផង។ 5 មនុស្សក្រអឺតក្រទមបានបង្កប់អង្គប់ និងខ្សែ ដើម្បីចាប់ទូលបង្គំ; ពួកគេបានរាយសំណាញ់នៅក្បែរផ្លូវ ក៏ដាក់អន្ទាក់ ដើម្បីចាប់ទូលបង្គំ។ សេឡា 6 ទូលបង្គំបានទូលដល់ព្រះយេហូវ៉ាថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ”។ ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង! 7 ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។ 8 ព្រះយេហូវ៉ាអើយ សូមកុំប្រទានឲ្យមនុស្សអាក្រក់តាមបំណងប្រាថ្នារបស់គេឡើយ; សូមកុំឲ្យផែនការអាក្រក់របស់គេបានជឿនទៅមុខឡើយ ក្រែងលោគេលើកខ្លួនឡើង! សេឡា 9 រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។ 10 សូមឲ្យរងើកភ្លើងធ្លាក់មកលើពួកគេ សូមឲ្យពួកគេត្រូវបានទម្លាក់ទៅក្នុងភ្លើង គឺទៅក្នុងរណ្ដៅដ៏ជ្រៅដែលពួកគេឡើងមកវិញមិនបានឡើយ! 11 សូមកុំឲ្យមនុស្សមួលបង្កាច់បាននៅស្ថិតស្ថេរនៅលើផែនដីឡើយ សូមឲ្យការអាក្រក់ប្រមាញ់យកមនុស្សហិង្សាយ៉ាងឆាប់រហ័ស! 12 ទូលបង្គំដឹងច្បាស់ថា ព្រះយេហូវ៉ានឹងអនុវត្តរឿងក្ដីរបស់មនុស្សទ័លក្រ ក៏នឹងអនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សខ្វះខាត។ 13 មនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជាប្រាកដ មនុស្សទៀងត្រង់នឹងរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ៕ |