ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 104 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 104

ថ្វាយពរព្រះអាទិករ

1 ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ធំឧត្ដម​ណាស់ ព្រះអង្គ​បាន​ពាក់​សិរីរុងរឿង និង​អានុភាព​ជាព្រះពស្ត្រ​!

2 ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។

3 ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។

4 ព្រះអង្គ​ទ្រង់​យក​ខ្យល់​ធ្វើជា​អ្នកនាំសារ​របស់ព្រះអង្គ ហើយ​យក​ភ្លើងសន្ធោសន្ធៅ​ធ្វើជា​អ្នកបម្រើ​របស់ព្រះអង្គ​។

5 ព្រះអង្គ​បាន​តាំង​ផែនដី​ឡើង​នៅលើ​គ្រឹះ​របស់វា ដើម្បី​កុំឲ្យ​វា​រង្គើ​ឡើយ គឺ​ជារៀងរហូតអស់កល្បជានិច្ច​។

6 ព្រះអង្គ​បាន​គ្របដណ្ដប់​ផែនដី​ដោយ​ទីជម្រៅ​ដូច​សម្លៀកបំពាក់​; ទឹក​ដ៏ច្រើន​ឈរ​ខ្ពស់ជាង​ភ្នំ​នានា​។

7 ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ ទឹកដ៏ច្រើន​ក៏​រត់គេច ដោយសារតែ​សំឡេង​ផ្គរលាន់​របស់ព្រះអង្គ វា​ក៏​ប្រញាប់រត់ចេញ​;

8 ទឹកដ៏ច្រើន​បាន​ឡើងទៅ​លើ​ភ្នំ​នានា រួច​ចុះទៅ​ក្នុង​ជ្រលងភ្នំ​ទាំងឡាយ ឆ្ពោះទៅ​កន្លែង​ដែល​ព្រះអង្គ​បាន​កំណត់​សម្រាប់​វា​។

9 ព្រះអង្គ​បាន​ដាក់​ព្រំប្រទល់ មិនឲ្យ​វា​ហូររំលង​បាន ដើម្បី​កុំឲ្យ​វា​ត្រឡប់មក​គ្របលើ​ផែនដី​វិញ​។

10 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ប្រភពទឹក​ផុសឡើង​ក្នុង​ជ្រលងភ្នំ​នានា វា​ក៏​ហូរ​នៅចន្លោះ​ភ្នំ​ទាំងឡាយ

11 ហើយ​ឲ្យ​អស់ទាំង​សត្វព្រៃ​នៃ​ទីវាល​ផឹក​ពីវា​; លាព្រៃ​ក៏​រម្លត់​សម្រេក​របស់វា​ដែរ​។

12 បក្សាបក្សីនៅលើអាកាស​រស់នៅ​ក្បែរ​ផ្លូវទឹកទាំងនោះ ហើយ​បន្លឺ​សំឡេង​នៅតាម​មែកឈើ​។

13 ព្រះអង្គ​ស្រោចទឹក​លើ​ភ្នំ​នានា ពី​បន្ទប់ខាងលើ​របស់ព្រះអង្គ​; ផែនដី​នឹង​ឆ្អែត​ដោយ​ផល​នៃ​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

14 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្មៅ​ដុះឡើង​សម្រាប់​សត្វស្រុក ក៏​ធ្វើឲ្យ​ដំណាំបន្លែ​ដុះឡើង​សម្រាប់​ជា​ការងារ​ដល់​មនុស្ស ដើម្បីឲ្យ​គេ​ទាញយក​អាហារ​ពី​ផែនដី​។

15 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ចិត្ត​មនុស្ស​អរសប្បាយ​ដោយ​ស្រាទំពាំងបាយជូរ ក៏​ធ្វើឲ្យ​មុខ​គេ​ភ្លឺរលោង​ដោយ​ប្រេងអូលីវ ហើយ​ទ្រទ្រង់​ចិត្ត​មនុស្ស​ដោយ​អាហារ​។

16 ដើមឈើ​ទាំងឡាយ​របស់​ព្រះយេហូវ៉ា​នឹង​បានទឹកបរិបូរ គឺ​ដើមស៊ីដា​នៅ​លីបង់​ដែល​ព្រះអង្គ​បាន​ដាំ

17 ជា​កន្លែងដែល​បក្សាបក្សី​ធ្វើសម្បុក​នៅ​ទីនោះ រីឯ​សត្វក្រសារ​មាន​ដើមស្រល់​ជា​លំនៅ​របស់វា​។

18 ភ្នំ​ខ្ពស់​ទាំងឡាយ​គឺ​សម្រាប់​ពពែព្រៃ ចំណោតថ្ម​ជា​ជម្រក​សម្រាប់​ទន្សាយថ្ម​។

19 ព្រះអង្គ​បាន​បង្កើត​ព្រះចន្ទ​ដើម្បី​កំណត់​រដូវ រីឯ​ព្រះអាទិត្យ​ក៏​ដឹង​ពេលដែល​វា​ត្រូវលិច​។

20 ព្រះអង្គ​ដាក់​ភាពងងឹត នោះ​វា​ក៏​ទៅជា​យប់ ជា​ពេល​ដែល​អស់ទាំង​សត្វ​ព្រៃ​វារចេញមក​។

21 សិង្ហស្ទាវ​គ្រហឹម​រក​រំពា ព្រមទាំង​ស្វែងរក​ចំណី​របស់វា​ពី​ព្រះ​។

22 កាលណា​ព្រះអាទិត្យ​រះឡើង វា​ក៏​ប្រមូលគ្នា​ទៅ​ដេក​នៅក្នុង​រូង​របស់វា​វិញ​។

23 មនុស្ស​ក៏​ចេញមក​ធ្វើ​ការងារ​របស់ខ្លួន គឺ​បញ្ចេញ​ពលកម្ម​រហូតដល់​ល្ងាច​។

24 ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។

25 នៅ​ទីនោះ មាន​សមុទ្រ​ដ៏ធំ​ល្វឹងល្វើយ​; ក្នុង​នោះ មាន​សត្វហែលរវើក​ច្រើនឥតគណនា គឺ​សត្វមានជីវិត​ទាំង​តូច ទាំង​ធំ​។

26 នៅ​ទីនោះ មាន​នាវា​ទៅមក ក៏មានសត្វ​ឡេវីអាថាន​ដែល​ព្រះអង្គ​បាន​សូនឡើង ដើម្បីឲ្យ​លេង​នៅ​ទីនោះ​ដែរ​។

27 សត្វ​ទាំងអស់​នោះ​រំពឹងមើលទៅ​ព្រះអង្គ ដើម្បីឲ្យ​ព្រះអង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​។

28 នៅពេល​ព្រះអង្គ​ប្រទាន​ដល់​វា វា​ក៏​ប្រមូលយក នៅពេល​ព្រះអង្គ​លា​ព្រះហស្ត​របស់ព្រះអង្គ វា​ក៏​ឆ្អែត​ដោយរបស់​ល្អ​។

29 នៅពេល​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ វា​ក៏​តក់ស្លុត នៅពេល​ព្រះអង្គ​ប្រមូលយក​ខ្យល់ដង្ហើម​វា វា​ក៏​ផុតដង្ហើម ហើយ​ត្រឡប់ជា​ធូលីដី​វិញ​។

30 ព្រះអង្គ​ទ្រង់​ចាត់​ខ្យល់ដង្ហើម​របស់ព្រះអង្គ​ឲ្យមក នោះ​វា​ក៏​ត្រូវបាន​និម្មិតបង្កើត ហើយ​ព្រះអង្គ​ស្ដារ​ផ្ទៃ​ផែនដី​ឡើងវិញ​!

31 សូមឲ្យ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នៅស្ថិតស្ថេរ​ជារៀងរហូត សូមឲ្យ​ព្រះយេហូវ៉ា​បាន​អរសប្បាយ​នឹង​ស្នាព្រះហស្ត​របស់ព្រះអង្គ​!

32 នៅពេល​ព្រះអង្គ​ទត​មើល​មក​ផែនដី វា​ក៏​ញ័ររន្ធត់ នៅពេល​ព្រះអង្គ​ទ្រង់​ពាល់​ភ្នំ​នានា វា​ក៏​ហុយឡើង​។

33 ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។

34 សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។

35 សូមឲ្យ​មនុស្សបាប​វិនាស​អស់​ពី​ផែនដី ហើយ​កុំឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative