កិច្ចការ 12 - ព្រះគម្ពីរខ្មែរសាកលយ៉ាកុបត្រូវបានសម្លាប់ ពេត្រុសជាប់គុក 1 នៅគ្រានោះ ព្រះបាទហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងក្រុមជំនុំ។ 2 ទ្រង់បានសម្លាប់យ៉ាកុបបងប្រុសរបស់យ៉ូហានដោយដាវ 3 ហើយនៅពេលឃើញថាការនេះធ្វើឲ្យពួកយូដាពេញចិត្ត ទ្រង់ក៏ចាប់ពេត្រុសថែមទៀតដែរ។ ពេលនោះជាអំឡុងបុណ្យនំប៉័ងឥតមេ។ 4 លុះចាប់ពេត្រុសហើយ ហេរ៉ូឌក៏ដាក់គុកគាត់ដោយប្រគល់ឲ្យទាហានបួនក្រុមយាមគាត់ មួយក្រុមមានគ្នាបួននាក់។ ទ្រង់មានបំណងនាំគាត់ទៅដាក់នៅមុខប្រជាជន ក្រោយពីបុណ្យរំលង។ 5 ដូច្នេះ ពេត្រុសក៏ត្រូវឃុំឃាំងនៅក្នុងគុក រីឯក្រុមជំនុំវិញ ពួកគេបានអធិស្ឋានទៅព្រះយ៉ាងអស់ពីចិត្តសម្រាប់គាត់។ ពេត្រុសរួចពីគុក 6 នៅយប់មុនដែលហេរ៉ូឌរៀបនឹងនាំពេត្រុសចេញ ពេត្រុសកំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានពួកអ្នកយាមចាំយាមនៅមាត់ទ្វារគុកដែរ។ 7 ពេលនោះ មើល៍! ទូតសួគ៌របស់ព្រះអម្ចាស់មកឈរនៅក្បែរ ហើយមានពន្លឺភ្លឺចែងចាំងក្នុងគុក។ ទូតសួគ៌ក៏ដាស់ពេត្រុសឡើងដោយទះចំហៀងខ្លួនគាត់ ទាំងនិយាយថា៖ “ចូរក្រោកឡើងជាប្រញាប់!” នោះច្រវាក់ក៏របូតធ្លាក់ពីដៃទាំងពីររបស់គាត់។ 8 ទូតសួគ៌និយាយនឹងគាត់ថា៖ “ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងរបស់អ្នកទៅ!”។ គាត់ក៏ធ្វើតាម។ ទូតសួគ៌និយាយទៀតថា៖ “ចូរពាក់អាវវែងរបស់អ្នក ហើយមកតាមខ្ញុំ!”។ 9 ពេត្រុសក៏ចេញទៅតាមទូតសួគ៌ ប៉ុន្តែគាត់មិនបានដឹងថាហេតុការណ៍ដែលកំពុងតែកើតឡើងតាមរយៈទូតសួគ៌នោះជាការពិតទេ គឺគាត់គិតថាគាត់កំពុងឃើញនិមិត្ត។ 10 នៅពេលដើរផុតកន្លែងយាមទីមួយ និងទីពីរហើយ ពួកគេក៏មកដល់ទ្វារដែកដែលចេញទៅទីក្រុង ទ្វារនោះក៏បើកឲ្យពួកគេដោយខ្លួនវា។ បន្ទាប់ពីចេញផុតទៅ ពួកគេក៏ទៅតាមផ្លូវមួយ នោះទូតសួគ៌ក៏ចាកចេញពីគាត់ភ្លាម។ 11 ពេលនោះ ពេត្រុសបានដឹងខ្លួន ក៏និយាយថា៖ “ឥឡូវនេះខ្ញុំដឹងពិតប្រាកដថា ព្រះអម្ចាស់បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះខ្ញុំពីកណ្ដាប់ដៃរបស់ហេរ៉ូឌ និងពីការប៉ុនប៉ងទាំងអស់របស់ប្រជាជនយូដា”។ 12 កាលបានយល់ហើយ ពេត្រុសក៏ទៅផ្ទះរបស់ម៉ារាម្ដាយរបស់យ៉ូហាន ដែលគេហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។ 13 នៅពេលពេត្រុសគោះទ្វារខាងក្រៅ មានបាវបម្រើស្រីម្នាក់ឈ្មោះរ៉ូដាចេញមកសួរ។ 14 លុះស្គាល់ថាជាសំឡេងរបស់ពេត្រុស នាងអរសប្បាយពេក មិនបានបើកទ្វារឲ្យទេ បែរជារត់ចូលទៅប្រាប់ទាំងអស់គ្នាថាពេត្រុសឈរនៅមាត់ទ្វារ។ 15 ពួកគេនិយាយនឹងនាងថា៖ “នាងឆ្កួតហើយ!”។ ប៉ុន្តែនាងនៅតែអះអាងថាដូច្នេះមែន។ ដូច្នេះ ពួកគេក៏និយាយថា៖ “គឺទូតសួគ៌របស់គាត់ទេ”។ 16 រីឯពេត្រុសនៅតែបន្តគោះទ្វារ។ ពេលបើកទ្វារឃើញគាត់ ពួកគេក៏ភ្ញាក់ផ្អើល។ 17 ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។ 18 លុះភ្លឺឡើង មានការជ្រួលច្របល់មិនតិចទេក្នុងចំណោមពួកទាហាន ថាតើមានអ្វីកើតឡើងដល់ពេត្រុស។ 19 រីឯហេរ៉ូឌខំរកពេត្រុស ប៉ុន្តែរកមិនឃើញ ទ្រង់ក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យយកពួកគេទៅប្រហារជីវិត។ បន្ទាប់មក ហេរ៉ូឌយាងចុះពីយូឌាទៅសេសារា ហើយស្នាក់នៅទីនោះ។ ការសោយទិវង្គតរបស់ហេរ៉ូឌ 20 នៅគ្រានោះ ហេរ៉ូឌខ្ញាល់នឹងប្រជាជនទីរ៉ុស និងស៊ីដូនយ៉ាងក្រៃលែង។ ដូច្នេះ ពួកគេក៏ព្រមព្រៀងគ្នាមកគាល់ហេរ៉ូឌ ហើយសុំសន្តិភាព ដោយបញ្ចុះបញ្ចូលប្លាសតុសមន្ត្រីរក្សាដំណាក់ស្ដេច ពីព្រោះតំបន់របស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ 21 នៅថ្ងៃកំណត់ ហេរ៉ូឌគ្រងព្រះពស្ត្ររាជ្យ គង់លើបល្ល័ង្ក ហើយចាប់ផ្ដើមថ្លែងសុន្ទរកថាដល់ពួកគេ។ 22 ប្រជាជនក៏ស្រែកឡើងថា៖ “នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!”។ 23 រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។ 24 ដូច្នេះ ព្រះបន្ទូលរបស់ព្រះចម្រើនឡើងជាលំដាប់ ហើយឮសុសសាយកាន់តែខ្លាំងឡើង។ 25 ចំណែកឯបារណាបាស និងសូលបានបំពេញការងារបម្រើហើយ ក៏ត្រឡប់មកពីយេរូសាឡិមវិញ ទាំងនាំយ៉ូហានដែលគេហៅថាម៉ាកុសមកជាមួយដែរ៕ |