Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 140 - ព្រះគម្ពីរខ្មែរសាកល


សុំព្រះឲ្យរំដោះពីមនុស្សអាក្រក់
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ផង​!

2 ពួកគេ​គិតគូរ​ការអាក្រក់​នៅក្នុង​ចិត្ត​; រៀងរាល់ថ្ងៃ ពួកគេ​បង្ក​សង្គ្រាម​។

3 ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា

4 ព្រះយេហូវ៉ា​អើយ សូម​រក្សា​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​ផង​; សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ដែល​គិតគូរ​នឹង​ផ្ដួល​ជើង​របស់ទូលបង្គំ​ផង​។

5 មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា

6 ទូលបង្គំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ”។ ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​!

7 ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ ជា​កម្លាំង​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ព្រះអង្គ​បាន​គ្របបាំង​ក្បាល​របស់ទូលបង្គំ​នៅ​ថ្ងៃ​នៃ​សង្គ្រាម​។

8 ព្រះយេហូវ៉ា​អើយ សូម​កុំ​ប្រទានឲ្យ​មនុស្ស​អាក្រក់​តាម​បំណងប្រាថ្នា​របស់គេ​ឡើយ​; សូម​កុំឲ្យ​ផែនការអាក្រក់​របស់គេ​បាន​ជឿនទៅមុខ​ឡើយ ក្រែងលោ​គេ​លើក​ខ្លួន​ឡើង​! សេឡា

9 រីឯ​ក្បាល​របស់​ពួកអ្នកដែល​ឡោមព័ទ្ធ​ទូលបង្គំ សូមឲ្យ​សេចក្ដីអន្តរាយ​នៃ​បបូរមាត់​របស់ពួកគេ គ្របដណ្ដប់​ក្បាលរបស់ពួកគេ​។

10 សូមឲ្យ​រងើកភ្លើង​ធ្លាក់​មកលើ​ពួកគេ សូមឲ្យ​ពួកគេ​ត្រូវបាន​ទម្លាក់​ទៅក្នុង​ភ្លើង គឺ​ទៅក្នុង​រណ្ដៅដ៏ជ្រៅ​ដែល​ពួកគេ​ឡើងមកវិញ​មិនបានឡើយ​!

11 សូម​កុំឲ្យ​មនុស្ស​មួលបង្កាច់​បាន​នៅស្ថិតស្ថេរ​នៅលើ​ផែនដី​ឡើយ សូមឲ្យ​ការ​អាក្រក់​ប្រមាញ់យក​មនុស្ស​ហិង្សា​យ៉ាងឆាប់រហ័ស​!

12 ទូលបង្គំ​ដឹងច្បាស់​ថា ព្រះយេហូវ៉ា​នឹង​អនុវត្ត​រឿងក្ដី​របស់​មនុស្ស​ទ័លក្រ ក៏​នឹង​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្ស​ខ្វះខាត​។

13 មនុស្ស​សុចរិត​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​ជាប្រាកដ មនុស្ស​ទៀងត្រង់​នឹង​រស់នៅ​ក្នុង​ព្រះវត្តមាន​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម