Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 108 - ព្រះគម្ពីរខ្មែរសាកល


អង្វរសុំជ័យជម្នះ
ចម្រៀង​មួយ ជា​បទតម្កើង​របស់​ដាវីឌ​។

1 ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​; ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​អស់ពី​ព្រលឹង​របស់ទូលបង្គំ​។

2 ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!

3 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​!

4 ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ធំ​ជាង​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដល់​ពពក​។

5 ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​នៅលើ​ផែនដី​ទាំងមូល​!

6 សូម​សង្គ្រោះ​ដោយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ សូម​ព្រះអង្គ​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​ត្រូវបាន​រំដោះឲ្យរួច​។

7 ព្រះ​មានបន្ទូល​ក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​លោតកញ្ឆេង យើង​នឹង​បែងចែក​ស៊ីគែម យើង​នឹង​វាស់​ជ្រលងភ្នំ​ស៊ូកូថ​។

8 កាឡាត​ជារបស់​យើង ម៉ាណាសេ​ក៏​ជារបស់​យើង​ដែរ រីឯ​អេប្រាអិម​ជា​មួកសឹក​របស់យើង យូដា​ជា​ដំបងរាជ្យ​របស់យើង​។

9 ម៉ូអាប់​ជា​អាងលាងសម្អាត​របស់យើង​; យើង​នឹង​បោះ​ស្បែកជើង​របស់យើង​ទៅលើ​អេដំ ក៏​ស្រែកដោយមានជ័យជម្នះ​លើ​ភីលីស្ទីន”។

10 តើ​នរណា​នឹង​នាំ​ខ្ញុំ​ទៅ​ទីក្រុង​ដ៏រឹងមាំ​? តើ​នរណា​នឹង​នាំផ្លូវ​ខ្ញុំ​ទៅ​អេដំ​?

11 ឱ​ព្រះ​អើយ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​បោះបង់​យើងខ្ញុំ​ចោល​? ឱ​ព្រះ​អើយ ព្រះអង្គ​ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។

12 សូម​ប្រទាន​ជំនួយ​ដល់​យើងខ្ញុំ​ទាស់នឹង​បច្ចាមិត្ត​ផង ដ្បិត​ការសង្គ្រោះ​ពី​មនុស្ស​ជា​សេចក្ដីឥតប្រយោជន៍​។

13 តាមរយៈ​ព្រះ យើងខ្ញុំ​នឹង​ប្រព្រឹត្ត​យ៉ាងខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​បច្ចាមិត្ត​របស់យើងខ្ញុំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម