Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 105 - ព្រះគម្ពីរខ្មែរសាកល


ភាពស្មោះត្រង់របស់ព្រះចំពោះប្រជារាស្ត្ររបស់ព្រះអង្គ

1 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​កិច្ចការ​របស់ព្រះអង្គ​ក្នុង​បណ្ដាជន​។

2 ចូរ​ច្រៀង​ទៅកាន់​ព្រះអង្គ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​សញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ

3 ចូរ​អួត​ក្នុង​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ ចូរឲ្យ​ចិត្ត​របស់​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា​បាន​អរសប្បាយឡើង​!

4 ចូរ​ប្រឹងរក​ព្រះយេហូវ៉ា និង​ព្រះចេស្ដា​របស់ព្រះអង្គ ចូរ​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​ជានិច្ច

5 ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ

6 ឱ​ពូជពង្ស​អ័ប្រាហាំ​ជា​បាវបម្រើ​របស់ព្រះអង្គ​អើយ ឱ​កូនចៅ​របស់​យ៉ាកុប​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ​អើយ​!

7 ព្រះអង្គ​ជា​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​; សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​នៅលើ​ផែនដី​ទាំងមូល​។

8 ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត ក៏​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់ រហូតដល់​មួយពាន់​តំណ

9 គឺសម្ពន្ធមេត្រី​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​អ័ប្រាហាំ និង​សម្បថ​របស់ព្រះអង្គ​ដល់​អ៊ីសាក​;

10 ព្រះអង្គ​បាន​ស្ថាបនា​សម្ពន្ធមេត្រីនេះ​ដល់​យ៉ាកុប​ទុកជា​បទបញ្ញត្តិ ដល់​អ៊ីស្រាអែល​ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច

11 ដោយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ដែនដី​កាណាន​ដល់​អ្នក ទុកជា​ចំណែក​មរតក​របស់អ្នករាល់គ្នា”។

12 កាលនោះ​ពួកគេ​មាន​ចំនួនតិច គឺ​តិចតួច​ណាស់ ហើយ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ស្រុកនោះ​;

13 ពួកគេ​ដើរសាត់អណ្ដែត​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ ពី​អាណាចក្រ​មួយ​ទៅ​សាសន៍​ផ្សេងទៀត​។

14 ព្រះអង្គ​មិន​បណ្ដោយឲ្យ​អ្នកណា​សង្កត់សង្កិន​ពួកគេ​ឡើយ ហើយ​ដោយយល់ដល់​ពួកគេ ព្រះអង្គ​ស្ដីបន្ទោស​បណ្ដា​ស្ដេច ថា​៖

15 “កុំ​ប៉ះពាល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់យើង ហើយ​កុំ​ធ្វើបាប​ពួក​ព្យាការី​របស់យើង​ឡើយ”។

16 ព្រះអង្គ​បាន​ហៅ​ទុរ្ភិក្ស​មក​លើ​ស្រុក​នោះ ព្រះអង្គ​បាន​បំផ្លាញ​ស្បៀងអាហារ​ទាំងអស់​។

17 ព្រះអង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យទៅ​មុន​ពួកគេ គឺ​យ៉ូសែប ដែល​ត្រូវបាន​លក់​ជា​ទាសករ​។

18 គេ​បាន​ធ្វើទុក្ខ​ជើង​គាត់​ដោយ​ខ្នោះ គេ​ដាក់​ច្រវាក់ដែក​នៅនឹង​ក​គាត់​។

19 ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​សាកល្បង​គាត់ រហូតដល់​ពេល​ដែល​ពាក្យ​របស់គាត់​បាន​សម្រេច​។

20 ស្ដេច​បាន​ចាត់​គេ​ឲ្យទៅ​ស្រាយ​គាត់ មេគ្រប់គ្រង​ប្រជាជន​បាន​ដោះលែង​គាត់​;

21 ទ្រង់​បាន​តាំង​គាត់​ជា​ចៅហ្វាយ​លើ​ដំណាក់​របស់ទ្រង់ ហើយ​តាំង​គាត់​ជា​មេគ្រប់គ្រង​លើ​អស់ទាំង​ទ្រព្យកម្មសិទ្ធិ​របស់ទ្រង់

22 ទាំង​ឲ្យ​ចាប់ចង​ពួក​មេដឹកនាំ​របស់ទ្រង់​តាមចិត្ត​គាត់ ហើយ​បង្រៀនប្រាជ្ញា​ដល់​ពួក​ចាស់ទុំ​របស់ទ្រង់​។

23 បន្ទាប់មក អ៊ីស្រាអែល​បាន​មក​ដល់​អេហ្ស៊ីប យ៉ាកុប​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​របស់​ហាំ​។

24 ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​កើនឡើង​យ៉ាងច្រើន ក៏​បាន​ធ្វើឲ្យ​ពួកគេ​ខ្លាំងពូកែ​ជាង​បច្ចាមិត្ត​របស់ពួកគេ​។

25 ព្រះអង្គ​បាន​បង្វែរ​ចិត្ត​របស់ពួកបច្ចាមិត្ត​ឲ្យ​ស្អប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ឲ្យ​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​ពួក​បាវបម្រើ​របស់ព្រះអង្គ​។

26 ព្រះអង្គ​បាន​ចាត់​ម៉ូសេ​បាវបម្រើ​របស់ព្រះអង្គ និង​អើរ៉ុន​ដែល​ព្រះអង្គ​បាន​ជ្រើសរើស ឲ្យមក​។

27 លោកទាំងពីរ​បាន​សម្ដែង​ទីសម្គាល់​របស់ព្រះអង្គ​ក្នុងចំណោម​ជនជាតិអេហ្ស៊ីប និង​ការអស្ចារ្យ​នៅ​ដែនដី​របស់​ហាំ​។

28 ព្រះអង្គ​បាន​បញ្ជូន​ភាពងងឹត​មក ហើយ​ធ្វើឲ្យ​ទឹកដីនោះ​ទៅជាងងឹត​; គ្មានអ្នកណា​បះបោរ​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ​បាន​ឡើយ​។

29 ព្រះអង្គ​បាន​ធ្វើឲ្យ​ទឹក​របស់ពួកគេ​ទៅជា​ឈាម ហើយ​ធ្វើឲ្យ​ត្រី​របស់ពួកគេ​ងាប់​។

30 ទឹកដី​របស់ពួកគេ​មាន​កង្កែប​ពពាក់ពពូន សូម្បីតែ​ក្នុង​ក្រឡាបន្ទំ​របស់​ស្ដេច​ពួកគេ​ផង​។

31 ព្រះអង្គ​មានបន្ទូល នោះ​ហ្វូងរបោម​ក៏​មក ហើយ​មាន​ហ្វូងសុច​ពេញ​តំបន់​ទាំងមូល​របស់ពួកគេ​។

32 ព្រះអង្គ​បាន​បង្អុរ​ដុំទឹកកក​លើ​ពួកគេ​ជំនួស​ភ្លៀង ក៏​បង្អុរ​អណ្ដាតភ្លើង​លើ​ទឹកដី​របស់ពួកគេ​។

33 ព្រះអង្គ​បាន​វាយ​ដើមទំពាំងបាយជូរ និង​ដើមល្វា​របស់ពួកគេ​ដែរ ព្រមទាំង​បំបាក់​ដើមឈើ​នៅ​តំបន់​របស់ពួកគេ​ផង​។

34 ព្រះអង្គ​មានបន្ទូល នោះ​កណ្ដូប​ក៏​មក ព្រមទាំង​មាន​កូនកណ្ដូប​ច្រើនឥតគណនា

35 ហើយ​វា​ត្របាក់ស៊ី​រុក្ខជាតិ​ទាំងអស់​នៅក្នុង​ស្រុក​របស់ពួកគេ ក៏​ត្របាក់ស៊ី​ភោគផល​ពី​ដី​របស់ពួកគេ​ដែរ​។

36 បន្ទាប់មក ព្រះអង្គ​បាន​វាយសម្លាប់​អស់ទាំង​កូនច្បង​នៅក្នុង​ស្រុក​របស់ពួកគេ គឺ​ផលដំបូង​នៃ​អស់ទាំង​កម្លាំង​របស់ពួកគេ​។

37 រួចមក ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្ររបស់ព្រះអង្គ​ចេញមក ព្រមទាំង​ប្រាក់ និង​មាស​ផង ហើយ​នៅក្នុង​កុលសម្ព័ន្ធ​របស់ព្រះអង្គ គ្មានអ្នកណា​ជំពប់​ឡើយ​។

38 កាល​ពួកគេ​បាន​ចេញមក អេហ្ស៊ីប​ក៏​អរសប្បាយ ដ្បិត​ការភិតភ័យ​ចំពោះ​ពួកគេ​បាន​ធ្លាក់​មកលើ​អេហ្ស៊ីបទាំងមូល​។

39 ព្រះអង្គ​បាន​លាត​ពពក​ធ្វើជា​របាំង ក៏​ប្រទាន​ភ្លើង​ដើម្បី​បំភ្លឺ​ទៅលើ​យប់​។

40 ពួកគេ​បាន​ទូល​សុំ នោះ​ព្រះអង្គ​ក៏​នាំ​សត្វក្រួច​មក ព្រមទាំង​ចម្អែត​ពួកគេ​ដោយ​នំប៉័ង​ពី​ស្ថានសួគ៌​។

41 ព្រះអង្គ​បាន​បើក​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ហូរ​ទៅក្នុង​ទីហួតហែង​ដូចជា​ទន្លេ​។

42 ដ្បិត​ព្រះអង្គ​បាន​នឹកចាំ​ព្រះបន្ទូល​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​អ័ប្រាហាំ​បាវបម្រើ​របស់ព្រះអង្គ​។

43 ដូច្នេះ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញមក​ដោយ​សេចក្ដីរីករាយ ក៏​បាន​នាំ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ​ចេញមក​ដោយ​សម្រែកហ៊ោសប្បាយ

44 ហើយ​ប្រទាន​ទឹកដី​របស់​ប្រជាជាតិ​នានា​ដល់​ពួកគេ នោះ​ពួកគេ​ក៏​ទទួល​ផលនៃការនឿយហត់​របស់​ជាតិសាសន៍​នានា​ជាមរតក

45 ដើម្បីឲ្យ​ពួកគេ​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ ហើយ​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម