ត្រៀមខ្លួនសម្រាប់បេសកកម្ម1 ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។ 2 ខណៈដែលពួកគេកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា៖ “ចូរញែកបារណាបាស និងសូលឲ្យយើង សម្រាប់ការងារដែលយើងបានហៅពួកគេឲ្យធ្វើ”។ 3 ដូច្នេះ ក្រោយពីតមអាហារ អធិស្ឋាន និងដាក់ដៃលើបារណាបាសនិងសូល ពួកគេក៏ចាត់អ្នកទាំងពីរឲ្យទៅ។ ការផ្សព្វផ្សាយនៅស៊ីពរ៍4 ដូច្នេះ អ្នកទាំងពីរត្រូវព្រះវិញ្ញាណដ៏វិសុទ្ធចាត់ឲ្យទៅ ក៏ចុះទៅសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅស៊ីពរ៍ 5 លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។ 6 នៅពេលដើរចុះឡើងលើកោះទាំងមូលរហូតដល់ប៉ាផុសហើយ ពួកគេក៏ប្រទះនឹងជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូវ ដែលជាគ្រូធ្មប់ និងជាព្យាការីក្លែងក្លាយ។ 7 គាត់នៅជាមួយអភិបាលឈ្មោះស៊ើគាសប៉ូឡូស ដែលជាមនុស្សឈ្លាសវៃ។ អភិបាលនេះចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះ ក៏ហៅបារណាបាស និងសូលមក។ 8 ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។ 9 ពេលនោះ សូលដែលគេហៅថាប៉ូល បានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏សម្លឹងមើលទៅអេលីម៉ាស 10 និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ? 11 ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។ 12 នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។ ការផ្សព្វផ្សាយនៅអាន់ទីយ៉ូកក្នុងពីស៊ីឌា13 ប៉ូល និងអ្នករួមដំណើរបានចុះសំពៅចេញពីប៉ាផុស ហើយទៅដល់ពើកាក្នុងប៉ាមភីលា។ ពេលនោះ យ៉ូហានម៉ាកុសបានចាកចេញពីពួកគេត្រឡប់ទៅយេរូសាឡិមវិញ។ 14 រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។ 15 បន្ទាប់ពីអានក្រឹត្យវិន័យ និងគម្ពីរព្យាការីរួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំក៏ឲ្យគេទៅឯអ្នកទាំងពីរ ដោយនិយាយថា៖ “បងប្អូនទាំងពីរអើយ បើសិនបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមនិយាយចុះ”។ 16 ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ! 17 ព្រះនៃជនជាតិអ៊ីស្រាអែលនេះ បានជ្រើសរើសដូនតារបស់យើង ហើយព្រះអង្គបានលើកតម្កើងជនជាតិនេះ កាលដែលពួកគេរស់នៅបណ្ដោះអាសន្ននៅដែនដីអេហ្ស៊ីប រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះដោយព្រះហស្តដ៏មានអំណាច។ 18 នៅទីរហោស្ថាន ព្រះអង្គបានទ្រាំនឹងពួកគេរយៈពេលប្រមាណជាសែសិបឆ្នាំ។ 19 ក្រោយពីបំផ្លាញប្រជាជាតិទាំងប្រាំពីរនៅដែនដីកាណាន ព្រះអង្គបានប្រទានទឹកដីនោះដល់ពួកគេជាមរតក។ 20 ការទាំងនេះបានកើតឡើងក្នុងរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះបានប្រទានពួកចៅហ្វាយដល់ពួកគេ រហូតដល់គ្រាព្យាការីសាំយូអែល។ 21 បន្ទាប់មក ពួកគេទាមទារចង់បានស្ដេច ដូច្នេះព្រះបានប្រទានសូលកូនរបស់គីស បុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដល់ពួកគេ ឲ្យធ្វើជាស្ដេចអស់រយៈពេលសែសិបឆ្នាំ។ 22 ក្រោយមក ព្រះបានដកសូលចេញ ហើយលើកដាវីឌឡើងជាស្ដេចសម្រាប់ពួកគេ ព្រមទាំងធ្វើបន្ទាល់អំពីដាវីឌថា: ‘យើងបានរកឃើញដាវីឌកូនរបស់អ៊ីសាយជាម្នាក់ដែលស្របនឹងចិត្តរបស់យើង គាត់នឹងប្រព្រឹត្តតាមបំណងទាំងអស់របស់យើង’។ 23 “គឺពីពូជពង្សដាវីឌនេះឯង ដែលព្រះបានប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវដល់អ៊ីស្រាអែល ស្របតាមសេចក្ដីសន្យា។ 24 មុនការយាងមករបស់ព្រះយេស៊ូវ យ៉ូហានបានប្រកាសទុកមុនអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ 25 នៅពេលយ៉ូហានជិតបញ្ចប់ដំណើរជីវិត គាត់និយាយថា: ‘តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ។ មើល៍! មានម្នាក់នឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងពីជើងរបស់លោកផង’។ 26 “បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើងហើយ។ 27 ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។ 28 ទោះបីជារកមិនឃើញទោសអ្វីដល់ស្លាប់ក៏ដោយ ក៏ពួកគេបានទាមទារពីឡាត់ឲ្យធ្វើគុតព្រះអង្គ។ 29 កាលបានបំពេញសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីព្រះអង្គឲ្យសម្រេចហើយ ពួកគេក៏យកព្រះអង្គចុះពីឈើ ហើយដាក់ក្នុងរូងផ្នូរ។ 30 ប៉ុន្តែព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! 31 ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន 32 ដូច្នេះយើងកំពុងប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អដែលត្រូវបានសន្យាដល់ដូនតារបស់យើង 33 គឺថាព្រះបានបំពេញសេចក្ដីសន្យានេះឲ្យសម្រេចដល់យើងដែលជាកូនចៅរបស់ពួកគាត់ ដោយលើកព្រះយេស៊ូវឲ្យរស់ឡើងវិញ ដូចដែលមានសរសេរទុកមកក្នុងទំនុកតម្កើងទីពីរដែរថា: ‘អ្នកជាកូនរបស់យើង ថ្ងៃនេះ យើងបានបង្កើតអ្នក’។ 34 ចំពោះការដែលព្រះបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដើម្បីកុំឲ្យត្រឡប់ទៅការរលួយវិញនោះ ព្រះក៏មានបន្ទូលដូច្នេះថា:‘យើងនឹងឲ្យពរដ៏វិសុទ្ធ និងពិតប្រាកដរបស់ដាវីឌដល់អ្នករាល់គ្នា’។ 35 ដូច្នេះ ព្រះបានមានបន្ទូលនៅក្នុងទំនុកតម្កើងមួយទៀតដែរថា:‘ព្រះអង្គនឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយឡើយ’។ 36 ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ 37 ក៏ព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញនោះ មិនបានជួបការរលួយឡើយ។ 38 ដូច្នេះ បងប្អូនអើយ សូមឲ្យបងប្អូនដឹងច្បាស់ថា ការលើកលែងទោសបាបត្រូវបានប្រកាសដល់អ្នករាល់គ្នាដោយសារតែព្រះអង្គនេះ។ ចំពោះការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានតាមរយៈក្រឹត្យវិន័យរបស់ម៉ូសេនោះ 39 អស់អ្នកដែលជឿនឹងត្រូវបានរាប់ជាសុចរិតតាមរយៈព្រះអង្គនេះឯង។ 40 ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងលោសេចក្ដីដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីបានកើតមានដល់អ្នករាល់គ្នា ដែលថា: 41 ‘មើល៍! ពួកអ្នកមើលងាយអើយ! ចូរភ្ញាក់ផ្អើល ហើយវិនាសទៅ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅសម័យរបស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿសោះឡើយ ទោះបីជាមានអ្នកណារៀបរាប់ប្រាប់យ៉ាងលម្អិតដល់អ្នករាល់គ្នាក៏ដោយ’ ”។ ប៉ូល និងបារណាបាសនៅអាន់ទីយ៉ូក42 នៅពេលប៉ូល និងបារណាបាសកំពុងចេញពីសាលាប្រជុំ ប្រជាជនបានអង្វរឲ្យនិយាយសេចក្ដីទាំងនេះដល់ពួកគេ នៅថ្ងៃសប្ប័ទខាងមុខទៀត។ 43 បន្ទាប់ពីការប្រជុំចប់ហើយ មានជនជាតិយូដាជាច្រើន និងអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះ បានទៅតាមប៉ូល និងបារណាបាស។ អ្នកទាំងពីរក៏សន្ទនាជាមួយពួកគេ ទាំងលើកទឹកចិត្តពួកគេឲ្យនៅជាប់ក្នុងព្រះគុណរបស់ព្រះ។ 44 លុះដល់ថ្ងៃសប្ប័ទបន្ទាប់ អ្នកក្រុងស្ទើរតែទាំងអស់បានជួបជុំគ្នា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ 45 ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។ 46 ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ 47 ដ្បិតព្រះអម្ចាស់បានបង្គាប់យើងដូច្នេះថា: ‘យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបានផ្ដល់សេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី’ ”។ 48 នៅពេលឮដូច្នេះ ពួកសាសន៍ដទៃក៏អរសប្បាយ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយអស់អ្នកដែលត្រូវបានកំណត់ឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។ 49 ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយទៅក្នុងស្រុកនោះទាំងមូល។ 50 ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។ 51 អ្នកទាំងពីរក៏រលាស់ធូលីចេញពីជើងទាស់នឹងពួកគេ រួចធ្វើដំណើរទៅអ៊ីកូនាម។ 52 រីឯពួកសិស្សបានពេញដោយអំណរ និងព្រះវិញ្ញាណដ៏វិសុទ្ធ៕ |