ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 139 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 139

ព្រះសព្វញ្ញូ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ស្ទង់មើល​ទូលបង្គំ ហើយ​ស្គាល់​ទូលបង្គំ​។

2 ព្រះអង្គ​ទ្រង់​ជ្រាប​ពេលដែល​ទូលបង្គំ​អង្គុយ និង​ពេលដែល​ទូលបង្គំ​ក្រោកឡើង​; ព្រះអង្គ​ទ្រង់​ឈ្វេងយល់​គំនិត​របស់ទូលបង្គំ​ពី​ចម្ងាយ​។

3 ព្រះអង្គ​ទ្រង់​សង្កេតមើល​ការ​ធ្វើដំណើរ​របស់ទូលបង្គំ និង​ការ​ដេកសម្រាក​របស់ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ស្គាល់ច្បាស់​នូវ​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​។

4 ព្រះយេហូវ៉ា​អើយ សូម្បីតែ​ពាក្យសម្ដី​មិនទាន់មាន​នៅលើ​អណ្ដាត​របស់ទូលបង្គំ​ផង មើល៍! ព្រះអង្គ​ទ្រង់​ជ្រាប​ទាំងអស់​ហើយ​!

5 ព្រះអង្គ​បាន​ព័ទ្ធ​ទូលបង្គំ​ពីមុខពីក្រោយ ព្រមទាំង​ដាក់​ព្រះហស្ត​របស់ព្រះអង្គ​លើ​ទូលបង្គំ​ផង​។

6 ចំណេះដឹង​នេះ​អស្ចារ្យពេក​សម្រាប់​ទូលបង្គំ​; វា​ខ្ពស់​ពេក ដែល​ទូលបង្គំ​រកយល់មិនដល់​។

7 តើ​ទូលបង្គំ​នឹង​ទៅ​ឯណា​ឲ្យផុតពី​ព្រះវិញ្ញាណ​របស់ព្រះអង្គ​បាន​? តើ​ទូលបង្គំ​នឹង​រត់គេច​ទៅ​ឯណា​ឲ្យផុតពី​ព្រះវត្តមាន​របស់ព្រះអង្គ​បាន​?

8 ប្រសិនបើ​ទូលបង្គំ​ឡើងទៅ​ស្ថានសួគ៌ ព្រះអង្គ​នៅ​ទីនោះ​; ប្រសិនបើ​ទូលបង្គំ​រៀបគ្រែ​នៅ​ស្ថានមនុស្សស្លាប់ មើល៍! ព្រះអង្គ​នៅទីនោះដែរ​!

9 ប្រសិនបើ​ទូលបង្គំ​ត្រដាង​ស្លាប​នៃ​អរុណ​ទៅ​រស់នៅ​ចុងម្ខាង​នៃ​សមុទ្រ

10 សូម្បីតែ​នៅ​ទីនោះ ព្រះហស្ត​របស់ព្រះអង្គ​នឹង​ដឹកនាំ​ទូលបង្គំ ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​កាន់​ទូលបង្គំ​។

11 ប្រសិនបើ​ទូលបង្គំ​និយាយថា​៖ “ភាពងងឹត​នឹង​គ្របបាំង​ខ្ញុំ​ជាប្រាកដ ហើយ​ពន្លឺ​នៅ​ជុំវិញ​ខ្ញុំ​នឹងត្រឡប់ជា​យប់”

12 ក៏​ភាពងងឹត​នឹង​មិន​ងងឹត​ដល់​ព្រះអង្គ​ដែរ ហើយ​យប់​នឹង​ភ្លឺ​ដូចជា​ថ្ងៃ គឺ​ភាពងងឹត​ក៏​ដូចជា​ពន្លឺ​ដែរ​។

13 គឺ​ព្រះអង្គ​ហើយ ដែល​និម្មិតបង្កើត​គ្រឿងក្នុង​របស់ទូលបង្គំ ព្រះអង្គ​បាន​ក្រងចេញជា​ទូលបង្គំ​ឡើង​នៅក្នុង​ផ្ទៃ​ម្ដាយ​ទូលបង្គំ​។

14 ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ពីព្រោះ​ទូលបង្គំ​ត្រូវបាន​បង្កើត​មក​យ៉ាងអស្ចារ្យ​គួរឲ្យស្ញែងខ្លាច​; កិច្ចការ​របស់ព្រះអង្គ​សុទ្ធតែ​អស្ចារ្យ ហើយ​ព្រលឹង​របស់ទូលបង្គំ​ដឹង​យ៉ាងច្បាស់​។

15 គ្រោងឆ្អឹង​ទូលបង្គំ​មិន​ត្រូវបាន​លាក់​ពី​ព្រះអង្គ​ឡើយ កាល​ទូលបង្គំ​ត្រូវបាន​បង្កើត​នៅក្នុង​ទីលាក់កំបាំង កាល​ទូលបង្គំ​ត្រូវបាន​ប៉ាក់ឡើង​នៅក្នុង​ទីជម្រៅ​នៃ​ផែនដី​។

16 ព្រះនេត្រ​របស់ព្រះអង្គ​បាន​ទត​ឃើញ​សារធាតុ​របស់ទូលបង្គំ​ដែលមិនទាន់ចេញជារូបរាង​; ថ្ងៃ​ដែល​ត្រូវបាន​កំណត់​សម្រាប់ទូលបង្គំ គឺ​គ្រប់​ថ្ងៃទាំងនោះ ត្រូវបាន​កត់ត្រាទុក​ក្នុង​បញ្ជី​របស់ព្រះអង្គ កាល​មិនទាន់​មានថ្ងៃ​ណាមួយ​នៃ​ថ្ងៃទាំងនោះ​នៅឡើយ​។

17 ឱ​ព្រះ​អើយ គំនិត​របស់ព្រះអង្គ​មានតម្លៃ​ដល់​ទូលបង្គំ​យ៉ាងណាហ្ន៎​! ចំនួន​នៃ​គំនិតទាំងនោះ​មានច្រើន​យ៉ាងណាហ្ន៎​!

18 ប្រសិនបើ​ទូលបង្គំ​បាន​រាប់ នោះ​មានច្រើន​ជាង​គ្រាប់ខ្សាច់​ទៅទៀត​; ពេល​ទូលបង្គំ​ភ្ញាក់ឡើង នោះ​ទូលបង្គំ​នៅជាមួយ​ព្រះអង្គ​នៅឡើយ​!

19 ឱបើ​ព្រះ​ប្រហារ​មនុស្ស​អាក្រក់​ទៅអេះ! មនុស្ស​បង្ហូរឈាម​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​!

20 ដ្បិត​ពួកគេ​និយាយ​ទាស់នឹង​ព្រះអង្គ​ដោយ​កលល្បិច​; ពួក​សត្រូវ​របស់ព្រះអង្គ​លើកយក​ព្រះនាមរបស់ព្រះអង្គ​ជា​ឥតប្រយោជន៍​។

21 ព្រះយេហូវ៉ា​អើយ តើ​ទូលបង្គំ​មិន​ស្អប់​អ្នកដែល​ស្អប់​ព្រះអង្គ​ទេ​ឬ​? តើ​ទូលបង្គំ​មិន​ស្អប់ខ្ពើម​អ្នកដែលក្រោកឡើងប្រឆាំងនឹង​ព្រះអង្គ​ទេ​ឬ​?

22 ទូលបង្គំ​បាន​ស្អប់​ពួកគេ​ដោយ​សម្អប់​ដ៏ពេញទំហឹង ពួកគេ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ទូលបង្គំ​។

23 ឱ​ព្រះ​អើយ សូម​ស្ទង់មើល​ទូលបង្គំ ហើយ​ជ្រាប​ចិត្ត​របស់ទូលបង្គំ​ផង​! សូម​ពិសោធ​ទូលបង្គំ ហើយ​ជ្រាប​គំនិត​របស់ទូលបង្គំ​ផង​!

24 សូម​ទត​មើល​ថា​តើ​មាន​ផ្លូវ​ដែល​ធ្វើឲ្យព្រួយព្រះហឫទ័យ​នៅក្នុង​ទូលបង្គំ​ឬយ៉ាងណា ហើយ​សូម​ដឹកនាំ​ទូលបង្គំ​ក្នុង​ផ្លូវ​ដ៏អស់កល្បជានិច្ច​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative