ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 109 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 109

សេចក្ដីអធិស្ឋានទាស់នឹងសត្រូវ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 ព្រះ​នៃ​សេចក្ដីសរសើរតម្កើង​របស់ទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​ឡើយ​!

2 ដ្បិត​មាត់​អាក្រក់ និង​មាត់​បោកបញ្ឆោត​បាន​បើក​ទាស់នឹង​ទូលបង្គំ ហើយ​និយាយ​ទាស់នឹង​ទូលបង្គំ​ដោយ​អណ្ដាត​ភូតភរ

3 ក៏​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ពាក្យ​នៃ​សម្អប់ ហើយ​វាយប្រហារ​ទូលបង្គំ​ដោយគ្មានមូលហេតុ​។

4 ពួកគេ​ចោទប្រកាន់​ទូលបង្គំ​ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំមានតែ​សេចក្ដីអធិស្ឋាន​ប៉ុណ្ណោះ​។

5 ពួកគេ​តបសង​ការអាក្រក់​ដល់​ទូលបង្គំ ស្នងនឹង​ការល្អ ហើយ​តបសង​សម្អប់ ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ​។

6 សូម​តាំង​មនុស្ស​អាក្រក់​ទាស់នឹង​គេ ហើយ​ឲ្យ​អ្នកចោទប្រកាន់​ឈរ​នៅ​ខាងស្ដាំ​គេ​។

7 កាលណា​គេ​ត្រូវបាន​ជំនុំជម្រះ សូមឲ្យ​ការ​អាក្រក់​របស់គេ​ត្រូវបាន​លាតត្រដាង សូមឲ្យ​សេចក្ដីអធិស្ឋាន​របស់គេ​ត្រឡប់ជា​បាប​។

8 សូមឲ្យ​ថ្ងៃអាយុ​របស់គេ​ទៅជា​តិច សូមឲ្យ​អ្នកផ្សេង​ទទួល​មុខងារ​របស់គេ​។

9 សូមឲ្យ​កូន​ៗ​របស់គេ​ទៅជា​កូនកំព្រា ហើយ​ឲ្យ​ប្រពន្ធ​របស់គេ​ទៅជា​ស្ត្រីមេម៉ាយ​។

10 សូមឲ្យ​កូន​ៗ​របស់គេ​ដើរសាត់អណ្ដែត ហើយ​សុំទាន ព្រមទាំង​ស្វែងរក​អាហារ ឆ្ងាយពី​ទីបាក់បែក​ដែលជាលំនៅ​របស់ពួកវា​។

11 សូមឲ្យ​ម្ចាស់បំណុល​រឹបអូសយក​អ្វីៗ​ទាំងអស់​ដែល​គេ​មាន សូមឲ្យ​ជនមិនស្គាល់​ប្លន់យក​ផលពីការនឿយហត់​របស់គេ​។

12 សូម​កុំឲ្យ​មាន​អ្នកណា​លាត​សេចក្ដីសប្បុរស​ដល់​គេ​ឡើយ ហើយកុំឲ្យ​មាន​អ្នកណា​មេត្តា​ដល់​ពួក​កូនកំព្រា​របស់គេ​ដែរ​។

13 សូមឲ្យ​ពូជពង្ស​របស់គេ​ត្រូវបាន​កាត់ចេញ ទាំង​ឲ្យ​ឈ្មោះ​របស់គេ​ត្រូវបាន​លុបចេញ​ពី​ជំនាន់​ក្រោយ​ដែរ​។

14 សូមឲ្យ​អំពើទុច្ចរិត​របស់​ដូនតា​គេ​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​កុំឲ្យ​បាប​របស់​ម្ដាយ​គេ​ត្រូវបាន​លុបចេញ​ឡើយ​។

15 សូមឲ្យ​បាបទាំងនោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជានិច្ច សូមឲ្យ​ព្រះអង្គ​កាត់​ការនឹកចាំ​អំពី​គេ​ចេញ​ពី​ផែនដី

16 ពីព្រោះ​គេ​មិន​បាន​នឹកចាំ​ថា​ត្រូវ​អនុវត្ត​សេចក្ដីសប្បុរស​ឡើយ ផ្ទុយទៅវិញ គេ​បាន​តាមបៀតបៀន​មនុស្ស​ទ័លក្រ និង​ខ្វះខាត ហើយ​ប្រគល់​អ្នកដែល​បាក់ទឹកចិត្ត​ឲ្យទៅស្លាប់​។

17 គេ​ចូលចិត្ត​ដាក់បណ្ដាសា ដូច្នេះ​សូមឲ្យ​បណ្ដាសា​ធ្លាក់មក​លើ​គេ គេ​មិន​ពេញចិត្ត​នឹង​ពរ ដូច្នេះ​សូមឲ្យ​ពរ​ចេញឆ្ងាយ​ពី​គេ​។

18 គេ​បាន​ស្លៀកពាក់​បណ្ដាសា​ដូច​អាវវែង ដូច្នេះ សូមឲ្យ​វា​ជ្រាបចូល​ទៅ​ខាងក្នុង​គេ​ដូច​ទឹក សូមឲ្យ​វា​ជ្រាបចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ប្រេង​។

19 សូមឲ្យ​វា​បាន​ដូច​សម្លៀកបំពាក់​ដែល​រុំ​លើ​គេ និង​ដូច​ខ្សែក្រវាត់​ដែល​គេ​ក្រវាត់​ជានិច្ច​។

20 សូមឲ្យ​ការនេះ​បានជា​ថ្លៃឈ្នួល​ពី​ព្រះយេហូវ៉ា​ដល់​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ និង​ពួកអ្នកដែល​និយាយ​អាក្រក់​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ​។

21 រីឯ​ព្រះអង្គ​វិញ ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ​អើយ សូម​ប្រព្រឹត្ត​ដល់​ទូលបង្គំ ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​ផង​; ដោយសារ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ សូម​រំដោះ​ទូលបង្គំ​ផង​!

22 ដ្បិត​ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត រីឯ​ចិត្ត​របស់ទូលបង្គំ​ក៏​រងរបួស​នៅ​ខាងក្នុង​ទូលបង្គំ​ដែរ​។

23 ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ស្រមោល​ដែល​ជ្រេទៅ ហើយ​ត្រូវបាន​រលាស់ចេញ​ដូចជា​កណ្ដូប​។

24 ជង្គង់​របស់ទូលបង្គំ​ទន់​ដោយសារតែ​ការតមអាហារ ហើយ​រូបកាយ​របស់ទូលបង្គំ​ក៏​ស្គមស្គាំង​លែងធាត់​។

25 ទូលបង្គំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួកគេ​; កាលណា​ពួកគេ​ឃើញ​ទូលបង្គំ ពួកគេ​ក៏​គ្រវី​ក្បាល​។

26 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ផង​! សូម​សង្គ្រោះ​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​!

27 សូមឲ្យ​ពួកគេ​ដឹង​ថា​នេះ​ជា​ព្រះហស្ត​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ធ្វើ​ការនេះ​។

28 ទុកឲ្យ​ពួកគេ​ដាក់បណ្ដាសា​ចុះ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​ប្រទានពរ​; កាលណា​ពួកគេ​ក្រោកឡើង ពួកគេ​នឹង​អាម៉ាស់មុខ រីឯ​បាវបម្រើ​របស់ព្រះអង្គ​នឹង​អរសប្បាយ​។

29 សូមឲ្យ​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​ភាពអាប់យស ហើយ​ត្រូវបាន​គ្របដណ្ដប់​ដោយ​សេចក្ដីអាម៉ាស់​របស់ខ្លួន ដូច​អាវវែង​!

30 ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​យ៉ាងខ្លាំង ដោយ​មាត់​របស់ខ្ញុំ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​មនុស្ស​ជាច្រើន​។

31 ដ្បិត​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​មនុស្ស​ខ្វះខាត ដើម្បី​សង្គ្រោះ​ពួកគេ​ពី​ពួកអ្នកដែល​ផ្ដន្ទាទោស​ព្រលឹង​របស់ពួកគេ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative